មានកម្លាំងជំរុញចិត្តមួយធ្វើឱ្យខ្ញុំគិតថា ចាំបាច់ត្រូវតែនាំយកចំណេះដឹងអំពីអាហារគោលចម្បង ៥ប្រភេទក្រុមមកជម្រាបជូន ដើម្បីឱ្យប្រីយមិត្តអ្នកស្ដាប់ ដែលស្រឡាញ់សុខភាព បានដឹង ឈប់ស្រពេចស្រពឹល និងបានស្គាល់កាន់តែច្បាស់ឡើង ព្រោះជាអាហារគោលចម្បងៗ ដែលរាងកាយមនុស្សត្រូវតែទទួលបានឱ្យគ្រប់រៀងរាល់ថ្ងៃ តែមានមនុស្សចំនួនមិនតិចទេ ដែលពេលនិយាយអំពីអាហារចម្បង ៥ប្រភេទក្រុម ពួកគេច្រើនតែប្រាប់ថា គឺជាសារធាតុអាហារ ៥ប្រភេទ ជំនួសឱ្យការប្រាប់ពីប្រភេទរបស់អាហារទៅវិញ…
វាជាចំណុចមួយដែលសំខាន់ខ្លាំងណាស់សម្រាប់សុខភាព ព្រោះចង់ឱ្យមិត្តអ្នកស្រឡាញ់សុខភាពទាំងអស់ មានការយល់ដឹងដូចៗគ្នា ព្រោះមានអ្នកខ្លះ ស្គាល់ ដឹង តែនៅមានភាពស្រពេចស្រពឹល និងយល់ច្រឡំ ព្រោះមានអ្នកបរិភោគមួយចំនួន ច្រើននិយាយថា ញ៉ាំអាហារឱ្យទទួលបាន “សារធាតុអាហារ ៥ប្រភេទ” ជំនួសឱ្យការនិយាយថា “ញ៉ាំអាហារឱ្យគ្រប់ ៥ប្រភេទក្រុម” ដូច្នេះពេលនេះ សុខភាពយើង សូមរំឭកឡើងវិញម្តងទៀត ដើម្បីឱ្យមានការយល់ដឹងដូចគ្នាដូចតទៅ…
-អាហារប្រភេទក្រុមទី១ មានដូចជា ទឹកដោះ ស៊ុត សាច់សត្វផ្សេងៗ គ្រាប់សណ្តែកស្ងួត និងអាហារដែលផ្តល់នូវសារធាតុអាហារប្រូតេអ៊ីនផ្សេងទៀត ជួយឱ្យរាងកាយរីកចម្រើនធំធាត់ និងជួយជួសជុលផ្នែកដែលសឹករេចរឹលក្នុងរាងកាយយើង។
-អាហារប្រភេទក្រុមទី២ មានដូចជា បាយ ម្សៅ មើមត្រាវ ដំឡូង ស្ករ ប្តល់នូវសារធាតុអាហារ ខាបូហាយដ្រេត ផ្តល់នូវកម្លាំងថាមពលដល់រាងកាយ។
-អាហារប្រភេទក្រុមទី៣ មានដូចជា គ្រាប់ធញ្ញជាតិ និងបន្លែផ្សេងៗ ផ្តល់នូវសារធាតុអាហារ វីតាមីន និងសារធាតុរ៉ែ ដើម្បីជំរុញការធ្វើការងាររបស់រាងកាយឱ្យមានភាពប្រក្រតី។
-អាហារប្រភេទក្រុមទី៤ មានដូចជា ផ្លែឈើផ្សេងៗ ដែលផ្តល់នូវសារធាតុអាហារ និងគុណប្រយោជន៍ដូចប្រភេទក្រុមទី៣ ដែរ។
-អាហារប្រភេទក្រុមទី៥ មានដូចជា ប្រេងឆា និងខ្លាញ់ ដែលមាននៅក្នុងគ្រាប់ធញ្ញជាតិ និងក្នុងសាច់សត្វ ផ្តល់នូវសារធាតុអាហារខ្លាញ់ ដើម្បីទទួលបានថាមពល និងភាពកក់ក្តៅដល់រាងកាយ។
ចាប់ពីពេលនេះតទៅ យើងមិនគួរហៅ អាហារក្រុមទី១ គឺប្រូតេអ៊ីន ឬក្រុមទី២ គឺខាបូហាយដ្រេត ឬក្រុមទី៣ គឺវីតាមីន ឬក្រុមទី៤ គឺសារធាតុរ៉ែ និងក្រុមទី៥ គឺខ្លាញ់ តទៅទៀតទេ តែគួរហៅឈ្មោះអាហារជំនួសវិញ ដើម្បីងាយស្រួលក្នុងការចាំ និងបរិភោគឱ្យបានគ្រប់ប្រភេទ។
មូលហេតុដែលលើកយករឿងអាហារគោលចម្បងៗទាំង ៥ប្រភេទក្រុមនេះមកនិយាយ គឺដើម្បីឱ្យមិត្តអ្នកស្ដាប់ដែលយកចិត្តទុកដាក់រឿងសុខភាព បានទទួលសារធាតុអាហារឱ្យគ្រប់ប្រភេទក្រុម តាមរយៈការបរិភោគអាហារឱ្យបានគ្រប់ ៥ប្រភេទក្រុមរៀងរាល់ថ្ងៃ ព្រោះគ្មានអាហារប្រភេទណាមួយ អាចផ្តល់សារធាតុអាហារបានគ្រប់ ឬជំនួសអាហារទាំង ៥ប្រភេទក្រុមនេះបានទេ៕