នៅលើបណ្តាញសង្គម កាលពីពេលថ្មីៗនេះ មានការចែករំលែកតៗគ្នា ជាមួយរូបភាពរថយន្តទំនើបម៉ាក Range Rover ពណ៌ខ្មៅ ១ គ្រឿង បំពាក់ផ្លាកសំគាល់ដ៏ចម្លែកខុសគេ «Heng Huy Autocars» ដែលគេបានបញ្ជាក់ថា ឲ្យតែឡានមានផ្លាកយីហោពិសេសនេះ ចេញធ្វើចរាចរនៅលើដងផ្លូវ គឺពុំឃើញប៉ូលិសចរាចរណាហ៊ានប៉ះនោះទេ និងថែមទាំងគោរពទៀតផង ដែលធ្វើឲ្យមហាជនសម្តែងការហួសចិត្ត និងរិះគន់ទៅលើសមត្ថកិច្ច អនុវត្តច្បាប់មិនស្មើភាពគ្នា ពោលគឺហ៊ានធ្វើបានតែចំពោះប្រជាពលរដ្ឋតូចតាច តែជាមួយអ្នកជិះឡានទំនើប មានអំណាចទឹកលុយ និងអំណាចបុណ្យស័ក្តវិញ គឺឲ្យទៅយ៉ាងរលូន។
ដូចការរំពឹងទុក ក្រោយពីបានឃើញមតិមហាជន នាំគ្នាផ្ទុះការរិះគន់ដាក់ឡើងកប់ៗរួចមក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបំភ្លឺយ៉ាងដូច្នេះថា៖ «ឡានដែលពាក់ផ្លាក Heng Huy មិនមានសមត្ថកិច្ចចរាចរណ៍ណាហ៊ានឃាត់ ហើយថែមទាំងគោរព» ជាក់ស្តែងក្នុងនាមមន្ត្រីអនុវត្តច្បាប់ គឺតែងតែអនុវត្តស្មើគ្នាចំពោះមុខច្បាប់ បើខុសត្រូវតែអនុវត្តតាមច្បាប់ ប៉ុន្តែតាមការសួរនាំទៅម្ចាស់រថយន្ត គឺគាត់ទើបទិញរថយន្តនេះ កាលពីថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២៣ ហើយនៅព្រឹកថ្ងៃទី០៩នេះ គាត់បានយករថយន្តរបស់គាត់ទៅធ្វើផ្លាកលេខនៅកន្លែងធ្វើផ្លាកលេខ រួចរាល់ហើយ»។
តែទោះជាយ៉ាងណា មានអ្នកលេងបណ្តាញសង្គមម្នាក់ បានប្រាប់ឲ្យដឹងថា ធ្លាប់បានឃើញឡានបំពាក់ផ្លាកសំគាល់ Huy Heng ដូចគ្នានេះ ជាច្រើនគ្រឿង បើកនៅសៀមរាប។ ខណៈអ្នកខ្លះទៀត ក៏បានសម្តែងការអស់សំណើចក្នុងន័យសើចចំអក បង្ហោះវីដេអូឲ្យឃើញ ឡានទំនើបផ្សេងទៀតបំពាក់ផ្លាកសំគាល់ Heng Huy Autocars ដោយដាក់ថា «ឆ្ងល់ ឃ្លាំងឡានហ្នឹងលក់ដាច់ម្ល៉េះ ព្រោះឃើញជិះពេញផ្លូវ»។
ជាមួយគ្នានេះ មហាជនមួយចំនួន ក៏បានរិះគន់ស្នងការ កុំចូលចិត្តបំភ្លឺដោះសារ រៀនទទួលស្គាល់ការពិតផងខ្លះទៅ ប្រទេសមានច្បាប់ ប៉ុន្តែ មនុស្សមួយចំនួន កន្ទេលធំបន្លំដេក។ សូមបញ្ជាក់ថា បើយោងតាមច្បាប់យានយន្ត ត្រង់មាត្រា១១ថ្មី បានចែងថា ម្ចាស់ហាងលក់យានយន្តគ្រប់ប្រភេទដែលមិនបានបំពេញបែបបទចុះបញ្ជីយានយន្ត សុំបណ្ណសំគាល់យានយន្ត និងសុំផ្លាកលេខយាយន្តឲ្យបានចប់សព្វគ្រប់ មុនប្រគល់ឲ្យអ្នកទិញ នឹងត្រូវទទួលរងពិន័យចាប់ពី ១សែន២ម៉ឺនរៀល រហូតដល់ ២លាន៤សែនរៀល។
តែយ៉ាងណា ស្នងការក៏បានប្រាប់ឲ្យដឹងថា បើឡានទើបទិញមានឯកសារត្រឹមត្រូវ សមត្ថកិច្ចអនុគ្រោះឲ្យត្រឹមរយៈពេល ២ ឬ ៣ ថ្ងៃ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






