របាំត្រុដិ ជាកេរដំណែលវប្បធម៌មន-ខ្មែរ ដែលជាជនជាតិខ្មែរព្រៃភ្នំ ដូចជាពួកសម្រែ សួយ និងពណ៌េ ជាដើម ព្រមទាំងជនជាតិខ្មែរនៅខេត្តស៊ីសាកេត សុរិន្ទ្រ សៀមរាប ពោធិសាត់ បាត់ដំបង តែងតែប្រារព្ធក្នុងពេលចូលឆ្នាំខ្មែរ ឬក្នុងពេលដែលសត្វព្រៃរត់ចូលស្រុកភូមិជាដើម។
តាមការពិត របាំត្រុដិនេះគឺជាបុណ្យឆ្លងពីឆ្នាំចាស់ទៅឆ្នាំថ្មី ពីភាពឧបទ្រពចង្រៃ ទៅជាភាពសម្បូរណ៍សប្បាយផូរផង់។ ពាក្យត្រុដិ ជាពាក្យសំស្ក្រឹត ដែលបានន័យថា ដំណើរកាត់ ឬផ្ដាច់។ ដូចនេះគេសម្ដែងរបាំត្រុដិក្នុងពេលដែល«ឆ្នាំចាស់ដាច់ ដើម្បីត្រេចផ្លាស់ចូលឆ្នាំថ្មី»។ តាមអត្ថន័យនេះ របាំត្រុដិដែលត្រូវបានប្រារព្ធធ្វើនោះ គឺត្រូវកំណត់ដំណើរកាត់ផ្ដាច់នៃឆ្នាំនីមួយៗក្នុងទស្សនៈរបស់ជនជាតិខ្មែរ ដែលបានរស់នៅខ្ពង់រាប និងវាលទំនាប។
ដូច្នេះហើយ ក្នុងពិធីបុណ្យឆ្លងនេះ គេប្រសិទ្ធិពរជ័យសព្វសាធុការសម្រាប់ឆ្នាំថ្មីដែលចូលមកដល់ ដោយសេចក្ដីរីករាយសប្បាយ។ ក្នុងន័យដដែលនេះ ការដែលគេមិនប្រារព្ធពិធីបុណ្យឆ្លង ឬការមិនចូលរួម អបអរសាទរនូវរបាំនេះ ដោយប្រការណាមួយ អាចនាំមកនូវរាល់អំពើទុក្ខសោកពុំខាន។ នេះជាអត្ថន័យ ទីមួយនៃរបាំត្រុដិ។ រីឯអត្ថន័យទី២ ក៏មានលក្ខណៈប្រហាក់ប្រហែលនឹងនេះដែរ ពោលគឺគេរាំរបាំត្រុដិ ពេលដែលសត្វព្រៃ ដូចជាត្រកួត ប្រើស ឈ្លូស ពស់ ចូលក្នុងភូមិ តាមពិតគេធ្វើឡើងក៏ដើម្បីផ្ដាច់ចេញពី ស្រុកភូមិរាល់ឧបទ្រព្យចង្រៃដែរ ហើយពិធីនេះមានឈ្មោះថា ពិធីឡើងភូមិ ឬពិធីរាំឡើងភូមិ។
និមិត្ដរូបដ៏សំខាន់នៃរបាំត្រុដិនេះ សម្រាប់បញ្ជាក់បង្ហាញនូវអត្ថន័យស៊ីជម្រៅ ក្រៅពីវត្ដមានរបស់ពួកអ្នករាំកាន់សញ្ញាសម្រាប់កំណត់ទំនុកច្រៀង គឺវត្តមានរបស់អ្នករាំកាន់ដំបងកោងមួយ ធ្វើរបៀបផ្សេង ដូចតំណាងផាលនង្គ័ល ដែលនៅខាងចុងមាន ចងកណ្ដឹងឬរោមក្ងោក។ និមិត្តរូបចម្បងមួយទៀត គឺវត្តមានរបស់អ្នករបាំពីរនាក់ទៀតរាំត្រាប់តាមទន្សោង ដែលចែចង់គ្នាដោយមានពាក់ស្នែងទន្សោងលើក្បាលរបស់គេថែមទៀតផង។ សត្វប្រើសូមជម្រាបថា អ្នករាំរបាំទន្សោងទាំងពីរនេះ តំណាងព្រានព្រៃដេញតាមសត្វប្រើសដែលគេត្រូវបរបាញ់។ ករណីមួយទៀត ដែលបង្ហាញនូវលក្ខណៈពិសិដ្ឋរបស់របាំនេះ គឺវត្តមានរបស់មនុស្សព្រៃម្នាក់ មុខលាបពណ៌ខ្មៅ ក្បាលរុំដោយផ្កា និងស្លឹកឈើជារុក្ខជាតិទេវតាថែរក្សាព្រៃភ្នំដែលជួយពួកព្រានព្រៃក្នុងការបរបាញ់។
ដូចនេះ តាមរយៈវត្ដមានរបស់តួអង្គគឺអ្នករាំរបាំដែលខ្លួនជាសត្វ ឬរុក្ខទេវតា ដែលតំណាងនូវសភាវៈល្អ ឬអាក្រក់ យើងអាចសម្គាល់នូវលក្ខណៈពិសិដ្ឋរបស់របាំត្រុដិ ដែលជាពិធីបុណ្យឆ្លងផ្ដាច់ឆ្នាំចាស់ចូលឆ្នាំថ្មី នៃប្រជាពលរដ្ឋខ្មែរយើង ដែលមានលក្ខណៈជីវចលនិយម ហើយលើសពីនេះទៀតនោះ គឺតួនាទីរបស់របាំ នេះក្នុងសង្គមខ្មែរ គឺការផ្ដល់ផលប្រយោជន៍សុភមង្គលរបស់មនុស្សក្នុងសង្គម ដោយរួមរឹតសម្ព័ន្ធភាពសាមគ្គីភាពរបស់ពួកគេឡើងវិញ។ ទស្សនៈបែបនេះ ពិតជាពុំមែនជាកេរមរតកវប្បធម៌ឥណ្ឌាទេ ក៏ប៉ុន្ដែជាមរតកវប្បធម៌មន-ខ្មែរ ដែលមានអាយុច្រើនពាន់ឆ្នាំមក ហើយ មានតម្លៃស្ថិតស្ថេររហូតដល់សព្វថ្ងៃនេះ។ គឺក្នុង«ពិធីរបាំឆ្លងនេះ» សាមគ្គីភាពរបស់មនុស្សខ្មែរគ្រប់ ឋានៈវណ្ណៈក្នុងសង្គមត្រូវពង្រឹងជាថ្មីឡើងវិញ ដើម្បីឈានទៅរកវឌ្ឍនភាពនិងសុភមង្គលដោយក្ដីសង្ឃឹម។ លក្ខណៈពិសិដ្ឋមួយទៀតរបស់របាំត្រុដិ គឺជំនឿលើបុព្វការីជន ក្រោមរូបភាពសត្វប្រើស ឬក្ងោកដែលឆ្លុះ បញ្ចាំងនូវភាពឯកភាពផ្នែកជំនឿសាសនា។ សូមជម្រាបថា ការដែលជនជាតិភាគតិច(ខ្មែរលើ) និងជនជាតិខ្មែរប្រារព្ធរបាំនេះ ពុំមែនជាការចៃដន្យទេ ក៏ប៉ុន្ដែទង្វើនេះបង្ហាញនូវវប្បធម៌រួមរវាងជនជាតិខ្មែរ ព្រៃភ្នំ(មន-ខ្មែរ) និងខ្មែរតែប៉ុណ្ណោះ ព្រមទាំងចំណាស់របស់ប្រពៃណីនេះផងដែរ៕