Friday, December 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវវ័យ និងស្នេហា៖ តើគូព្រេង ឬគូស្នេហ៍ពិត មានប៉ុន្មានបែប? និងសញ្ញាដែលថា អ្នកកំពុងជួបគូព្រេងពិតហើយ!

គូស្នេហ៍ពិត ឬគូព្រេង គឺជាមនុស្សដែលដើរចូលមកក្នុងជីវិតរបស់អ្នក ធ្វើឱ្យអ្នកមានអារម្មណ៍ថា ហាក់ដូចធ្លាប់ស្គាល់គ្នាយូរមកហើយ ទោះជាទើបតែបានជួបគ្នាត្រឹមតែ ១សប្ដាហ៍ក៏ដោយ។ សម្ព័ន្ធភាពរវាងគ្នា បានអភិវឌ្ឍទៅមុខយ៉ាងឆាប់រហ័ស និងស្ថិតនៅលើដំណើរផ្លូវដ៏ល្អ ហើយខ្លាំងជាងអ្វីទាំងអស់ គឺអ្នកហាក់ដូចជាដឹងថា រូបអ្នក និងគេម្នាក់នោះ ធ្លាប់បានជួបគ្នារួចមកហើយ គ្រាន់តែក្នុងពេលវេលានោះ អ្នក និងគេ នៅមិនទាន់ត្រៀមខ្លួនក្នុងការស្គាល់គ្នាប៉ុណ្ណោះ។

សញ្ញាដែលបញ្ជាក់ថា អ្នកបានជួបគូព្រេង ឬគូស្នេហ៍ពិតរបស់អ្នកហើយ
សញ្ញាដែលបញ្ជាក់ថា អ្នកបានជួបនឹងគូស្នេហ៍របស់អ្នកនេះ អាចមិនមែនជាមនុស្សដែលអ្នកធ្លាប់នឹកស្រមៃ ឬមនុស្សដែលនៅក្បែរអ្នកយូរមកហើយនោះទេ ព្រោះនៅក្នុងជីវិតពិតវិញ គូស្នេហ៍ពិតរបស់អ្នក នឹងបង្ហាញខ្លួនឡើង ដោយអ្នកមិនបានត្រៀមខ្លួនជាមុនឡើយ និងជាស្នេហាដែលកើតឡើង មិនមែនដោយសារតែអ្នកគិតថា រូបអ្នក និងគេស័ក្តិសមគ្នានោះទេ តែវាជាសេចក្ដីស្នេហា ដែលម្នាក់ៗបានដឹងពីសេចក្ដីស្រឡាញ់ដែលមានចំពោះគ្នាទៅវិញទៅមក។ សូមសាកល្បងសង្កេតមើល តាមរយៈសញ្ញាដូចតទៅនេះ…

១-គូព្រេង ឬគូស្នេហ៍ពិត នឹងធ្វើឱ្យអ្នកមានអារម្មណ៍ដឹងពីភាពស្ងប់ និងញាប់ញ័របេះដូងក្នុងពេលជាមួយគ្នា
តើអ្នកធ្លាប់ជួបមនុស្សដែលធ្វើឱ្យអ្នកមានអារម្មណ៍ដឹងពីភាពស្ងប់ និងកក់ក្ដៅក្នុងចិត្ត តែធ្វើឱ្យបេះដូងអ្នកញាប់ញ័រក្នុងពេលដំណាលគ្នាដែរឬទេ? គេនិយាយថា បើធ្លាប់ជួប គឺមនុស្សម្នាក់នោះហើយដែលជាគូព្រេង ឬជាគូស្នេហ៍ពិតរបស់អ្នក ឬជួនកាល គេម្នាក់នោះ អាចនឹងធ្វើឱ្យអ្នកមានអារម្មណ៍លង់ស្នេហ៍ស្ទើរស្លាប់ស្ទើររស់ និងព្រមចាកចេញពីគោលជំហររបស់ខ្លួនឯង ទៅរួមផ្សេងព្រេងជាមួយគេម្នាក់នោះទៀតផង។

២-គូព្រេង ឬគូស្នេហ៍ពិត ម្នាក់ៗនឹងមានអារម្មណ៍ដឹងពីភាពឈឺចាប់របស់គ្នាទៅវិញទៅមក
បើអ្នកបានសេពគប់ ឬជជែកនិយាយជានរណាម្នាក់ ហើយមានអារម្មណ៍ដឹងពីក្ដីឈឺចាប់ដែលគេបានទទួល នោះគឺដោយសារតែសម្ព័ន្ធភាពរវាងមនុស្សដែលជាគូព្រេងនឹងគ្នាហ្នឹងឯង។ ពួកគេអាចដឹងពីចិត្តគ្នាទៅវិញទៅមក ដោយមិនចាំបាច់ហាមាត់និយាយឡើយ គ្រាន់តែនឹកដល់ ភាគីម្ខាងនោះក៏នឹងបានដឹងពីក្ដីឈឺចាប់ដែលស្ថិតនៅក្នុងចិត្តគ្នាទៅហើយ។

