ភ្នំពេញ ៖ នេះជាការបើកបង្ហាញនូវ ចំនុចយកចិត្តទុកដាក់បន្តទៀតក្នុងពេលដែល ស្រាប់តែទទួលដំណឹងមួយនេះ។ ដោយសារតែគេ ទទួលបាន ដំណឹងមិនទាន់ច្បាស់ការណ៍ តែក៏ត្រូវបាន កំណត់ឲ្យដឹង ដើម្បីការពារ លោកគ្រូអ្នកគ្រូ សិល្បៈផ្នែកបុរាណដែលជាធនធានឬសគល់ដ៏សំខាន់ សម្រាប់រក្សានិងបណ្តុះជនជំនាន់ក្រោយ។

នាពេលថ្មីៗនេះ តារាចម្រៀងជើងចាស់ គឺលោក សុះ ម៉ាច បាន ចេញមកបង្ហោះសារនៅលើ បណ្ដាញសង្គមហ្វេសប៊ុក ដោយលោកលើកឡើង ពីការ អំពាវនាវដល់រាជរដ្ឋាភិបាលមេត្តាយកចិត្ត ទុកដាក់ចំពោះប្រាក់បៀវត្សរ៍របស់លោក គ្រូអ្នក គ្រូផ្នែកសិល្បៈ បុរាណខណៈមានការលេចលឺដំណឹង មកថាប្រទេសជិតខាង កំពុងព្យាយាម អូសទាញ គ្រូៗជំនាញសិល្បៈបុរាណយកទៅបង្រៀននៅស្រុកគេ ។

លោកសុះ ម៉ាចបាន រៀបរាប់ខ្លឹមសារ ប្រាប់មហាជនយ៉ាងដូច្នោះថា ៖ខ្ញុំបានឮល្ហិចល្ហៀងថា ថៃបានជួលអ្នកគ្រូរបាំបុរាណ អោយទៅបង្ហាត់នៅសាលាថៃ .ព្រមទាំងទាក់ទងលោកគ្រូតុលា ដែលជាគ្រូបង្ហាត់ ឧបករណ៍ ភ្លេងបុរាណ(ទ្រ)ទៅបង្ហាត់នៅសាលាថៃ ដោយផ្តល់ជូនប្រាក់ខែខ្ពស់ទៀតផង តែលោកគ្រូតុលាមិនព្រមទទួលយកការអញ្ជើញនោះទេ។ តែអ្នកគ្រូរបាំដែលខ្ញុំមិនចាំឈ្មោះ បាននិងកំពុងតែបង្ហាត់នៅទីនោះផងដែរ (មិនដឹងថាពិតឬយ៉ាងណានោះទេ)។ នេះបើតាមការអោយដឹងពីលោកគ្រូតុលា និងប្រភពមួយទៀតដែលខ្ញុំមិនចាំ។ ពាក់ព័ន្ធនិងរបាំបុរាណបើថៃគេរៀនបានប្រហាក់ប្រហែល នឹងខ្មែរមែននោះ បញ្ហានឹងកើតមានទៀតមិនខាន ដូចជាល្ខោនខោល គុនខ្មែរជាដើម។ ចូរប្រយ័ត្នផងណា៎ ! សូមរដ្ឋាភិបាលមេត្តាយកចិត្តទុកដាក់ ដល់អ្នកគ្រូលោកគ្រូសិល្ប:បុរាណខ្មែរឲ្យបានជីវភាពសមរម្យល្អ ដើម្បីបន្តមនសិការជាតិរបស់ពួកគាត់ផង ។នេះជាការបញ្ចេញមតិយោបល់របស់ខ្ញុំ ក្នុងនាមសិល្បករខ្មែរមួយរូប ដែលស្រឡាញ់និងអភិរក្សសិល្ប:វប្បធម៌ខ្មែដ៏ល្អផូរផង់។ គួរពុំគួរសូមអធ្យាស្រ័យដល់ខ្ញុំបាទផងសូមអរគុណ។

ជាការកត់សម្គាល់សិល្បៈផ្នែកបុរាណ ឃើញថា យុវជនជំនាន់ក្រោយ និយមចូលចិត្តតាមផ្នែកខ្លះៗ មិនទាំងអស់នោះទេ។ ចំណែកឯតួលេខអ្នកដាក់ពាក្យ ចូលរៀននៅសាលាសិល្បៈ ផ្នែកបណ្តុះបណ្តាលខ្លះ មានតិចតួចឬគ្មានតែម្តង។ បើទោះជាគ្រូៗ ធ្លាប់អំពាវនាវ អោយជួយបន្តវេន ក៏ហាក់មិនទទួលបានការគាំទ្រ។ សិស្សនិស្សិតខ្លះ រៀនជំនាញណាដែល មានទីផ្សារជាសំខាន់ ខណៈជំនាញខ្លះ ត្រូវបានកប់ចោល ព្រោះមិនមានសិស្សចូលរៀន។

ចំពោះករណីខាងលើ នេះយើងកំពុងព្យាយាម សុំសម្ភាសលោក គ្រូ អ្នកគ្រូសាស្ត្រារ្យ ផ្នែកសិល្បៈបុរាណ ដើម្បីបំភ្លឺបន្ថែមថា តើពិតជាមាន ករណីអូសទាញទឹកចិត្ត គ្រូៗ មែនដូចការ លើកឡើង ឬយ៉ាងណា ?
ក្រោយការបង្ហោះរបស់លោក សុះ ម៉ាច គេមើលឃើញ ថាមហាជន ជាច្រើនគាំទ្រចំពោះមតិ របស់លោកហើយ ខ្លះទៀតមានសំណូមពរ ឱ្យក្រសួងពាក់ព័ន្ធជួយពិនិត្យចំពោះបញ្ហានេះផងដែរ ៕ រក្សាសិទ្ធិដោយ ៖ សំណាងSV






