នេះជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងពិតជាព្រឺសម្បុរជាខ្លាំង គ្រាដែលតារាប្រុសថៃ លោក Sam Yuranunt ខណៈជិះទូកលេងកម្សាន្ត ជាមួយមិត្តភក្តិ នៅលើដងទន្លេ ចៅប្រាយ៉ា ស្រាប់តែរលត់ម៉ាស៊ីនមិនអាចទៅមុខរួច បន្ទាប់ភ្លាមៗនោះ លោក និងមិត្តភក្តិ និយាយរម្លឹកដល់ហេតុការណ៍តារាស្រី Tangmo Nida ដែលបានស្លាប់នៅក្នុងឧបទ្ទវហេតុធ្លាក់ទូក កាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ។
តាមរយៈគណនី TikTok របស់ខ្លួន លោក Sam បានចែករំលែកហេតុការណ៍នេះឲ្យដឹងថា «ខ្ញុំមានរឿងដ៏គួរឲ្យខ្លាច ប្រាប់អ្នកទាំងអស់គ្នាថា ទូកដែលពួកខ្ញុំជិះបានជាប់គាំងកណ្តាលទន្លេចៅប្រាយ៉ា ដែលមិនគួរឲ្យជឿ។ នោះគឺទូកបានរលត់ម៉ាស៊ីនភ្លាមៗ ហើយមិនអាចដំណើរការទៀតបានទេ»។
លោកបន្តថា ភ្លាមៗនោះ អ្នកបើកទូកបានចុះមុជទឹក ដើម្បីពិនិត្យមើល ថាតើមានអ្វីកើតឡើងនៅក្រោបាតទូក ប៉ុន្តែ ពុំរកឃើញអ្វីជាប់នោះទេ ហើយបន្ទាប់មក ក៏បានព្យាយាមទាក់ទងទៅឆ្នេរសមុទ្រ ដើម្បីឲ្យគេមកទទួលយកពួកយើង ប៉ុន្តែ មិនអាចទាក់ទងអ្នកណាម្នាក់បានទេ។
លោក Sam បានប្រាប់ឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង គឺខណៈពេលទូកដែលលោក និងមិត្តភក្តិជិះលេងកម្សាន្ត បានបើកឆ្លងកាត់ភោជនីយដ្ឋានដែលតារាស្រី Tangmo ចូលញ៉ាំអាហារ មុនពេលនាងស្លាប់។ លោក Sam បន្តថា នៅគ្រានោះ លោក និងមិត្តភក្តិ បាននិយាយពិចារណាគ្នាថា តើតារាស្រី Tangmo ពិតជាបានស្លាប់ក្នុងគ្រោះថ្នាក់បែបនេះមែនឬ? គ្រាន់តែនិយាយប៉ុណ្ណឹង មិនទាន់ចប់ប្រយោគផង ស្រាប់តែម៉ាស៊ីនរលត់ ហើយទូកជាប់គាំង ដែលធ្វើឲ្យម្នាក់ៗដកដង្ហើមធំតែម្តង។
ក្រោយជាប់គាំងកណ្តាលទន្លេ អស់រយៈពេល១ម៉ោង ដែលពិតជាភ័យខ្លាចយ៉ាងខ្លាំង, លោក Sam ក៏នឹកឃើញប្រហែលដោយសារខ្លួន និងមិត្តភក្តិនិយាយអំពី Tangmo ហើយមើលទៅ បានជាកើតមានរឿងនេះឡើង។ បន្ទាប់មក លោកក៏បាននិយាយបន់ស្រន់ចំពោះតារាស្រី Tangmo ថា «ខ្ញុំចង់ប្រាប់ថា ពួកយើងតែងតែនឹកដល់បងស្រី! ពួកយើងនៅតែស្រលាញ់ និងចងចាំបងស្រីជានិច្ច»។ អ្វីដែលមិនគួរឲ្យជឿនោះ គឺបន្ទាប់ពីនិយាយបែបនេះរួចហើយ ស្រាប់តែអ្វីៗបានប្រែមកធម្មតាវិញ ហើយអាចទាក់ទងក្រុមការងារទូក មកអូសនាំយកពួកគេទៅច្រាំងដោយសុវត្ថិភាព៕ រក្សាសិទ្ធិដោយ៖ លឹម ហុង













