Uber កំពុងអនុវត្តជំហានទៅមុខជាមួយផែនការសាកពិសោធន៍តាក់ស៊ីហោះស្វ័យប្រវត្តិ ដោយប្រើឋាមពលអគ្គិសនី នៅ Los Angeles នាឆ្នាំ២០២០ ។ Uber កំពុងប្រាកដកម្មនូវផែនការ «តាក់ស៊ីហោះ» តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចែកទន់គ្រប់គ្រងជាមួយអង្គការ NASA ។

នាយក Uber លោក Jeff Holden បានប្រកាសពីកិច្ចសន្យាសេវាកម្មថ្មី នាឱកាសនៃព្រឹត្តិការណ៍ប្រចាំឆ្នាំ សំរាប់សហគមន៍ Web ស៊ីជម្រៅ – Web Summit នៅ Lisbon ព្រមជាមួយការផ្តើមសំណើរសាកពិសោធន៍សេវាកម្មតាក់ស៊ីហោះ Uber Air ៤ កៅអី, 200 mph នៅពាសពេញ Los Angeles នាឆ្នាំ២០២០ ។ នេះគឺជាទីផ្សារសាកល្បងទី២ បន្ទាប់ពី Dallas ។
Uber ឲ្យដឹងថា តាក់ស៊ីហោះប្រើប្រាស់ឥន្ធនៈអគ្គិសនីទាំងស្រុង ហើយដំណើរដែលស្ថិតក្នុងចំណុចខ្ពស់ត្រូវប្រើពេល ៨០ នាទី នៅសល់ត្រឹមតែ ៤ នាទី ប៉ុណ្ណោះ ។ Uber មានគ្រោងការណ៍នឹងផ្គត់ផ្គង់បែបផែនសម្របសម្រួលសេវាអាកាសចរណ៍សម្រាប់អូឡាំពិក Los Angeles ប្រព្រឹត្តទៅនៅឆ្នាំ២០២៨ ។ ប៉ុន្តែ អ្នកជំនាញការមួយចំនួននៅតែមានកង្វល់ថា តើតាក់ស៊ីហោះស្វ័យប្រវត្តិ ពិតជាក្លាយជារឿងប្រាកដដែរ ឬ ទេ ។
Holden នាយករបស់ Uber ពោលថាៈ «ដើម្បីអនុវត្តផែនការនេះដោយសុវត្ថិភាព និងមានប្រសិទ្ធភាព តម្រូវឲ្យមានការផ្លាស់ប្តូរជាមូលដ្ឋានក្នុងបច្ចេកវិទ្យាគ្រប់គ្រងលំហអាកាស ។ កិច្ចសហការដ៏ជំនាញលើបច្ចេកវិទ្យាផ្នែកទន់របស់ Uber ជាមួយបទពិសោធន៍រាប់សិបឆ្នាំពីសកម្មភាពលំហអាកាសរបស់ NASA គឺជាជំហានដ៏សំខាន់មួយ» ។

Uber នឹងសហការជាមួយក្រុមហ៊ុនផលិត ៥ ដែលមានឯកទេសផលិតប្រភេទយន្តហោះឡើង និងចុះត្រង់ជំនាន់ថ្មី ។ នៅឆ្នាំនេះ Uber បានជួលអ្នកឯកទេស ២ រូប របស់ NASA ដើម្បីគ្រប់គ្រងការផលិតយន្តហោះ និងកម្មវិធីផ្នែកទន់សំរាប់គ្រប់គ្រងចរាចរដែនអាកាស ។
Uber ក៏បានចុះកិច្ចសន្យាជាមួយ Sanstone Properties ដើម្បីធ្វើផែនការកសាងបណ្តា «កំពង់ផែអាកាសចរណ៍» ទុកសំរាប់បំរើឲ្យការឈប់សំចតរបស់តាក់ស៊ីយន្តហោះ ៕