ភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រកួត Universal Women 2023 នាទីក្រុង ឌូបៃ ប្រទេស អារ៉ាប់រួម បានបិទបញ្ចប់ហើយកាលពីយប់ថ្ងៃទី២ កុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពី បេក្ខនារី នីមួយៗ ចំនួន៥០រូប បានមកប្រកួតប្រជែងស្នាដៃដាក់គ្នា អោយគណៈកម្មាការ បានឃើញ និង វាយតម្លៃ ដាក់ពិន្ទុ។ ជារឿងមួយដ៍ពិសេស ប្រទេសកម្ពុជាបានយកឈ្នះមកុដមួយដែរ ក្នុងវគ្គTop5 ដែលជាការខិតខំប្រឹងប្រែង ក្រោមស្នាដៃ តារាសម្តែង និងបង្ហាញម៉ូដ អ្នកនាង ប្រាសាទ ដាវីន។ នេះជាកាដូថ្មីមួយទើប ដែលកម្ពុជា ដណ្តើមបាន ត្រឹមដើមឆ្នាំ២០២៣។

ពិតជាមានមោទនភាព ខ្លាំងតែម្តង សម្រាប់មុខមាតប្រទេសកម្ពុជាយើង ដែលទទួលបាន ឱកាសថ្មីមួយទៀត ក្នុងការឈ្នះមកុដ លំដាប់ចក្រវាឡUniversal Women 2023។ ប្រាសាទ ដាវីន បានធ្វើឲ្យមុខមាត់ស្ត្រីកម្ពុជា មានការទទួលស្គាល់តាមរយៈការប្រកួតប្រជែង ដ៍ពូកែប្រកបដោយសមត្ថភាពពិតប្រាកដ។ ចំណាត់ថ្នាក់ដែល ទទួលបានមិនត្រឹមតែធ្វើអោយ ប្រាសាទដាវីន ពេញចិត្តនោះទេ តែក្នុងនាមនាង ជាកូនខ្មែរ ពិតជាមានមោទនភាព ដែលបានចូលរួមសាងស្នាដៃ ល្អកម្ររកបាន មកជូនមាតុភូមិ ដែលកើតចេញពីស្នាដៃតស៊ូពិតៗ។

ចូលរួមត្រេកអរដល់ប្រាសាទ ដាវីន បានទទួលចំណាត់ថ្នាក់លេខ ៥ សម្រាប់ការប្រកួត Universal Woman International នៅក្រុងឌូបៃ នៅប្រទេសអារ៉ាប់រួម។
អរគុណណាស់ដែលបានធ្វើឲ្យខ្មែរទូទាំងពិភពលោកមានមោទកភាព។ ការទទួលដំណឹងនេះ បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា មានភាពអំណររីករាយ គ្រប់គ្នា ដែលវិស័យបវរកញ្ញានៅ កម្ពុជាយើង កាន់តែលូតលាស់ និងរីកសាយបន្តទៀតពេញពិភពលោក អោយគេបានដឹង។ ចំពោះ ក្រុមអ្នកតាមដានវិញ សុទ្ឋតែមានជំនឿ មុតមាំទុកមុនថា ប្រាសាទ ដាវីន អាចនឹងឆក់បានឱកាស យកតំណែងណាមួយ ជូន ជាតិខ្លួន។ ការរំពឹងបែបនេះ ដោយសារតែ ដាវីន ធ្លាប់មាន បទពិសោធន៍ការងារ ប្រកួតសម្រស់នេះ និង យល់ពីតិចនិច សម្តែងលើឆាក នាងធ្លាប់ជាតារាបង្ហាញម៉ូដដ៍លេចធ្លោ ហើយមានការពេញនិយមពេញផ្ទៃប្រទេស។ មិនថាតែហ្វេនៗនោះទេ អបអរ សូម្បីតែមិត្តសិល្បករ មួយចំនួន បានចូលរួម សម្តែងការត្រេកអរ និងមានមោទនភាពគ្រប់គ្នា។
គួររម្លឹកថា កម្មវិធីដែលអ្នកនាងចេញទៅប្រកួតដណ្ដើមយកមកុដនេះ អ្នកនាងបានលើកឡើងថា ជាកម្មវិធីមិនគិតកំណត់ពីស្ថានភាពនៅលីវ ឬមានគ្រួសារ ឬក៏មានកូនអីនោះទេ។ បានន័យថា ឱ្យតែមានសមត្ថភាពនិងមានជំនឿចិត្តលើខ្លួនឯង អាចបំពេញគ្រប់លក្ខខណ្ឌនៃវិញ្ញាសាររបស់កម្មវិធី នោះអាចទៅប្រកួតបានហើយ។

ប្រាសាទ ដាវីន បានលើកឡើងទៀតថា ការសម្រេចចិត្តចេញទៅប្រកួតនេះ ច្បាស់គឺបង្ហាញពីការវិលត្រឡប់មកវិញ សារជាថ្មីក្នុងពិភពសិល្បៈ ប៉ុន្តែមិនមែនទាំងស្រុងនោះទេ ពោលគឺតែផ្នែកប្រកួតសម្រស់មួយតែប៉ុណ្ណោះ។ អ្នកនាងរំពឹងថា ហ្វេនដែលធ្លាប់គាំទ្ររូបអ្នកនាងតាំងពីជំនាន់ប្រឡង Freshie Girl & Boy នឹងនៅតែបន្ដគាំទ្រជំហរថ្មីនេះម្ដងទៀត។
ចំណាត់ថ្នាក់ទាំង៥រូបមាន ប្រទេស ហ្សាំបៀរ ប្រេស៊ីល កម្ពុជា ដូរមីនីហ្គែន និង ប្រទេស វេរណេហ្សូអេឡា។ វិស័យបវរកញ្ញា នៅក្នុងប្រទេស កម្ពុជាយើង មួយរយៈចុងក្រោយនេះ មានការពេញនិយម គាំទ្រ យ៉ាងច្រើនលើសលុប ពីសំណាក់អ្នកតាមដាន។ ក្នុងនោះបេក្ខភាព កម្ពជា ទាំងប្រុស ស្រី ឃើញថាម្នាក់ៗ កើនឡើងសមត្ថភាព ពីមួយឆ្នាំទៅមួយឆ្នាំ រហូតខ្លះបានទាំងពាំនាំជ័យលាភី ជូនមាតុភូមិមកវិញទៀតផង៕ រក្សាសិទ្ធិដោយ ៖ ឧត្តម








