Friday, December 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ អាការខុសប្រក្រតី ៦យ៉ាងរបស់រាងកាយ ដែលយើងមិនគួរបណ្តែតបណ្តោយ

នៅពេលពេលវេលាកន្លងទៅ រាងកាយរបស់មនុស្សយើងតែងតែរុះរោយ ចុះខ្សោយទៅតាមអាយុ ជារឿងធម្មតា…ពីមនុស្សដែលធ្លាប់តែរឹងប៉ឹង មិនសូវឈឺថ្កាត់ ពេលនេះបែរជាកើតមានអាការប្លែកៗ ដែលមិនធ្លាប់ជួបពីមុនមក តែមនុស្សជាច្រើន មិនសូវជាយកចិត្តទុកដាក់ប៉ុន្មានឡើយ ព្រោះគិតថា អាការប្លែកៗទាំងនោះ កើតឡើងដោយសារតែយើងធ្វើការងារធ្ងន់ និងបើមានពេលវេលាសម្រាកតែបន្តិច វាប្រហែលជាបាត់ទៅវិញដោយឯកឯងមិនខាន។ តែការពិតវិញ អាការទាំងអស់នោះ គឺជាសញ្ញាគ្រោះថ្នាក់ដំបូងៗ ដែលកំពុងបញ្ចេញសំឡេងដាស់តឿនប្រាប់យើងថា រាងកាយត្រូវតែបានទទួលការមើលថែទាំយ៉ាងប្រញាប់ហើយ។ ដូច្នេះ តើមានអាការអ្វីខ្លះ…សូម
តាមដានជាបន្ត…
១. ទម្ងន់ស្រកចុះ
នៅពេលមានអ្នកណាម្នាក់មកនិយាយជាមួយយើងថា ឯងអីលូវដូចជាស្គមជាងមុន? ឬក៏ដឹងថា ខ្លួនឯងទម្ងន់ស្រកចុះ! មនុស្សភាគច្រើនៗមានអារម្មណ៍ត្រេកអរ ច្រើនជាងពិបាកចិត្ត ដោយសារតែគិតថា នៅពេលចុះស្គម វានឹងជួយឱ្យខ្លួនឯង មើលទៅកាន់តែមានរូបរាងស្អាតឡើង តែការពិតវិញ បើអ្នកមិនបានហាត់ប្រាណ និងនៅមានទម្លាប់ក្នុងការទទួលទានអាហារដូចមុនដដែល តែទម្ងន់បែរជាស្រកចុះយ៉ាងឆាប់រហ័សនោះ ហ្នឹងគឺជារឿងមិនល្អហើយ ព្រោះអាការទាំងនោះ គឺជាសញ្ញាដំបូងដែលបង្ហាញថា អ្នកអាចនឹងកំពុងកើតជំងឺចង្រៃអ្វីម្យ៉ាង ដូចជា ជំងឺមហារីក ទឹកនោមផ្អែម ឬក្រពេញថៃរ៉យដ៍មានជាតិពុល ជាដើម។ ដូច្នេះបើសិនទម្ងន់របស់លោកអ្នកស្រកចុះខុសប្រក្រតីបែបនេះ គួរតែប្រញាប់ទៅជួបលោកគ្រូពេទ្យជាបន្ទាន់ហើយ។

២. ដកដង្ហើមមិនស្រួល
ខ្យល់ដង្ហើមប្រៀបដូចជាសភាវដ៏ចាំបាច់មួយ ដែលនៅចាំចិញ្ចឹមជីវិតរបស់យើងឱ្យដំណើការទៅមុខ ដូច្នេះនៅពេលណាក៏ដោយ ដែលអ្នកមានអាការដកដង្ហើមរអាក់រអួល ស្ទះៗ ឬដកដង្ហើមមិនស្រួលនោះ បញ្ជាក់ថា អ្នកអាចមានឱកាសប្រឈមនឹងជំងឺហឺត ឬមានកម្ទេចកំណកឈាមតូចៗស្ទះនៅក្នុងសួត។ ក្រៅពីនេះ អាចម៉ៅរួមទៅដល់អាការដំបូងរបស់ជំងឺបេះដូងទៀតផង ហើយបើសិនអ្នកមិនប្រញាប់ព្យាបាល តាំងពីចេញអាការដំបូងៗទេនោះ អាការដែលថានេះ នឹងកាន់តែធ្ងន់ធ្ងរឡើងជារឿយៗ រហូតលែងអាចព្យាបាលឱ្យជាដាច់បានឡើយនៅទីបំផុត។

