ភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវចាប់ខ្លួនបានក្រុមចោរប្លន់២នាក់ ព្រមទាំងដកហូតកាំភ្លើងខ្លី ម៉ូតូ ក្នុងករណីក្រុមចោរប្លន់មានគ្នា៣នាក់ ដែលបាញ់ប្លន់យកម៉ូតូមួយគ្រឿងពីនារីម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់។ជនសង្ស័យជាក្រុមចោរប្លន់២នាក់ រួមទាំងវត្ថុតាងទាំងអស់ ខណៈពេលដែលបក្ខពួកចោរប្លន់ម្នាក់ទៀតកំពុងគេចខ្លួន ត្រូវបានកងកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកមកបង្ហាញមុខជាសាធារណៈ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មុនបញ្ជូនខ្លួនទៅកាន់តុលាការ ។
ជនសង្ស័យទី១ ឈ្មោះ ម៉ែន រ័ត្ន អាយុ៣៤ឆ្នាំ រស់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង ក្រុម៦ ភូមិ-សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ និងជនសង្ស័យទី២៖ឈ្មោះ ឥន ចាន់ដារ៉ូត អាយុ២៤ឆ្នាំ រស់នៅផ្ទះជួលគ្មានលេខ ផ្លូវទេពថន សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដែលពួកគេទាំង២នាក់ អមដោយក្រុមជក់គ្រឿងញៀន៥នាក់ទៀត ជាបក្ខពួកត្រូវបានបង្ក្រាបនៅថ្ងៃតែមួយ កំពុងស្នាក់នៅក្នុងបន្ទប់ជាមួយគ្នា តាមផ្លូវបេតុង ភូមិសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
របាយការណ៍របស់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់ទាំងនេះ បានធ្វើឡើងកាលពីថ្ងៃទី១១ ខែវិច្ឆិកា ក្រោមការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញារង សៀង សុខ ទើបកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងនគរបាលខណ្ឌសែនសុខ កម្លាំងនគរបាលខណ្ឌទួលគោក កម្លាំងនគរបាលខណ្ឌ៧មករា និងកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យចុះប្រតិបត្តិការបង្ក្រាបតែម្តង។
បើយោងតាមរបាយការណ៍ជនសង្ស័យទាំងនេះ ដែលមានគ្នា៣នាក់ បានបាញ់ប្លន់យកម៉ូតូពីស្ដ្រីម្នាក់ នៅយប់ថ្ងៃទី០៧ ខែវិច្ឆិកា នៅសង្កាត់វាលវង់ ខណ្ឌ៧មករា បណ្ដាលឲ្យស្ដ្រីម្ចាស់ម៉ូតូរងរបួសជាទម្ងន់ ហើយមកដល់ព្រឹកព្រលឹមថ្ងៃទី១០ ខែវិច្ឆិកា ជនដដែលនេះ បានទៅប្លន់បុរសម្នាក់នៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ដោយបាញ់គំរាមមួយគ្រាប់ផងដែរ៕ ដោយ៖កូឡាប