ថ្មីៗនេះ រូបភាពប៉ុន្មានសន្លឹក ដែលទំព័រហ្វេសប៊ុកហាងសាក់មួយឈ្មោះ «Kaeng Khoi» បង្ហាញពីភក្តីស្នេហ៍របស់បុរសម្នាក់ទៅកាន់ប្រពន្ធសំណព្វ តាមរយៈការសាក់រូប «សំបុត្រអាពាហ៍ពិពាហ៍ទាំងផ្ទាំងនៅលើដៃស្តាំ» ដោយភ្ជាប់ Caption សរសេរថា «អរគុណសម្រាប់ការប្រើប្រាស់សេវាកម្ម» បានកំពុងតែធ្វើឱ្យផ្ទុះការសរសើរពេញបណ្តាញសង្គមតែម្តង។
បើតាមសារព័ត៌មានមួយ ដែលបានទៅកាន់ហាងសាក់នោះ នៅក្នុងស្រុក Kaeng Khoi ខេត្ត Saraburi ដើម្បីជួបផ្ទាល់ បានឲ្យដឹងថា បុរសជាប្តីមានឈ្មោះ Ball អាយុ ៣៤ ឆ្នាំ និងប្រពន្ធឈ្មោះ Mon Doi អាយុ ៤៥ ឆ្នាំ។ ប្តីប្រពន្ធមួយគូនេះ បានស្រឡាញ់គ្នា១០ឆ្នាំមកហើយៗ បានរៀបការអស់រយៈពេលជាង៨ឆ្នាំ តាំងពីខែកក្កដា ឆ្នាំ២០១៤ ព្រមទាំងមានកូនម្នាក់អាយុ ៧ ឆ្នាំ ជាចំណងដៃស្នេហាជាមួយគ្នាផងដែរ។
ទាក់ទងរឿងនេះ លោក Ball បាននិយាយថា ជាធម្មតាគាត់ចូលចិត្តសាក់ទៅស្រាប់ទៅហើយ ហេតុនេះ គាត់ចង់សាក់រូបសំបុត្រអាពាហ៍ពិពាហ៍នៅលើដៃ ដើម្បីអោយប្រពន្ធដឹងថា គាត់មានសាក់ជាកាដូអោយប្រពន្ធ និងដើម្បីបង្ហាញពីក្តីស្រលាញ់ សម្រាប់ថ្ងៃបុណ្យនៃក្តីស្រលាញ់ផងដែរ។ លោក Ball ក៏បានបញ្ជាក់ថា « សាក់ដៃស្តាំបានធ្វើរួចហើយ តែសម្រាប់ដៃឆ្វេង គឺធានាថានឹងមិនមានស្នាមសាក់លើលិខិតលែងលះឡើយ។ ចំណែក ប្រពន្ធវិញ ក៏បានការសប្បាយចិត្តខ្លាំង ដែលប្តីក្លាហានហ៊ានសាក់សំបុត្រអាពាហ៍ពិពាហ៍នៅលើដៃ ហើយនាងក៏គិតចង់សាក់ដូចប្តីដែរ តែចាំបន្តិចទៀត!។
លោក Changchat Phothirat ដែលជាជាងសាក់ បាននិយាយថា គាត់មិនដែលសាក់សំបុត្រអាពាហ៍ពិពាហ៍ឱ្យអ្នកណាម្នាក់ពីមុនមកទេ ប៉ុន្តែនេះជាលើកទី១ហើយ ដែលបានចំណាយពេលរហូតដល់ ៨ ម៉ោង ដើម្បីធ្វើការងារមួយនេះដ៏ផ្ចិតផ្ចង់បំផុត។ តែទោះជាយ៉ាងណា លោកសប្បាយចិត្ត ចំពោះស្នាដៃដែលបានចេញមក និងពេលឃើញអតិថិជនញញឹមពេញចិត្តទាំងប្តីទាំងប្រពន្ធ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