តើគូព្រេង ឬគូស្នេហ៍ពិត មានប៉ុន្មានប្រភេទ?
នៅពេលអ្នកបានជួបនឹងគូស្នេហ៍ពិត ឬគូព្រេងរបស់អ្នកហើយ អីលូវយើងនាំគ្នាមកមើលថា តើពួកគេជាគូព្រេង ឬជាគូស្នេហ៍ប្រភេទណាខ្លះ? ព្រោះដល់មែនទែនទៅ គូស្នេហ៍ពិត ឬគូព្រេងនេះ មិនចាំបាច់ទាល់តែជាគូស្នេហ៍ដែលស្រឡាញ់គ្នាខ្លាំងទាំងអស់ទេ អាចជាមិត្តជិតស្និទ្ធ ឬអ្នកដែលធ្វើការងារអ្វីមួយជាមួយគ្នា ក៏អាចថាបានដែរ។ ដូច្នេះ សាកល្បងមកដឹងទាំងអស់គ្នាថា តើអ្នកបានជួបគូព្រេង ឬគូស្នេហ៍ពិតក្នុងប្រភេទណារួចមកហើយខ្លះ ដូចតទៅ…

១-គូព្រេង ឬគូស្នេហ៍ពិត ដែលជាគូស្នេហ៍នឹងគ្នា
គូព្រេង ឬគូស្នេហ៍ពិត ដែលជាគូស្នេហ៍នឹងគ្នានេះ ម្នាក់ៗនឹងជំរុញឱ្យគូរបស់ខ្លួន បានជួបនឹងអ្វីដែលគេប៉ងប្រាថ្នា និងទោះជាទាំង ២នាក់មានអារម្មណ៍ខាងក្នុងចិត្តក្ដៅគគុក ជះអារម្មណ៍ដាក់គ្នាខ្លាំងប៉ុនណាក៏ដោយ តែគូព្រេង ឬគូស្នេហ៍ពិតដែលជាគូស្នេហ៍នឹងគ្នា តែងត្រៀមខ្លួនជានិច្ច និងរួចជាស្រេច ក្នុងការវិលត្រឡប់មករកគ្នាវិញគ្រប់ពេល ព្រោះពួកគេដឹងច្បាស់ថា ពួកគេមិនអាចខ្វះគ្នាបានឡើយ។

២-គូព្រេង ឬគូស្នេហ៍ពិត ដែលជាមិត្តភក្តិនឹងគ្នា
មិត្តភក្តិតាំងពីសម័យរៀនបឋម សម័យអនុវិទ្យាល័យ សម័យមហាវិទ្យាល័យ ដែលមិនបានទំនាក់ទំនងគ្នាយ៉ាងយូរយារណាស់មកហើយ តែពេលបានជួបគ្នា ស្រាប់តែជិតដិតស្និទ្ធស្នាលខ្លាំងជាងមុន។ អ្នកអាចទំនាក់ទំនងទៅរកមិត្តចាស់ម្នាក់នេះបានងាយស្រួលណាស់ ប្រៀបដូចជា ពេលវេលាដែលបានឃ្លាតឆ្ងាយពីគ្នានោះ មិនបានធ្វើឱ្យសម្ព័ន្ធភាពរបស់អ្នក សាបរលាបទៅណាឡើយ។

៣-គូព្រេង ឬគូស្នេហ៍ពិត ដែលជាគូកម្ម
គូព្រេង ឬគូស្នេហ៍ពិត ដែលជាគូកម្មនេះ គឺជាគូដែលមិនសូវស្រឡាញ់គ្នាប៉ុន្មានទេ តែជាគូព្រេងនឹងគ្នា គឺជាមនុស្សដែលមានចំណុចគោលដៅរួមគ្នា ដែលទោះជាមានសេចក្ដីស្នេហាខ្លះៗមែន តែក៏នៅតិចជាងអារម្មណ៍ ដែលចង់រស់នៅជាមួយមនុស្សម្នាក់ហ្នឹងដែរ ព្រោះគិតថា គេម្នាក់ហ្នឹង នឹងជួយឱ្យរូបអ្នកបានទៅដល់ចំណុចគោលដៅ ឬបំពេញភារកិច្ចដែលអ្នកប្រាថ្នា ឱ្យបានសម្រេច។ គូព្រេង ឬគូស្នេហ៍ពិត ដែលជាគូកម្មនេះ មិនបានត្រូវការសេចក្ដីស្នេហាមកចិញ្ចឹមបេះដូងប៉ុន្មានឡើយ ប៉ុន្តែត្រូវការភាពស្ងប់ តាមរយៈការបាននៅជាមួយគ្នា ដើម្បីបានធ្វើអ្វីរួមគ្នា និងដើម្បីឱ្យជីវិតគូ បានទៅដល់ចំណុចគោលដៅ ដែលបានរៀបចំទុក តែប៉ុនហ្នឹងឯង៕

Embracing loving couple outside
×