Friday, December 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ាម៉ាក់ឆ្លាតវៃ៖ ប៉ាប៉ាសម័យថ្មី ក៏អាចជួយម៉ាក់ម៉ាក់ ចិញ្ចឹមកូនដោយទឹកដោះម្ដាយឱ្យបានជោគជ័យដែរ

ឪពុកជាច្រើននាក់តែងយល់ខុសរហូតមកជានិច្ចថា ខ្លួនឯង ស្ទើរតែគ្មានតួនាទីអ្វីឡើយ ក្នុងការរួមចំណែកឱ្យកូនតូចសម្លាញ់ បានបៅទឹកដោះម្តាយយ៉ាងពេញលេញបរិបូរណ៍ ព្រោះគិតថា តួនាទីទាំងអស់នោះ គឺភរិយា ជាអ្នកទទួលធ្វើតែម្នាក់ឯងទាំងអស់ តែថ្ងៃនេះ “ប៉ាម៉ាក់ឆ្លាតវៃ” សូមប្រាប់ថា…នេះគឺជាការគិតដែលខុសស្រឡះ។ ឪពុកក៏ជាមនុស្សសំខាន់ ប្រហាក់ប្រហែលនឹងម្តាយដែរក្នុងការជួយឱ្យការចិញ្ចឹមកូនដោយទឹកដោះម្តាយឱ្យទទួលបានជោគជ័យ និងកន្លងផុតទៅយ៉ាងល្អប្រសើរ ព្រោះស្វាមី គឺជាជំនួយការលេខ១ របស់ភរិយា ដែលអាចជួយបានក្នុងរឿងដូចតទៅនេះ…

១- ជួយមើលថែទាំកូនច្បង ខណៈដែលភរិយាបំបៅទឹកដោះកូនប្អូន។

២- ជួយបីកូនតូច លួងលោមឱ្យបាត់យំ លេងជាមួយកូន ខណៈដែលភរិយាកំពុងគេងសម្រាកយកកម្លាំង។

៣- ជួយលាងសម្អាត និងចំហុយដបទឹកដោះគោសម្លាប់មេរោគ ជួយភរិយាធ្វើការងារផ្ទះ ដើម្បីឱ្យភរិយាមិនចាំបាច់នឿយហត់ខ្លាំងពេក។

៤- ជួយលើកកូនតូចសម្លាញ់ បីឡើង ដើម្បីឱ្យបានភើ បន្ទាប់ពីបៅទឹកដោះម្តាយរួច ជួយលាងសម្អាតគូទ ផ្ងូតទឹកកូនជំនួសភរិយាម្ដងម្កាល នៅពេលដែលភរិយាមិនទំនេរ។

៥- ជួយរកអាហារដែលមានប្រយោជន៍ មកឱ្យភរិយាញ៉ាំ ដើម្បីបង្កើនគុណភាពទឹកដោះ។

៦- នាំភរិយាទៅដើរលេងកម្សាន្ត សម្រាកលម្ហែកាយ ព្រោះនៅពេលដែលភរិយាមានសេចក្តីសុខ ទឹកដោះនឹងផលិតចេញមកច្រើន។

៧- ជួយអធិប្បាយ ផ្តល់ដំណឹងយ៉ាងសុភាពទន់ភ្លន់ តែទទួលបានផលល្អ ទៅមនុស្សដែលនៅជុំវិញខ្លួន ជាពិសេសចាស់ទុំខាងខ្លួនឯង ឱ្យបានយល់ដឹងយ៉ាងត្រឹមត្រូវ អំពីការជួយភរិយាក្នុងការមើលថែទាំកូនតូចនេះ។

៨- និយាយលើកទឹកចិត្ត និងសរសើរភរិយាឱ្យបានញឹកញាប់ សម្រាប់ការលះបង់ ដែលភរិយាខំពុះពារព្យាយាមក្នុងការបំបៅទឹកដោះកូន មិនថាតែការសុខចិត្តអត់ងងុយ ភ្ញាក់ឡើងឱ្យកូនបៅទឹកដោះញឹកញាប់រៀងរាល់យប់ ទ្រាំឈឺចាប់នៅពេលក្បាលដោះបែក ឬរលាកជាដើម និងការតមអាហារជាច្រើនយ៉ាង ក្នុងករណីដែលកូនតូចមានប្រតិកម្មចាញ់ ជាមួយអាហារពពួកប្រូតេអ៊ីនប្រឈមមួយចំនួន។

និង៩- ជួយថើបថ្ពាល់ភរិយាថ្នមៗឱ្យបានញឹកញាប់ ដើម្បីឱ្យភរិយាមានកម្លាំងចិត្តក្នុងការបំបៅទឹកដោះកូននៅពេលបន្តៗទៀត៕

×