៣. ឈឺក្បាល
អាការឈឺក្បាលបែបភ្លាមៗទាន់ហន់ ភាគច្រើនៗកើតឡើងនៅម្តុំសៀតផ្កា ជុំវិញកែវភ្នែក ឬថ្ងាស អ្នកខ្លះអាចមានអាការក្អួតចង្អោរទៀតផង។ ក្រៅពីនេះនៅមានអាការ ដូចមើលឃើញពន្លឺចាំងភ្លែតៗឡើង ឬមានអារម្មណ៍ថា ភ្នែកឡើងស្រវាំងទៀតផង។ បើមានអាការទាំងនេះកើតឡើងញឹកញាប់ គួរងាកមកពិនិត្យមើលទង្វើខ្លួនឯងនៅក្នុងជីវិតប្រចាំថ្ងៃខ្លះផងថា តើយើងមានធ្វើការងារច្រើន រហូតដល់អត់ដេកអត់ពួន ឬមានអារម្មណ៍តានតឹងធុញថប់ច្រើនពេកដែរឬទេ? ឬខំព្យាយាមសម្រកទម្ងន់ខ្លាំងជ្រុលពេក រហូតដល់ភ្លេចយកចិត្តទុកដាក់ពីកម្រិតកំណត់របស់ខ្លួនដែរឬទេ? ព្រោះទាំងអស់នេះ អាចបណ្ដាលមកពីការសម្រុកធ្វើអ្វីមួយខ្លាំងជ្រុលពេក រហូតធ្វើឱ្យអាការឈឺក្បាល ឬម៉ៃក្រេន កម្រើកឡើង ក៏អាចថាបានដែរ។ ក្រៅពីនេះគួរចៀសវាងភេសជ្ជៈដែលមានជាតិសុរា និងការជក់បារីផង ព្រោះវត្ថុទាំងនេះ នឹងធ្វើឱ្យអាការដែលកើតឡើង កាន់តែធ្ងន់ធ្ងរជាងមុនបាន។

៤. ឈឺធ្មេញ
នៅពេលនិយាយពីពេទ្យធ្មេញ មនុស្សជាច្រើនអាចនឹងមានអារម្មណ៍ភ័យខ្លាច រាងចាលនឹងសំឡេង “វឺតៗ” នៃប្រដាប់រ៉ធ្មេញ រហូតដល់គេចពីការណាត់ជួបជាមួយគ្រូពេទ្យធ្មេញ ឬគិតថា រឿងនៅក្នុងប្រអប់មាត់ មិនសូវជាសំខាន់ប៉ុន្មានឡើយ ព្រោះទោះជាឈឺធ្មេញខ្លះមែន តែក៏នៅតែអាចញ៉ាំអាហារបានតាមធម្មតាដែរ តែការពិតវិញ អាការឈឺធ្មេញទាំងនេះ អាចមិនមែនកើតចេញពីបញ្ហាខាងក្នុងប្រអប់មាត់ដោយផ្ទាល់ទេ តែវាជាផលប៉ះពាល់ពីប្រព័ន្ធផ្សេងទៀតខាងក្នុងរាងកាយ ដូចជា បញ្ហាក្នុងប្រព័ន្ធរំលាយអាហារ ឬកំពុងមានបញ្ហានៅក្នុងប្រព័ន្ធការមើលឃើញ ក៏អាចថាបានដែរ។ ដូច្នេះ កុំបណ្តែតបណ្តោយឱ្យសោះ បើសិនកើតអាការនេះឡើង គួរប្រញាប់
ទៅប្រឹក្សាជាមួយគ្រូពេទ្យភ្លាម។

