ដូចដែលប្រិយមិត្ត ជាពិសេសអ្នកតាមដានកីឡាប្រដាល់ បានដឹងរួចហើយ ដែលមុនពេលជួបគ្នានៅលើសង្វៀនប្រកួតនៅខេត្តស្វាយរៀង កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣, កីឡាករជើងខ្លាំងប្រេសស៊ីល Thiago Teixeira បានចេញវីដេអូឃ្លីបបញ្ចេញកាយវិការឌឺដង ក្នុងអត្ថន័យសិល្បៈ និងបាននិយាយថា «ខ្ញុំគឺជាជើងខ្លាំងនៅលើសង្វៀន ខ្ញុំមិនខ្លាចគាត់នោះទេ ខ្ញុំចង់ប្រកួតជាមួយគាត់ (ធឿន ធារ៉ា) ខ្ញុំនឹងក្លាយជាម្ចាស់ខ្សែក្រវាត់IPCC Kun Khmer ដំបូងគេបង្អស់»។
ពិតណាស់ ក្រោយឃើញ Thiago បញ្ចេញកាយវិការ និងការនិយាយដ៏មានអំនួតបែបនេះ បានធ្វើឲ្យមហាជនមួយចំនួនធំ សម្តែងការហួសចិត្ត និងទន្ទឹងរង់ចាំការប្រកួតយ៉ាងខ្លាំង ព្រោះជឿជាក់ថា ធឿន ធារ៉ា នឹងធ្វើឲ្យកីឡាប្រេស៊ីលរូបនេះ «ដេក» ក្នុងទឹកមួយណាពុំខាន។
ដូចការរំពឹងទុកមែន នៅពេលប៉ះគ្នាជាលើកដំបូង នៅលើទឹកដីខេត្វស្វាយរៀង ជើងខ្លាំងកម្ពុជារហស្សនាមអ្នកលេងពូថៅដៃពិឃាត ធឿន ធារ៉ា ពិតជាមិនឲ្យអ្នកគាំទ្រខកចិត្តឡើយ ដោយបានវាយកីឡាករ Thiago ឡើងទ្រោមរហូតត្រូវអាជ្ញាកណ្តាលរាប់ក្នុងទឹកទី១ និងចុងក្រោយបានឆ្មក់យកកែងអុកបណ្តាលឲ្យ Thiago បែកចំកណ្តាលថ្ងាសយ៉ាងធ្ងន់ធ្ងរ (ឈាមហូរមិនឈប់) ត្រូវគ្រូពេទ្យឲ្យបញ្ឈប់ការប្រកួតត្រឹមទឹកទី៤ តែម្តង។
ក្រោយប្រកួតចប់ ធឿន ធារ៉ា ក៏បានទួលប្រាក់លើកទឹកចិត្តយ៉ាងច្រើនសន្ធឹមសន្ធាប់ ពីសប្បុរសជន ខណៈកីឡាករ Thiago ត្រូវចុះចេញពីលើសង្វៀន ហើយទន្ទឹមនោះ ឃើញថាទាំងអ្នកទស្សនាផ្ទាល់ និងអ្នកទស្សនាតាមបណ្តាញសង្គមភាគច្រើន បាននាំគ្នាចំអកដល់គាត់យ៉ាងខ្លាំង។
ទោះយ៉ាងណា បើក្រឡេកមើលមើលរូបភាពក្រោយការប្រកួត និងចរិតពិតរបស់កីឡាករ Thiago គឺបានធ្វើឲ្យមហាជនជាច្រើន សម្តែងក្តីអាណិតអាសូរដល់រូបគាត់ជាខ្លាំង។ ពិតណាស់ ក្រោយប្រកួតចាញ់ ធឿន ធារ៉ា ភ្លាមៗ គឺ Thiago បាននិយាយពាក្យនេះទៅកាន់ ធារ៉ា ថា «congratulations, ចូលរួមត្រេកអរ» ។ រីឯលើទំព័រហ្វេសប៊ុករបស់គាត់វិញ ក៏តែងភ្ជាប់រូប «បេះដូង» ដើម្បីបង្ហាញថា រូបលោកពិតជាស្រលាញ់ប្រទេសកម្ពុជា ក៏ដូចប្រជាជនខ្មែរយ៉ាងខ្លាំង និងសូម្បីសរសេរថា «Always love Cambodia, Khun Khmer we have to bring to the world»។
លើសពីនេះ Thiago ក៏ទទួលបានការគាំទ្រពីហ្វេនៗកម្ពុជាយ៉ាងច្រើន ដែលបានសុំថតរូបអនុស្សាវរីយ ផ្អើលមុខព្រះបរមរាជវាំង និងសូម្បីថតរូបជាមួយ ធឿន ធារ៉ា នៅក្នុងមណ្ឌលកុមារកំព្រាផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង












