ថ្មីៗនេះ ប្រជាជនម៉ាឡេស៊ីជាច្រើន បាននាំគ្នាទៅកាន់ភ្នំ Batu Caves ដើម្បីប្រារព្ធពិធីបុណ្យ Thaipusam ។ ដោយសារ Thaipusam ជាពិធីបុណ្យហិណ្ឌូ ហេតុនេះ គេតែងតែសន្មត់ថា អ្នកចូលពិធីបុណ្យភាគច្រើន គឺមានដើមកំណើតឥណ្ឌា។
ទោះជាយ៉ាងណា អ្វីដែលធ្វើឲ្យប្រជាជនម៉ាឡេស៊ី មានការភ្ញាក់ផ្អើល និងចម្លែកខ្លាំងនោះ គឺបន្ទាប់ពីបានឃើញថា មានក្រុមអ្នកកាន់សាសនាហិណ្ឌូ បែរជាជនជាតិចិន ដែលក៏បានចូលរួមក្នុងពិធីបុណ្យនេះផងដែរ!។
ជាក់ស្តែង រូបភាពជនជាតិចិនហិណ្ឌូ បានកំពុងរីករាលដាលនៅលើ Twitter។ ប៉ុន្តែ បើទោះបីជាមានការរាយការណ៍ថា មានជនជាតិចិនហិណ្ឌូប្រហែល ១៥,០០០ នាក់ កំពុងស្ថិតក្នុងប្រទេសម៉ាឡេស៊ីក៏ដោយ ក៏ប្រជាជនម៉ាឡេស៊ីភាគច្រើន បាននិយាយថា ពួកគេមិនដែលបានជួបសូម្បីតែមួយក្រុម ឬបានឮពីក្រុមបែបនេះតាំងពីដើមមក។
អ្នកនិយមលេងអ៊ីនធឺណិតបានចូលទៅក្នុង Twitter ដើម្បីបង្ហាញពីការភ្ញាក់ផ្អើលរបស់ពួកគេ បន្ទាប់ពីបានឃើញរូបភាពរបស់ក្រុមជនជាតិចិនហិណ្ឌូទាំងនេះ។ អ្នកប្រើម្នាក់បានលាន់មាត់ថា «ម៉េចក៏ខ្ញុំមិនដែលឃើញ ឬឮអំពីរឿងនេះដែរ ខ្ញុំពិតជាមិនដែលបានដឹងមែន ព្រោះម៉ាឡេស៊ីជាប្រទេសមានវប្បធម៌»។
ចំណែកអ្នកប្រើម្នាក់ទៀតក៏បានបញ្ចេញមតិថា៖ «ទោះបីជាខ្ញុំបានរស់នៅក្នុងប្រទេសម៉ាឡេស៊ីអស់រយៈពេល ៣០ ឆ្នាំក៏ដោយ តែខ្ញុំទើបតែបានរកឃើញរឿងនេះ។ នេះជាសម្រស់របស់ប្រទេសម៉ាឡេស៊ី អ្នកមានសេរីភាពក្នុងការអនុវត្តសាសនា និងជំនឿរបស់អ្នក»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


