ថ្មីៗនេះ ស្រ្តីម្នាក់បានចែករំលែកបទពិសោធន៍របស់នាង នៅលើវេទិការចិន Xiao Hong Shu ប៉ុន្តែ បានលុបចេញវិញ។ ទោះជាយ៉ាងណា ទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន បានចែករំលែកសារនេះឡើងវិញ ដើម្បីផ្សព្វផ្សាយដល់អ្នកដទៃ ឲ្យមានការប្រុងប្រយ័ត្ន។ ក្នុងការបង្ហោះ ស្ត្រីម្នាក់នោះនៅ Penang បាននិយាយថា នាងដឹងពីជំងឺប៉េស្តជ្រូកក្នុងរដ្ឋ ប៉ុន្តែមិននឹកស្មានថា អាជីវករខ្លះនៅលក់ជ្រូកដែលមានជំងឺបែបនេះទេ។
ស្រ្តីរូបនោះបាននិយាយថា៖ «មនុស្សជាច្រើនកំពុងស្វែងរកសាច់ជ្រូកអាំង សម្រាប់ធ្វើពិធីបួងសួង នាពេលថ្មីៗនេះ ហើយខ្ញុំមិនជឿថា អ្នកលក់ខ្លះកំពុងលក់ជ្រូកដែលឈឺនោះទេ»។ នាងបន្តថា «ក្រុមគ្រួសារចាប់ផ្តើមមានអារម្មណ៍ថា មានអ្វីមួយមិនប្រក្រតីអំពីសាច់ជ្រូក នៅពេលហាន់សាច់បន្ទាប់ធ្វើពីពិធីរួច។ យើងបានកត់សម្គាល់ឃើញមានខ្ទុះក្រាស់នៅលើសាច់ ហើយវាមានក្លិនស្អុយខ្លាំងណាស់»។
នាងបានឲ្យដឹងទៀតថា មិនត្រឹមតែប៉ុណ្ណឹងទេ គ្រួសារក៏បានកត់សម្គាល់ឃើញថា សាច់មិនបានចម្អិនត្រឹមត្រូវទៀតផង ដោយសារសាច់ខ្លះនៅឆៅតែម្តង។
ក្នុងការបង្ហោះដែលបានលុប នាងបាននិយាយថា នាងបានបញ្ជាក់ជាមួយអ្នកលក់សាច់ជ្រូកផ្សេងទៀតថា ខ្ទុះក្រាស់ជាសញ្ញានៃសាច់ជ្រូក “មហារីក”។ បន្ទាប់មក ស្ត្រីរូបនេះបានទាក់ទងទៅអ្នកលក់ដើម្បីទារសំណង ប៉ុន្តែត្រូវបានគេបដិសេធ និងគ្រាន់តែបានផ្តល់សាច់ជ្រូកអាំងទាំងមូលជំនួសវិញប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ ស្ត្រីរូបនោះមិនបានបញ្ចេញឈ្មោះអាជីវករ ឬហាងនោះទេ ហើយបានដាស់តឿនអ្នកដទៃ ផ្អាកបរិភោគសាច់ជ្រូក ឬទិញជ្រូកចំអិនរួច ត្រូវពិនិត្យឲ្យបានល្អិតល្អន់ ដើម្បីជាការប្រុងប្រយ័ត្នសុវត្ថិភាព៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



