តាម Reuters ការស៊ើបអង្កេតករណីពុករលួយ ដ៏ល្បីរន្ទឺនៅអាណាចក្រនេះ បានរំលងផុតព្រំដែនហើយ។
អគ្គរាជអាជ្ញា Saudi Arabia Sheikh Saud al-Mojeb បានប្រកាសឲ្យដឹងថា “ផ្អែកតាមការស៊ើបអង្កេតជាង៣ឆ្នាំកន្លងមកយើងខ្ញុំ ប៉ាន់ប្រមាណឃើញថា ទឹកប្រាក់យ៉ាងតិច ១០០ប៊ីលានដុល្លារ បានត្រូវប្រើប្រាស់ ពុំចំគោលដៅ តាមរយៈការពុករលួយ និងកេងប្រវ័ញ្ចជាប្រព័ន្ធក្នុងច្រើនទសវត្សមកនេះ។
មន្ត្រីខាងលើឲ្យដឹងបន្ថែមថា ៖ មកទល់ពេលនេះមានមនុស្ស ២០៨នាក់ បានត្រូវកោះហៅសួរចម្លើយ ហើយមានតែ៨នាក់ប៉ុណ្ណោះ ត្រូវបានឲ្យវិលត្រឡប់ទៅវិញ រីឯ ២០១ នាក់ ទៀតកំពុងត្រូវឃុំខ្លួន។ ព្រះអង្គម្ចាស់រាប់សិបនាក់ ព្រមទាំងមន្ត្រីជាន់ខ្ពស់ ពាណិជ្ជករល្បីៗមហាសេដ្ឋីកំពូលៗព្រមទាំង សមាជិករដ្ឋាភិបាលកំពុងកាន់អំណាច ស្ថិតនៅក្នុងចំណោមអ្នកត្រូវឃុំខ្លួន។
បច្ចុប្បន្នការស៊ើបអង្កេត បានឆ្លងទៅកាន់ប្រទេសជិតខាង UAE ហើយធនាគារកណ្តាលរបស់ UAE បានសំណូមពរឲ្យបណ្តាធនាគារពាណិជ្ជកម្ម និងបណ្តាក្រុមហ៊ុនហិរញ្ញវត្ថុ នៅទីនោះផ្តល់ព័ត៌មានលំអិតអំពីបុគ្គល ១៩រូប។
ក្នុងចំណោមមនុស្ស ១៩នាក់នោះ រួមទាំងព្រះអង្គម្ចាស់-មហាសេដ្ឋី Alwaleed bin Talal និងអតីតមេបញ្ជាការឆ្មាំជាតិ ព្រះអង្គម្ចាស់ Miteb bin Abdullah ក៏ត្រូវបានចាប់ខ្លួន។ ព្រះអង្គម្ចាស់ Al-Waleed bin Talal ជាមហាសេដ្ឋីលំដាប់កំពូលពិភពលោក ។
សកម្មភាពខាងលើនៅ UAE គឺបំណងយកមកវិញនូវទឹកប្រាក់ទុច្ចរិតត្រុវបានកេងប្រវ័ញ្ច ផ្ញើទុកនៅបណ្តាធនាគារ UAE ។ ក្រៅពីនោះ Saudia Arabia នៅបានបង្កកគណនីជាង ១៧០០ ដែលពាក់ព័ន្ធនឹងអំពើពុករលួយនៅប្រទេសខ្លួន។
UAE ពិសេសគឺ Dubai ជាទីកន្លែងដែលមជ្ឈដ្ឋានសេដ្ឋីៗនៅ Saudi Arabia ប្រើប្រាស់ជាទីកន្លែងទុកដាក់លុយ។ ក្រៅពីទុកលុយនៅធនាគារ ពួកទាំងនោះ នៅបានទិញអចលនទ្រព្យ ឬវិនិយោគលើទីផ្សារភាគហ៊ុន។
កាសែត Wall Street Journal ដកស្រង់ព័ត៌មានពីប្រភពក្តាប់ជាប់បញ្ហានេះឲ្យដឹងថា មហាក្សត្រប្រទេសនេះ កំពុងស្វែងរកវិធីដើម្បីប្រមូលយកមកវិញនូវសាច់ប្រាក់ និងទ្រព្យសម្បត្តិមានតម្លៃប្រមាណ ៨០០លានដុល្លារ របស់ជនពុករលួយ កេងប្រវ័ញ្ច៕ សូយន