ទីក្រុងគូឡាឡាំពួ ៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Lee Jae-Myung ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥។
ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតីបានអបអរសាទរចំពោះឯកឧត្តម Lee Jae-Myung ដែលបាន ក្លាយជាប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ។ សម្តេចបវរធិបតី បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលត្រូវបានភ្ជាប់ឡើងវិញនៅឆ្នាំ១៩៩៧ និងត្រូវបានដំឡើងកម្រិតដល់ភាពជាដៃគូយុទ្ធសាស្ត្រ នៅឆ្នាំ២០២៤ ដែលបានធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅ ហើយកិច្ចសហប្រតិបត្តិការក៏កាន់តែរីកចម្រើនគួរឱ្យកត់សម្គាល់ ស្ទើរគ្រប់វិស័យ។
ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាលើវិស័យសំខាន់ៗមួយចំនួន ដូចជាវិស័យការពារជាតិ និងសន្តិសុខ ពិសេស ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការប្រយុទ្ធប្រឆាំងនឹងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ថ្នាក់ដឹកនាំទាំងពីរបានចាត់ទុកថាវិស័យសន្តិសុខក្លាយជាវិស័យដែលមានភាពប្រទាក់ក្រឡា និងមានចរិតលក្ខណៈជាតំបន់ និងសកល ដែលទាមទារនូវកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំងក្លាពីបណ្តាប្រទេសជាច្រើន។ ទន្ទឹមនឹងការទទួលស្គាល់នូវកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមក រវាងអាជ្ញាធរនៃប្រទេសទាំងពីរ ដែលបានសម្រេចនូវលទ្ធផលជាផ្លែផ្កាជាច្រើន, ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្ដូរទស្សនៈគ្នាទៅវិញទៅមក សំដៅធានាបាននូវសុខសុវត្ថិភាពដល់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេស ភ្ញៀវទេសចរ វិនិយោគិន ក៏ដូចជាសហគមកម្ពុជាដែលកំពុងបម្រើការងារ និងស្នាក់នៅប្រទេសកូរ៉េ និងសហគមកូរ៉េ ដែលកំពុងបម្រើការងារ និងស្នាក់នៅប្រទេសកម្ពុជា។ ក្នុងន័យនេះ កម្ពុជា និងសាធារណរដ្ឋកូរ៉េ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីបង្ការ, ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋនានាដែលពាក់ព័ន្ធជាមួយជនជាតិកូរ៉េនៅកម្ពុជា ឱ្យកាន់មានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា, ការពារសន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ លេីសពីនេះ កម្ពុជា-សាធារណរដ្ឋកូរ៉េ នឹងបន្តពង្រឹងការផ្សព្វផ្សាយព័ត៌មាន និងកិច្ចសហប្រតិបត្តិការឱ្យបានច្រើន ធ្វើយ៉ាងណាបញ្ចៀសការភាន់ច្រឡំពីសំណាក់សាធារណជន ដែលបង្កជាការព្រួយបារម្ភនានាពាក់ព័ន្ធនឹងសុវត្ថិភាពនៃការធ្វើដំណើរ និងការ រស់នៅ។
ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពជាមួយនឹងគំនិតផ្ដួចផ្ដើមបង្កើតក្រុមការងារចំពោះកិច្ចចម្រុះកម្ពុជា-កូរ៉េ ក្នុងខែវិច្ឆិកាខាងមុខនេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងសមត្ថកិច្ចនៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋនានាដែលពាក់ព័ន្ធជាមួយជនជាតិកូរ៉េនៅកម្ពុជា រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយផ្ដោតលើការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវព័ត៌មានអំពីលទ្ធផលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ។ សម្ដេចបវរធិបតីបានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាអាទិភាពរបស់រាជរដ្ឋាភិបាល តាំងពីអាណត្តិកន្លងទៅ និងបន្តរហូតមកទល់នឹងពេលបច្ចុប្បន្ន ហើយកម្ពុជាជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងផ្ដល់ជាកម្លាំងដ៏មុតស្រួច និងមានប្រសិទ្ធភាព ដែលនឹងធានាបាននូវសុវត្ថិភាពជូនប្រជាជននៃប្រទេសទាំងពីរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី









