Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីរាជការបម្រើការងារ នៅក្រសួងអភិវឌ្ឍន៍ជនបទ ប្តឹងលោកភួង សោភា និងលោកអ៊ុក ពញ្ញា ទៅអង្គភាពប្រឆាំងអំពើពុករលួយ

spot_img

ភ្នំពេញ: បន្ទាប់ពីផ្ទុះរឿងអាស្រូវពុករលួយផ្អើលពេញក្រសួងអភិវឌ្ឍន៍ជនបទ កាលពីពេលថ្មីៗកន្លងកនេះ ឥឡូវនេះមន្ត្រីរាជការបម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ពាក្យបណ្តឹងប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ សុំឲ្យមានការស៊ើបអង្កេតស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមានទៅលើការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធរបស់លោក ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោកអ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបក្ខពួកនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ។

យោងតាមពាក្យបណ្តឹងរបស់មន្ត្រីរាជការបម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទ ដាក់ជូនឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានប្ដឹងសុំឲ្យមានការស៊ើបអង្កេតស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមានទៅលើការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធរបស់លោក ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោកអ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបក្ខពួកនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ ។

នៅក្នុងពាក្យបណ្តឹងបានជម្រាបជូន ឯកឧត្តម កិត្តនីតិកោសលបណ្ឌិតថា “ចាប់តាំងពីឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានកាន់មុខតំណែងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាអំឡុងដើមខែមេសា ឆ្នាំ២០១៦ រហូតមកទល់បច្ចុប្បន្ននេះ គឺក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានគ្រប់គ្រង ដឹកនាំរុំព័ទ្ធពីលើដល់ក្រោមដោយបណ្តាញក្រុមគ្រួសារ សាច់ញាតិ និងបក្ខពួក របស់ឯកឧត្តម បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ពេញទំហឹង រួមមានជាអាទិ៍ ៖

១-ឯកឧត្តម ភួង សោភា ជារដ្ឋលេខាធិការ ត្រូវជាប្អូនថ្លៃរបស់ឯកឧត្តម បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី (ទទួលបានការតែងតាំងមុខតំណែងចំនួនពីរលើកក្នុងមួយឆ្នាំ គឺលើកទី១ ជាអនុរដ្ឋលេខាធិការ ដោយព្រះ រាជក្រឹត្យលេខ នស/រកត/០១១៩/០៩៦ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ និងលើកទី២ ជារដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យលេខ នសរកត/១១១៩/១៧៧៧ ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩) ។

២-ឯកឧត្តម អ៊ុក ពញ្ញា ជារដ្ឋលេខាធិការ ត្រូវជាកូនបង្កើតរបស់ឯកឧត្តម បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី (តែងតាំងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៧២០/៧៩១ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០) ។

៣-លោកជំទាវ គង់ សុជីវី ជាអនុរដ្ឋលេខាធិការ ត្រូវជាភរិយារបស់ឯកឧត្តម ភួង សោភា ដែលជារដ្ឋ លេខាធិការ និងជាប្អូនថ្លៃឯកឧត្តម បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី (តែងតាំងដោយព្រះរាជក្រឹត្យលេខ នស/រក ត/០១២៣/០៦២ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣) ។

៤-ប្រធានមន្ទីរជំនាញ និងបុគ្គលិក មន្ត្រីរាជការក្រោមឱវាទក្រសួង ចំនួនរាប់សិបនាក់ទៀត… ។ល។ ប្រព័ន្ធគ្រប់គ្រង ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ដោយបណ្តាញក្រុមគ្រួសារ សាច់ញាតិ និងបក្ខពួក របស់ឯកឧត្តម បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី បានក្លាយជាបច្ច័យអាក្រក់ពាក់ព័ន្ធនឹងអភិបាលកិច្ច រហូតធ្វើឲ្យ មន្ត្រីរាជការក្រោមឱវាទ និងមជ្ឈដ្ឋានក្រុមហ៊ុនឯកជនមួយចំនួន ដែលអនុវត្តគម្រោងអភិវឌ្ឍន៍នានារបស់ ក្រសួង ត្អូញត្អែររអ៊ូរទាំថា មានការប្រព្រឹត្តអំពើពុករលួយក្រោមរូបភាពកាត់ភាគរយចំនួនប្រមាណ២០ភាគរយ ពីគម្រោងអភិវឌ្ឍន៍នានា ជាពិសេសគម្រោងដែលប្រើប្រាស់ថវិកាជាតិ និងកាត់ភាគរយចំនួនប្រមាណ ១០ភាគរយ ពីខ្ទង់ចំណាយរបស់មន្ទីរជំនាញរាជធានី-ខេត្ត ខណៈសម្រាប់ឆ្នាំ២០២៣នេះ គឺក្រសួងមាន ខ្ទង់ចំណាយសរុបចំនួន ១ ០២៣ ៧៧៤លានរៀល ក្នុងនោះខ្ទង់ចំណាយថវិកាជាតិ ចំនួន ៣៤៤ ៣៦៤ លានរៀល (រដ្ឋបាលកណ្ដាល ចំនួន ២៩៥ ៦៨៤លានរៀល និងមន្ទីរជំនាញរាជធានី-ខេត្ត ចំនួន ៤៨ ៦៨០លានរៀល) និងខ្ទង់ចំណាយវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស ចំនួន ៦៧៩ ៤១០លានរៀល ។

យើងខ្ញុំយល់ឃើញថា ប្រព័ន្ធដឹកនាំ គ្រប់គ្រង និងអំពើពុករលួយនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ ពាក់ ព័ន្ធនឹងបណ្តាញក្រុមគ្រួសារ សាច់ញាតិ និងបក្ខពួករបស់ឯកឧត្តម បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ពិតជាធ្វើឲ្យ ការអនុវត្តគម្រោងអភិវឌ្ឍន៍ជនបទ បាត់បង់គុណភាព និងប្រសិទ្ធភាព និងក៏បានធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ ជំនឿទៅលើកម្មវិធីនយោបាយអភិវឌ្ឍន៍ជនបទរបស់រាជរដ្ឋាភិបាលកម្ពុជា ដ៏គួរឲ្យសោកស្តាយជាទីបំផុត ។ សេចក្ដីដូចបានគោរពជម្រាបជូនខាងលើ យើងខ្ញុំសូមសំណូមពរ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត មេត្តាបើកការស៊ើបអង្កេតស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមានទៅលើការប្រព្រឹត្តអំពើពុក រលួយជាប្រព័ន្ធរបស់ឯកឧត្តម ភួង សោភា ជារដ្ឋលេខាធិការ និងឯកឧត្តម អ៊ុក ពញ្ញា ជារដ្ឋលេខាធិការ ព្រមទាំងបក្ខពួកនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ ដោយអនុគ្រោះបំផុត។
ទាក់ទងការចោទ ប្រកាន់នេះ លោកភួង សោភា និងលោកអ៊ុក ពញ្ញា មិនអាចសុំការអត្ថាធិប្បាយបានទេ។ មជ្ឈមណ្ឌលសារព័ត៌មាន CEN រីករាយរង់ចាំការបកស្រាយបំភ្លឺពីលោកទាំងពីរដោយក្តីរីករាយ៕ រក្សាសិទ្ធិដោយៈ CEN

spot_img
×