៥. ឈឺពោះ រាក
ជាការពិតហើយ ដែលអ្នកណាៗក៏មានឱកាសឈឺពោះរាកបានដូចគ្នាទាំងអស់ បើសិនញ៉ាំអាហារដែលកខ្វក់ ឬគ្មានអនាម័យ តែបើអ្នកមានអាការឈឺពោះរាកជាប់ៗគ្នាច្រើនថ្ងៃ និងញ៉ាំថ្នាំហើយ អាការនៅតែមិនល្អប្រសើរឡើង គួរតែប្រញាប់ទៅជួបលោកគ្រូពេទ្យជាបន្ទាន់ ដើម្បីពិនិត្យរកមើលមូលហេតុដែលពិតប្រាកដ ព្រោះអ្នកអាចកំពុងតែប្រឈមនឹងជំងឺអាក្រក់ផ្សេងទៀត។ ភាគច្រើន មូលហេតុរបស់ភាពខុសប្រក្រតីនេះ អាចកើតចេញពីបណ្តាពួកប៉ារ៉ាស៊ីត ដែលប្រមូលសន្សំច្រើននៅក្នុងរាងកាយយើង។

៦. សម្ពាធឈាមឡើងខ្ពស់ ឬលើសឈាម
ជំងឺសម្ពាធឈាមឡើងខ្ពស់ ឬលើសឈាម ជាជំងឺដែលមិនសូវបង្ហាញអាការ ឬសញ្ញាអ្វីម្យ៉ាងនៅលើរាងកាយប៉ុន្មានទេ។ មនុស្សជាច្រើន កើតជំងឺនេះដោយមិនដឹងខ្លួន ឬដឹងហើយ តែក៏បណ្តោយឱ្យវាកន្លងទៅ ដោយមិនបានយកចិត្តទុកដាក់ប៉ុន្មានឡើយ លុះនៅពេលដឹងខ្លួន ក៏អាចនឹងហួសពេលកែកុនទៅហើយ ក៏អាចថាបានដែរ។ ដូច្នេះបើពេលនេះ អ្នកមានទម្ងន់ខ្លួនច្រើន ធាត់ដុះក្បាលពោះស្អុយ គេងលក់មិនគ្រប់គ្រាន់ ឬមិនសូវបានហាត់ប្រាណ គួរផ្លាស់ប្តូរទម្លាប់ជាបន្ទាន់ មុនពេលកើតជំងឺជ្រៀតជ្រែកផ្សេងទៀតឡើង ដូចជា ជំងឺស្ពឹកមួយចំហៀងខ្លួន ឬមួយកំណាត់ខ្លួន ជំងឺត្បៀតសរសៃឈាមខួរក្បាល ដែលពេលខ្លះអាចធ្ងន់ធ្ងរដល់ថ្នាក់បណ្ដាលឱ្យស្លាប់បាន។
ដូច្នេះចូរសាកល្បងពិនិត្យ រកមើលភាពខុសប្រក្រតីរបស់រាងកាយអ្នកបន្តិចទៅមើលថា តើមានអាការដូចដែលបានរៀបរាប់មកនេះខ្លះដែរឬទេ? បើសិនគ្មាន វាជារឿងមួយល្អខ្លាំងណាស់ តែបើចៃដន្យ អ្នកកំពុងតែមានអាការខុសប្រក្រតីទាំងនេះវិញនោះ គួរតែប្រញាប់ទៅជួបលោកគ្រូពេទ្យ ដើម្បីសុំការណែនាំ និងវិធីព្យាបាលជាបន្ទាន់ មុនពេលអាការឈឺថ្កាត់បន្តិចបន្តួចនេះ វារាលដាលរហូតដល់ក្លាយជាជំងឺធ្ងន់៕

×