ថ្មីៗនេះ នៅលើបណ្តាញសង្គម បានកំពុងផ្ទុះការវែកញែកព្រោងព្រាត ជុំវិញលក្ខណ្ឌជ្រើសរើសចូលធ្វើទាហាន គឺបេក្ខជនដែលមានស្នាម «សាក់» នៅលើដងខ្លួន គឺមិនអនុញ្ញាតឲ្យដាក់ពាក្យចូលប្រលងបានទេ។
ការវែកញែក ជាមួយហេតុផលផ្សេងៗរបស់មហាជននៅពេលនេះ គឺបានផ្ទុះឡើង ខណៈនៅលើបណ្តាញសង្គមហ្វេសប៊ុក មានការចែករំលែកតៗគ្នា ដែលបានដកស្រង់ប្រភពពីទំព័រហ្វេសប៊ុក Army Cambodia – ខ.ភ.ម (ក្រសួងការពារជាតិកម្ពុជា) បានឲ្យដឹងយ៉ាងដូច្នេះថា៖ «បេក្ខជនដែលចង់មកយកពាក្យប្រឡងទាហាន បើអ្នកមានស្នាមសាក់ តូចក្តីធំក្តី ក្រុមការងារ នឹងមិនផ្ដល់ពាក្យអោយនោះទេ នេះជាគោលការណ៍របស់ក្រសួងការពារជាតិ!»។
នៅលើបណ្តាញសង្គម មានមតិភាគច្រើន បានបង្ហាញការមិនគាំទ្រ ចំពោះការដាក់លក្ខខណ្ឌហាមមិនឲ្យអ្នកមានសាក់លើខ្លួនប្រឡងចូលធ្វើជាទាហាន ព្រោះពួកគេ យល់ឃើញថា នេះជាទម្រង់នៃការរើសអើងមួយ។
ក្នុងនោះ គណនីហ្វេសប៊ុកឈ្មោះ Soun Senrith បានលើកឡើងជាយោបល់ថា៖ «ខ្ញុំគិតថាចំពោះមន្ត្រីយោធា និងមន្ត្រីប៉ូលីស គួរកុំដកសិទ្ធិដាក់ពាក្យបើគ្រាន់តែមានត្រឹមស្នាមសាក់! ករណីនេះគួរតែដាក់កម្រិតដល់មន្ត្រីរាជការស៊ីវិល និងគ្រូបង្រៀនបានហើយ! សម័យមុនកងទ័ពខ្មែរយើងភាគច្រើនសុទ្ធតែមានស្នាមសាក់ដើម្បីការពារខ្លួន ឬយើងអាចនិយាយមួយវិញទៀតបានថា យុវជនសម័យឥឡូវដែលមានស្នាមសាក់គួរតែចូលទៅបម្រើជាកងទ័ព គ្រាន់បើជាងដើរកាប់គ្នា បង្កើតបងតូចបងធំ ដែលជាមេរោគក្នុងសង្គម។ ខ្ញុំមិនលើកទឹកចិត្តអោយយុវជនចាក់សាក់នោះទេ តែគួរកុំរើសអើងក្នុងបុព្វហេតុបម្រើជាតិ»។
ចំណែក គណនីហ្វេសប៊ុកឈ្មោះ Chhoy Chomrern ក៏បានបញ្ចេញមតិថា៖ «គប្បីគិតពីសមត្ថភាព និងអត្តចរឹក ជាចម្បង បើជម្រុះ តាំងពីមិនទាន់ចាប់ផ្ដើម តើធនធានមនុស្សដែលអាចប្រើការបានមានប៉ុន្មានភាគរយ ណាមួយមិនប្រាកដថាអត់ស្នាមសាក់មានសមត្ថភាពជាងដែរ (ខ្ញុំគ្មានស្នាមសាកទេ តែផ្ដល់មតិព្រោះចង់ឲ្យប្រទេសមានការរីកចម្រើន លើផ្នែកការពារទឹកដី ក៏ដូចជាការជ្រើសរើសអ្នកមានចិត្តការពារទឹកដី ដោយចេញពីចិត្ត និងសមត្ថភាពពិតប្រាកដ) នេះគ្រាន់ជាការបញ្ចេញមតិ»។
រីឯអ្នកលេងម្នាក់ទៀត ក៏បានលើកហេតុផល យល់ឃើញស្រដៀងគ្នានឹងមតិទាំងពីរដែរថា៖ «សាក់យ័ន្ដខ្មែរមិនខុសទេ រឿងទី1..ព្រោះមេទ័ពកាលពីសម័យអង្គរក៍ពួកគាត់សាក់ដែរ ដើម្បីបង្ហាញពីប្ញទ្ធិអំណាច រឿង2…យ័ន្ដខ្មែរខ្លួនឯងមិនរក្សាទេ តិចទៀតថៃយកទៅទៀតតាំងចេញមកឡាំប៉ាទៀតហើយ..រឿងទី3..ខ្ញុំសុំសំណូមពរដល់ក្រសួងសូមមានកាលើកលែងដល់កូនខ្មែរដែលមានសាក់យ័ន្ដខ្មែរផង…បើសិនជាពួកគាត់សាក់ជារូបភាពមិនបានការ «ដាវ កំបិត សាក់រូបអាក្រក់មើល» មិនបាច់លើកលែងទេ…ខ្ញុំមិនចម្លែកមិនឆ្ងល់ទេថាហេតុអី…បានថៃវាចេះតែយករបស់ខ្មែរទៅ..ក៍ព្រោះតែខ្មែរមិនចេះថែរបស់ខ្លួនឯង…ដូចកាលជំនាន់សម័យព្រះគោចឹង បណ្តេញចេញ ព្រោះខ្លាចចង្រៃដល់ប្រទេសជាតិ…មានណាថៃឃើញថៃយកបាត់ តាំងមកឡាំប៉ាដូចរាល់ថ្ងៃនេះចឹង…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






