នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ សារព័ត៌មាន ThaiPBS បានរាយការណ៍អំពីបេសកកម្មជួយក្មេងស្រីអាយុ ១ ឆ្នាំ ៧ ខែ ដែលជាកូនរបស់ប្តីប្រពន្ធកម្មករជនជាតិមីយ៉ាន់ម៉ា បន្ទាប់ពីក្មេងស្រីតូចនោះ បានធ្លាក់ចូលទៅក្នុងរន្ធខួងអណ្តូងក្រោមដីមួយ នៅចំកណ្តាលចំការដំឡូងមី ជម្រៅ ១៥ ម៉ែត្រ ស្ថិតក្នុងភូមិ មូ១៣ ឃុំ គីរីរ័ត្ន ស្រុក ផបផរ ខេត្ត តាក តាំងពីម៉ោង ៤ រសៀល នៅថ្ងៃទី៦ ខែកុម្ភៈ ហើយខណៈពេលនេះ ក្រុមសង្គ្រោះគឺមកពីគ្រប់តំបន់។
លោក Kittisak Boonchan ប្រធានផ្នែកបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ ស្រុក Mae Sot ខេត្ត Tak បានឲ្យដឹងថា សំឡេងក្មេងយំ គឺនៅតែឮជាបន្តបន្ទាប់ ហើយនៅពេលនេះ backhoe (អេស្កាវាទ័រ) អាចជីកបានប្រហែល ១០ ម៉ែត្រហើយ។ វានឹងត្រូវចំណាយពេលមួយម៉ោងទៀត ដើម្បីទៅដល់ចំណុចដែលក្មេងស្រីរងគ្រោះកំពុងស្ថិតនៅ។ ជាមួយគ្នានេះ លោករំពឹងថា នៅមុនថ្ងៃត្រង់ នឹងអាចនាំក្មេងស្រីឡើងមកវិញបាន។
លោក Kittisak បន្តថា ក្រុមជួយសង្គ្រោះបានប្រើកាមេរ៉ាតូចមួយ ដោយចងខ្សែទម្លាក់ចូលទៅក្នុងប្រហោងនោះ ហើយបានរកឃើញក្មេងស្រីជាប់នៅក្នុងប្រហោងក្នុងដីជម្រៅប្រហែល ១៥ ម៉ែត្រ។ ក្រុមសង្គ្រោះបានភ្ជាប់អង់តែនយ៉ាងលឿន ដើម្បីបន្ថែមខ្យល់ចូលក្នុងរន្ធ ដើម្បីបង្កើនខ្យល់សម្រាប់ក្មេងស្រី។
នៅពេលសាកសួរ ឪពុកម្តាយក្មេងស្រីរងគ្រោះ ដែលជាកម្មករស៊ីឈ្នួល បានប្រាប់ឲ្យដឹងថា ពួកគេប្តីប្រពន្ធបានមកជីកដំឡូងនៅចំណុចកើតហេតុ ដោយនាំយកកូនស្រីរងគ្រោះមកជាមួយ និងឲ្យលេងបាល់នៅជិតដើមឈើ រណ្តៅអណ្ដូងនោះ ប៉ុន្តែ ខណៈពួកគេសម្រាកពីការងារ មករកកូន ស្រាប់តែមិនឃើញ។ ដោយជឿថា កូនបាល់នឹងធ្លាក់ចូលទៅក្នុងរន្ធ ហើយកូនស្រីនឹងអាចកំពុងស្ថិតទៅទីនោះ ពួកគេយព្យាយាមស្រែកហៅ ក៏លឺសូរសំឡេងកូនស្រីកំពុងយំក្នុងរន្ធ ធ្វើឲ្យពួកគេតក់ស្លុតយ៉ាងខ្លាំង និងប្រញាប់ប្រញាល់រត់ទៅប្រាប់សមត្ថកិច្ចឱ្យជួយភ្លាមៗ។
ទោះជាយ៉ាងណា នៅវេលាម៉ោង 00:09 ប្រតិបត្តិការជួយសង្គ្រោះ បានយក backhoe ជីកទៅជិតដល់ចំណុចដែលក្មេងស្រីនោះកំពុងជាប់គាំង។ ប៉ុន្តែនៅតែត្រូវមានការប្រុងប្រយ័ត្ន សម្រាប់ការសង្គ្រោះនាំចេញ ដោយសារតែមានការភ័យខ្លាចថាដីនឹងបាក់រលំ។
ក្រោយមក នៅម៉ោង 1:03 ព្រឹក ក្រុមសង្គ្រោះបានរកឃើញបញ្ហាមួយ ដោយសារមានថ្មធំមួយ ជាឧបសគ្គក្នុងការខួង។ Backhoe រកវិធីជីកនៅក្បែរនោះ។ ដោយសារចំណុចដែលក្មេងធ្លាក់នោះមានជម្រៅ ១៣ ម៉ែត្រ ប៉ុន្តែរថយន្ត Backhoe ជីកបាន១០ម៉ែត្រ ហើយក៏ប្រទះនឹងស្រទាប់ថ្ម ទើបមិនអាចខួងបាន។
នៅម៉ោង 5 និង 35 នាទីព្រឹក ការជីកអាចជីកបានតាមបំពង់។ ប៉ុន្តែកូនតូចស្ថិតនៅជម្រៅ ២,៥ ម៉ែត្រ ទៀត នៅខាងក្រោមចំណុចដែលគេជីក ហេតុនេះ ក្រុមជីកត្រូវជីកដោយប្រើកម្លាំងពលកម្មដោយដៃ។ ហើយទន្ទឹមនឹងនោះ កូនតូចនោះក៏នៅតែស្រែកយំជាបន្តបន្ទាប់ផងដែរ។
ដូចការរំពឹងទុក បន្ទាប់ប្រតិបត្តិការសង្គ្រោះយ៉ាងយកចិត្តទុកដាក់ អស់រយៈពេល ១៧ ម៉ោង ទីបំផុត នៅវេលាថ្ងៃត្រង់នេះ (ថ្ងៃទី៧ កុម្ភៈ) ក្មេងស្រីអាយុជាង១ឆ្នាំនោះ ត្រូវបានសង្គ្រោះដោយជោគជ័យហើយ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



















