រដ្ឋាភិបាលឥណ្ឌា បានជម្រុញប្រជាជន ឱ្យបោះបង់ប្រពៃណីលោកខាងលិចនៅ «ថ្ងៃបុណ្យនៃក្តីស្រឡាញ់ (Valentine’s Day)» និងប្រារព្ធទិវានៃ «ក្តីស្រឡាញ់ដោយឱបគោដ៏ពិសិដ្ឋ» ជំនួសវិញ។
ជាក់ស្តែង ថ្ងៃទី១៤ កុម្ភៈ ខាងមុខនេះ រដ្ឋាភិបាលឥណ្ឌា បានប្តូរឲ្យហៅ «Cow Hugging Day» ដើម្បីលើកទឹកចិត្តមនុស្សឱ្យបង្ហាញក្តីស្រលាញ់ ចំពោះសត្វដែលត្រូវបានចាត់ទុកថាពិសិដ្ឋក្នុងសាសនាហិណ្ឌូ។
យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល ការផ្តាល់ក្តីស្រលាញ់ «ឱបគោ» នឹងនាំមកនូវអារម្មណ៍ដ៏សម្បូរបែប ហើយនឹងបង្កើនសុភមង្គលបុគ្គល និងជាសមូហភាព ផងដែរ។
គោលបំណងនៃ «Cow Hugging Day» គឺដើម្បីលុបបំបាត់ឥទ្ធិពលនៃ «វប្បធម៌លោកខាងលិច (Valentine’s Day)» ដែលរដ្ឋាភិបាលឥណ្ឌា ចាត់ទុកថាវាជាការបន្ទាបតម្លៃប្រពៃណីរបស់ប្រទេស។
ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដោយសារសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាបានបើកដំណើរការ ហេតុនេះ «ទិវានៃក្តីស្រឡាញ់» ដែលជាឫសគល់ក្នុងថ្ងៃបុណ្យគ្រិស្តសាសនា ក៏បានក្លាយជាការពេញនិយមក្នុងចំណោមយុវវ័យ ដែលជំរុញដោយយុទ្ធនាការទីផ្សារយ៉ាងទូលំទូលាយ ដើម្បីលក់ផ្កា តុក្កតាខ្លាឃ្មុំ កាដូរូបបេះដូង និងកាយវិការស្នេហាផ្សេងៗ។
ប៉ុន្តែនៅពេលដែលនយោបាយជាតិនិយម កើនឡើងនៅក្នុងប្រទេសឥណ្ឌា ថ្ងៃឈប់សម្រាក និងប្រពៃណីរបស់បស្ចិមប្រទេសដូចជា Valentine ត្រូវបានគេមើលឃើញថា ជាការលើកទឹកចិត្តឱ្យតម្លៃ «ធ្លាក់ចុះ»។
ក្រុមស្តាំនិយមជាច្រើនដែលមានមនោគមវិជ្ជាតឹងរ៉ឹងលើសីលធម៌ស្ត្រី បានវាយប្រហារហាងលក់កាដូ និងគូស្នេហ៍ដែលកាន់ដៃគ្នានៅទីសាធារណៈ។ អំណះអំណាងរបស់អ្នករិះគន់, Valentine គឺថាថ្ងៃឈប់សម្រាកលើកទឹកចិត្តស្ត្រីឲ្យមានចរិតមិនល្អ និងប្រព្រឹត្តអំពើថោកទាប។
ប៉ុន្តែ សម្រាប់ «Cow Hugging Day» គឺជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលចុងក្រោយបង្អស់ ដែលចាប់ផ្តើមដោយគណបក្ស BJP របស់នាយករដ្ឋមន្ត្រី Narendra Modi ដើម្បីធ្វើឱ្យការគោរពគោ ក្លាយជាគោលនយោបាយជាតិចាប់ពីពេលនេះ។ រដ្ឋឥណ្ឌាភាគច្រើន បានហាមប្រាមការសម្លាប់ ការលក់ និងការបរិភោគសាច់គោ រួមទាំងរដ្ឋធានី New Delhi ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



