Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការរឹតបន្តឹងអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក បានផ្ដល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សង្គម ក្នុងការជួយសង្គ្រោះជីវិតអ្នកប្រើប្រាស់ផ្លូវពីគ្រោះថ្នាក់ដ៍កាចសាហាវ

spot_img

ភ្នំពេញ៖ អគ្គស្នងការដា្ឋននគរបាលជាតិ បានចេញសេចក្តីជូនដំណឹងស្តីពីវឌ្ឍនភាពនៃការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក, ការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកបានផ្ដល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សង្គម ក្នុងការជួយសង្គ្រោះជីវិតអ្នកប្រើប្រាស់ផ្លូវពីគ្រោះថ្នាក់ដ៍កាចសាហាវ និងបង្កើតឱ្យមានបរិស្ថានចរាចរណ៍ប្រកបដោយសុវត្ថិភាព។

១.ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២០ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៍ឈ្លាសវៃរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មាធិការ ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អគ្គស្នងការដ្ឋាននគរបាលជាតិបានបំពេញតួនាទីភារកិច្ចរឹតបន្តឹងការអនុវត្ត ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ព្រមទាំងសហការបំពេញកិច្ចការសុវត្ថិភាពចរាចរណ៍ផ្លូវគោកយ៉ាងសកម្ម ដូចជា ការផ្សព្វផ្សាយអប់រំច្បាប់ ការងារសង្គ្រោះបន្ទាន់ ជាដើម ទទួលបានលទ្ធផលល្អប្រសើរ ដោយបានរួមចំណែក កាត់បន្ថយអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកចំនួន ៤.៥៦១នាក់ ស្មើនឹង៦២% នៃផែនការជាតិទស្សវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបានធៀបជាមួយចំនួនប្រជាជន និងចំនួនយានយន្ត ដូចតទៅ៖

  • កាត់បន្ថយអត្រាស្លាប់ពីចំនួន១៣.១នាក់ មកនៅត្រឹមចំនួន១០.១នាក់ ក្នុងប្រជាជនចំនួន១សែននាក់
  • កាត់បន្ថយអត្រាស្លា.ប់ពីចំនួន១០នាក់ មកនៅត្រឹមចំនួន ២.៥នាក់ ក្នុងយានយន្តចំនួន១ម៉ឺនគ្រឿង ។

ទន្ទឹមនឹងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការរឹតបន្តឹងអនុវត្តច្បាប់បានជម្រុញលើកកម្ពស់ស្មារតីគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក រៀបចំឱ្យកាន់តែប្រសើរឡើងនូវសណ្តាប់ធ្នាប់ចរាចរណ៍ឱ្យបានសមស្របតាមបទដ្ឋានសុវត្ថិភាពចរាចរណ៍ និងរួមចំណែកលើកកម្ពស់កិត្យានុភាពជាតិ។

២.អគ្គស្នងការដ្ឋាននគរបាលជាតិបានកែទម្រង់វិធីសាស្ត្រប្រតិបត្តិការឱ្យកាន់តែទំនើប ដោយទទួលបាន ការបំពាក់មធ្យោបាយបច្ចេកទេសប្រតិបត្តិការដូចជា ឧបករណ៍ត្រួតពិនិត្យល្បឿន ឧបករណ៍ត្រួតពិនិត្យជាតិ ស្រវឹង ឧបករណ៍ត្រួតពិនិត្យសារធាតុញៀន ឧបករណ៍ចេញបណ្ណពិន័យ និងដកពិន្ទុ ជាដើម ក្នុងគោលដៅ ធានាតម្លាភាព និងប្រសិទ្ធភាពនៃការរឹតបន្តឹងអនុវត្តច្បាប់។ ការរឹតបន្តឹងច្បាប់បានផ្តោតលើកត្តាបង្កគ្រោះថ្នាក់ ដោយបានកំណត់ករណីល្មើសចំពោះរថយន្តមានចំនួន ៩ ករណី (ល្មើសល្បឿន ស្រវឹង ល្មើសភ្លើងឬផ្លាកសញ្ញា គ្មានបណ្ណបើកបរ ល្មើសបត់ឬជែង មិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ការដឹកលើសចំណុះ គ្មានផ្លាកលេខឬ បណ្ណសម្គាល់ និងប្រើទូរស័ព្ទពេលបើកបរ) និងបានកំណត់ករណីល្មើសចំពោះទោចក្រយានយន្ត ត្រីចក្រយាន យន្តមានចំនួន ៧ ករណី (មិនពាក់មួកសុវត្ថិភាព ស្រវឹង ល្មើសភ្លើងឬផ្លាកសញ្ញា ល្មើសបត់ឬជែង ការដឹកលើសចំណុះ គ្មានផ្លាកលេខ និងប្រើទូរស័ព្ទពេលបើកបរ) ។

៣.កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកបានបំពេញកិច្ចការជាច្រើនដោយមិនខ្លាចនឿយហត់គ្រប់ពេល វេលា ក្នុងការដោះស្រាយការកកស្ទះចរាចរណ៍ ការដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ ការសង្គ្រោះជនរងគ្រោះ ការសម្រួលចរាចរណ៍ឱ្យមានប្រក្រតីភាព ការរៀបចំសណ្តាប់ធ្នាប់លើទ្រូងផ្លូវ ការនាំកូនប្រតិភូ និងការពារ សុវត្ថិភាពលើដងផ្លូវជូនអ្នកប្រើប្រាស់ផ្លូវ។ កងកម្លាំងទាំងអស់ ត្រូវបានអប់រំជាប្រចាំនូវសីលធម៌ វិន័យ ទន់ភ្លន់តែម៉ឹងម៉ាត់ក្នុងការបំពេញភារកិច្ច និងត្រូវបានធ្វើការត្រួតពិនិត្យជាប្រចាំពីអង្គភាព ។ ជាមួយនេះ អង្គភាព នគរបាលចរាចរណ៍ផ្លូវគោកតែងតែឆ្លើយតប បំភ្លឺ រកការពិតជូនមតិយោបល់សាធារណជនតាមបណ្ដាញសង្គម និងតាមប្រព័ន្ធផ្សព្វផ្សាយនានា ព្រមទាំងអនុវត្តចំណាត់ការច្បាស់លាស់ស្របតាមវិន័យកងកម្លាំង និងច្បាប់ជា ធរមាន ចំពោះមន្ត្រីខិលខូចប្រព្រឹត្តខុសឆ្គង និងចាត់វិធានការម៉ឺងម៉ាត់ចំពោះការប្រឌិតព័ត៌មានមិនពិត ក្នុងចេតនា អាក្រក់ បង្អួចកិត្តិយស ឬបង្កអស្ថេរភាពសង្គម។

៤.ផ្អែកលើទឡ្ហីករណ៍សង្ខេបខាងលើ ការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកបានផ្ដល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សង្គម ក្នុងការជួយសង្គ្រោះជីវិតអ្នកប្រើប្រាស់ផ្លូវពីគ្រោះថ្នាក់ដ៍កាចសាហាវ និងបង្កើតឱ្យមានបរិស្ថានចរាចរណ៍ប្រកបដោយសុវត្ថិភាព និងរបៀបរៀបរយ មិនដូចការលើកឡើង តាមអារម្មណ៍របស់បុគ្គលខ្លះដែលខ្វះការពិចារណា ឬមានទស្សនៈមិនគ្រប់ជ្រុងជ្រោយ។ សូមប្រជាពលរដ្ឋកុំទាន់ ជឿ ឬចែកចាយនូវព័ត៌មានទាំងឡាយណា ដែលមិនទាន់មានមូលដ្ឋានសំអាងច្បាស់លាស់ ឬមិនស្របតាម តថភាពជាក់ស្ដែង ។

៥.អគ្គស្នងការដ្ឋាននគរបាលជាតិសំណូមពរដល់ប្រជាពលរដ្ឋគ្រប់រូប មេត្តាបន្តចូលរួមគោរពច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក មានការយោគយល់អាធ្យាស្រ័យ និងបើកបរដោយស្មារតីប្រុងប្រយ័ត្នគ្រប់ពេល គ្រប់ទីកន្លែង ដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ។ អគ្គស្នងការដ្ឋាននគរបាលជាតិស្វាគមន៍ទទួលនូវការចូលរួមមតិយោបល់ ក្នុងន័យស្ថាបនា និងបំបាត់អំពើអសកម្ម ដើម្បីកសាងកងកម្លាំងប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ សំដៅធានាសម្រេចភារកិច្ចរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោកជូនប្រជាពលរដ្ឋ និងសង្គមជាតិយើង ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×