គ្រោះធម្មជាតិរញ្ជួយដីដ៏អាក្រក់បំផុតកម្រិត 7.8 រ៉ិចទ័រ កើតឡើងនៅក្នុងរវាងព្រំដែនប្រទេសតួកគី និងប្រទេសស៊ីរី កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅនេះ បានរកឃើញអ្នកស្លាប់កើនឡើងរហូតដល់ជាង ៥,០០០ នាក់ និងរងរបួសជាង ២០,០០០ នាក់ ខណៈពេលបច្ចុប្បន្ននេះ ក្រុមសង្គ្រោះកំពុងបន្ដស្វែងរក និងជួយសង្គ្រោះយ៉ាងដុតដៃដុតជើង ដោយសង្ឃឹមថា នឹងមានអ្នកនៅរស់រានមានជីវិត ដែលកំពុងកប់ជាប់ក្រោមគំនរថ្មអគារដែលដួលរលំ។
ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានពណ៌នាថា វាជាគ្រោះរញ្ជួយដីបំផ្លិចបំផ្លាញបំផុត ដែលប្រទេសនេះបានជួបប្រទះចាប់តាំងពីឆ្នាំ១៩៩៩។ ហើយគ្រោះមហន្តរាយនៅក្នុងប្រទេសទាំងពីរ គឺជាការរញ្ជួយដីដ៏សាហាវបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រ។
តែអ្វីដែលធ្វើឲ្យមហាជនគ្រប់គ្នា សឹងទប់អារម្មណ៍ពុំជាប់នោះ គឺខណៈពេលបានឃើញវីដេអូដ៏ស្លុតចិត្តមួយ ដែលត្រូវបានចែករំលែកនៅលើបណ្តាញសង្គម Twitter បានបង្ហាញពីការរកឃើញក្មេងស្រីអាយុ ៧ ឆ្នាំ ម្នាក់ កំពុងជាប់គាំងក្រោមគំនរបាក់បែក ខណៈកំពុងយកដៃបាំងក្បាលប្អូនប្រុសរបស់នាង ដែលឃើញហើយពិតជាគួរឲ្យសង្វេគណាស់។
នេះបើយោងតាមគណនី Twitter ឈ្មោះថា Mohamad Safa បានចែករំលែកឱ្យដឹងថា៖ «រកឃើញក្មេងស្រីវ័យ ៧ ឆ្នាំម្នាក់ យកដៃទល់គំនរថ្មបាំងក្បាលប្អូនប្រុស ដើម្បីការពារប្អូន ខណៈពួកគេទាំងពីរបានជាប់ក្នុងគំនរថ្មអស់រយៈពេលជាង ១៧ ម៉ោង។ នាងបានបង្ហាញស្នាមញញឹមរំភើបចិត្តយ៉ាងខ្លាំង ខណៈពេលដែលក្រុមសង្គ្រោះបានរកឃើញ»។
ក្រោយបានជួបក្រុមសង្គ្រោះ ក្មេងស្រីរូបនេះបាននិយាយទៅកាន់ពួកគេយ៉ាងដូច្នេះថា៖ «សូមជួយយកខ្ញុំ និងប្អូនខ្ញុំចេញផង ខ្ញុំនឹងបម្រើអ្នក»។ បើទោះបីជាអត់អាហារអត់ទឹកជាង ១៧ ម៉ោង តែក្មេងស្រីរូបនេះនៅតែអាចនិយាយយ៉ាងសុភាព និងចិត្តអារម្មណ៍នឹងនរ ដោយពុំបង្ហាញអារម្មណ៍តក់ស្លុត ស្រែកយំនោះទេ។
ទោះជាយ៉ាងណា ពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីត្រួតពិនិត្យសុខភាព ហើយបច្ចុប្បន្ន បងប្អូនស្រីប្រុសដ៏មានសំណាងទាំងពីរ ក៏កំពុងទទួលបានការថែទាំពីគ្រូពេទ្យក្នុងតំបន់យ៉ាងយកចិត្តទុកដាក់ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







