អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា ទាហ៊ានរបស់ប្រទេសមីយ៉ានម៉ា បានចាប់រំលោភជនជាតិភាគតិចរ៉ូហ៊ីងយ៉ាង ក្នុងកំឡុងមានអំពើហិង្សាប្រឆាំងនឹងក្រុមជនជាតិភាគតិចនេះនៅក្នុងរដ្ឋរ៉ាឃីន។
អ្នកស្រី Pramila Patten តំណាងពិសេសសំរាប់កិច្ចការផ្លូវភេទរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានធ្វើការអះអាងបែបនេះ ក្រោយពេលបានធ្វើដំណើរទៅទស្សនៈកិច្ចស្រុក Cox’s Bazar ប្រទេសបង់ក្លាដេស កន្លែងដែល មានជនជាតិរ៉ូហ៊ីងយ៉ាងជាង ៦១០.០០០សែននាក់កំពុងជ្រកកោន។
អ្នកស្រីថ្លែងថា អំពើឃោរឃៅមួយចំនួនប្រឆាំងនឹងក្រុមជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ាង អាចជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
អ្នកស្រីថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងរដ្ឋធានីដាកា (Dhaka)ថា “ខ្ញុំបានលឺរឿងដ៏រន្ធត់ជាច្រើន នៃការចាប់រំលោភ និងរំលោភបូក ហើយមានស្ត្រី និងក្មេងស្រីជាច្រើនបានស្លាប់ដោយសារការចាប់រំលោភទាំងនោះ”។
“ការសង្កេតរបស់ខ្ញុំបានចង្អុលបង្ហាញពីអំពើឃោរឃៅទូទាំងប្រទេស រួមមានអំពើហិង្សាផ្លូវភេទប្រឆាំងនឹងស្ត្រីជនជាតិរ៉ូហ៊ីងយ៉ាង និងក្មេងស្រី”។
អ្នកស្រីថ្លែងបន្តទៀតថា ទម្រង់នៃអំពើហិង្សាទាំងនោះ ដែលពួកយើងបានស្តាប់ឮពីជនរងគ្រោះ រួមមានការរំលោភបូកដោយទាហ៊ានមីយ៉ានម៉ាជាច្រើននាក់ ការបង្ខំឲ្យស្រាតជាសាធារណៈ និងទាសភាពផ្លូវភេទនៅក្នុងជំរុំយោធា។
អ្នកស្រីលើកឡើងទៀតថា “ជនរងគ្រោះដែលនៅរស់រានមានជីវិតមាន បាននិយាយថា គាត់ត្រូវបានឃុំខ្លួនដោយកងកម្លាំងមីយ៉ានម៉ាអស់រយៈពេល ៤៥ថ្ងៃ ហើយក្នុងកំឡុងពេលឃុំខ្លួន គាត់ត្រូវបានចាប់រំលោភជាច្រើនដង”។
អំពើហឹង្សានៅក្នុងរដ្ឋរ៉ាឃីន ប្រទេសមីយ៉ានម៉ាបានកើតឡើងចាប់តាំងពីខែកញ្ញាមក ក្រោយពេលក្រុមសកម្មប្រយុទ្ធរបស់រ៉ូហ៊ីងយ៉ាបានធ្វើការវាយឆ្មក់លើប៉ុស្តិ៍យាមរបស់ទាហ៊ានមីយ៉ានម៉ាជាច្រើនកន្លែង។
នៅក្នុងរដ្ឋរ៉ាឃីន មានជនជាតិរ៉ូហ៊ីយ៉ាចំនួនប្រហែល ១លាននាក់ ហើយជនជាតិនេះ បានរស់នៅក្នុងរដ្ឋមួយនេះអស់ជាច្រើនជំនាន់មកហើយ។ អំពើហិង្សាបានបណ្តាលឲ្យជនជាតិនេះរាប់សែននាក់ បានរត់ភៀសខ្លួនចេញពីតំបន់កំណើតរបស់ខ្លួន ទៅប្រទេសបង់ក្លាដេស៕ សុភ័ក្ត្រ