Thursday, November 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ាម៉ាក់ឆ្លាតវៃ៖ អាណាព្យាបាលគួរតែធ្វើរឿង ៦យ៉ាងនេះ បើចង់ឱ្យក្តីស្រមៃរបស់កូន ក្លាយជាការពិត

“ធំឡើង កូនចង់ធ្វើអី?” នេះជាសំណួរ ដែលក្មេងៗតែងតែបានឮជាញឹកញាប់ ចំណែកចម្លើយរបស់ពួកគេវិញ ក៏មានច្រើនប្រភេទដូចគ្នាដែរ ដូចជា ចង់ធ្វើជាគ្រូពេទ្យ ចង់ធ្វើគ្រូបង្រៀន ឬចង់ធ្វើជាអ្នកគ្រប់គ្រង ជាដើម ហើយចម្លើយរបស់ក្មេងៗទាំងអស់នេះ តែងតែផ្លាស់ប្តូរជារឿយៗនៅពេលពួកគេធំឡើង តែក៏មានកុមារខ្លះ នៅតែចង់ធ្វើការនៅក្នុងអាជីព ដែលខ្លួននឹកស្រមៃនោះមិនប្រែប្រួលឡើយ ទោះជាខ្លួនគេធំហើយក៏ដោយ។ ក្តីស្រមៃរបស់កូនៗ ដែលចង់ធ្វើការងារអ្វីម្យ៉ាងនៅពេលអនាគតនោះ គឺជារឿងមួយសំខាន់ណាស់ ដូច្នេះលោកឪពុកអ្នកម្តាយគួរតែជួយពង្រឹងកូនដូចតទៅ…

១. ទទួលស្គាល់ និងយល់ពីក្តីស្រមៃរបស់កូន
កុំនិយាយជំទាស់នឹងគោលបំណងរបស់កូនថា ធ្វើបែបហ្នឹងមិនបានទេ បែបនេះវិញល្អជាងអី ព្រោះបើអាណាព្យាបាលបដិសេធបំណង ឬការតាំងចិត្តរបស់កូនហើយ កូនអាចនឹងក្លាយជាក្មេងដែលគ្មានភាពជឿជាក់ លែងហ៊ានគិត លែងហ៊ានប្រាប់ និងលែងហ៊ានធ្វើអ្វីទាំងអស់។

២. នៅពេលកូនចាប់ផ្តើមដើរតាមក្តីស្រមៃរបស់គេហើយ អាណាព្យាបាលគួរតែផ្ដល់កម្លាំងចិត្ត
នៅពេលកូនគិតចង់ធ្វើអ្វីម្យ៉ាង និងពេលបានចាប់ផ្តើមធ្វើហើយ វាច្បាស់ជាមានរឿងខុសឆ្គង ភ្លាត់ភ្លាំង ឬមិនជោគជ័យ ចូលមកប៉ះពាល់ផ្លូវចិត្តរបស់គេមិនខាន ដូច្នេះឪពុកម្តាយល្អ គួរតែផ្តល់កម្លាំងចិត្តដល់កូន ក្នុងគ្រាដែលគេរួញរាអស់សង្ឃឹម និងនៅក្បែរ ចាំជួយលើកទឹកចិត្ត ព្រោះថា នៅពេលដែលកូនសប្បាយចិត្ត កូននឹងធ្វើនូវអ្វីដែលល្អ និងត្រឹមត្រូវជាបន្តទៅទៀតមិនខាន។

៣. ជួយស្វែងរកចំណេះដឹង ឬឧបករណ៍ផ្សេងៗ មកជួយពង្រឹងក្តីស្រមៃរបស់កូន
ដូចជា បើកូនចង់ក្លាយជាវិចិត្រករ ចង់ក្លាយជាអ្នកគូររូប ឪពុកម្តាយគួររកក្រដាសស និងខ្មៅដៃពណ៌ផ្សេងៗ មកឱ្យកូនបានសាកល្បងលេង សាកល្បងហាត់គូរ និងផាត់ពណ៌លេង ព្រោះក្រៅពីនឹងជួយជំរុញក្តីស្រមៃរបស់កូនហើយ នៅបានជួយបង្កើនវិវឌ្ឍនាការខាងផ្នែកការប្រើសមាធិរបស់កូនទៀតផង។

៤. ពង្រឹង និងជំរុញឱ្យកូនមានភាពស៊ាំធ្លាប់ ជាមួយអ្វីដែលគេចង់ក្លាយជា
ដូចជា បើកូនចង់ក្លាយជាអ្នកបើកយន្តហោះ អាណាព្យាបាលក៏គួរតែនាំកូនទៅមើលយន្តហោះ ឬទៅជួបនិយាយលេងជាមួយអ្នកបើកយន្តហោះពិតៗក្នុងថ្ងៃសំខាន់ណាមួយ ដែលខាងអាកាសចរណ៍គេបើកចំហ ឱ្យប្រជាជនទូទៅចូលទស្សនា។ រឿងក្តីស្រមៃប្រភេទនេះ ប្រហែលជាត្រូវចុះដើមទុន និងកម្លាំងបន្តិចហើយ។

៥. គួរឱ្យកូនចាប់ផ្តើមធ្វើដោយខ្លួនឯង បើសិនជាអាចទៅរួច
ឪពុកម្តាយសម័យថ្មី គួរឱ្យកូនបានចាប់ផ្តើមធ្វើនូវអ្វីដែលគេចង់ធ្វើ ដើម្បីឱ្យទទួលបានប្រយោជន៍ ច្រើនជាងការអង្គុយទន្ទេញមេរៀនឱ្យចាំតាមសៀវភៅ ឬនៅក្នុងថ្នាក់រៀន ដូចជា បើកូនចង់ក្លាយខ្លួនជាអ្នកគូរប្លង់តុបតែងលម្អនោះ គួរតែឱ្យកូនបានសាកល្បងរៀបចំបន្ទប់គេងរបស់គេដោយខ្លួនឯង ឬសាកល្បងជួយលោកប៉ា គិតច្នៃម៉ូដ រៀបចំតុបតែងសួនច្បារ ក៏ជារឿងល្អម្យ៉ាងដែរ។

៦. បណ្តុះបណ្តាលឱ្យកូនមានភាពឧស្សាហ៍ព្យាយាម និងតាំងចិត្ត
បើឪពុកម្តាយជួយពង្រឹងឱ្យកូនមានភាពឧស្សាហ៍ព្យាយាមក្នុងការធ្វើរឿងអ្វីមួយ ឱ្យបានសម្រេចតាំងពីកូននៅតូចហើយ កូននឹងមានទម្លាប់ និងមានក្តីព្យាយាមធ្វើនូវអ្វីដែលខ្លួននឹកស្រមៃនោះ រហូតដល់ធំមិនខាន។

ក្តីស្រមៃរបស់កូននឹងក្លាយជាការពិតបាន ទាល់តែមានឪពុកម្តាយជាអ្នកជួយជំរុញ និងពង្រឹងក្នុងផ្លូវដែលត្រឹមត្រូវ។ នៅពេលដែលកូនគិតចង់ធ្វើអ្វីមួយហើយ ចូរកុំទៅជំទាស់ តែគួរសិក្សាឱ្យយល់ និងជំរុញឱ្យកូនបានចាប់ផ្តើមធ្វើដោយខ្លួនឯង ដោយមានលោកឪពុកអ្នកម្តាយនៅតាមសង្កេតមើលពីចម្ងាយ។ នៅពេលកូនចាប់ផ្តើមធ្វើ និងធ្វើបានសម្រេចហើយនោះ កូននឹងមានមោទនភាពចំពោះខ្លួនឯងយ៉ាងពិតប្រាកដ ហើយលោកឪពុកអ្នកម្តាយ ក៏កុំភ្លេចកោតសរសើរ និងលើកទឹកចិត្តកូនផង៕

×