សម្រាប់អ្នកណាដែលកំពុងសម្លឹងរកមើលកាដូ ឬវត្ថុអនុស្សាវរីយ៍ ឬនៅមិនទាន់ដឹងថា តើថ្ងៃនៃសេចក្ដីស្រឡាញ់នេះ នឹងសាងភាពពេញចិត្តយ៉ាងណាដល់មនុស្សដែលអ្នកស្រឡាញ់ ឬមិនដឹងថា នឹងបង្ហាញពីអារម្មណ៍ល្អៗ ដែលអ្នកមាន ចេញមក ឱ្យភាគីម្ខាងទៀតនោះបានដឹងយ៉ាងណា ថ្ងៃនេះ “យុវវ័យថ្ងៃនេះ” មានអត្ថន័យរបស់វត្ថុកាដូអនុស្សាវរីយ៍ ៤មុខ មកជម្រាបជូនដូចតទៅ…
១- ផ្កាស្រស់
មិនថាស្ថិតក្នុងឱកាសណាមួយឡើយ ទាំងថ្ងៃឆ្លងឆ្នាំថ្មី ថ្ងៃទទួលសញ្ញាបត្រ ឬថ្ងៃនៃសេចក្ដីស្រឡាញ់នេះឡើយ ផ្កាស្រស់ គឺជានិមិត្តសញ្ញានៃភាពរីករាយស្វាគមន៍។ ដូច្នេះសាកល្បងរកមើលផ្កាស្រស់ ដែលគូស្នេហ៍របស់អ្នក ឬមនុស្សដែលអ្នកស្រឡាញ់ គេចូលចិត្ត និងដែលមានអត្ថន័យល្អៗ ដូចជា ផ្កាកុលាប ផ្កាលីលលី ឬផ្កាខា-នេ-សិន ជាដើម ព្រោះការជូនផ្កាស្រស់នេះ មានន័យថា…
-អ្នកជូន…គឺជាមនុស្សរ៉ូមែនទិក ទន់ភ្លន់ ឧស្សាហ៍ព្យាយាម និងមានចំណង់ចំណូលចិត្តល្អ
-អ្នកទទួល…គឺជាមនុស្សពិសេសរបស់អ្នកជូន ហើយគេមានអារម្មណ៍ និងចេតនាល្អៗ ប្រគល់ជូន។
២- ស្កសូកូឡា
ជានិមិត្តសញ្ញារបស់ថ្ងៃនៃសេចក្ដីស្រឡាញ់តែម្ដង ព្រោះភាពផ្អែមនៅក្នុងស្កសូកូឡា ប្រៀបដូចជាសេចក្ដីស្រឡាញ់ ដែលផ្អែមស្រទន់ ដូចដែលលទ្ធផលនៃការស្រាវជ្រាវមួយ បានអះអាងថា ការញ៉ាំស្កសូកូឡា បានជួយឱ្យមានអារម្មណ៍ល្អ និងមានសេចក្ដីសុខខ្លាំងឡើង។ ទាំងអស់នេះ គឺជារឿងល្អៗដែលបញ្ជាក់ថា តើហេតុអីបានមនុស្សយើង និយមជូនស្កសូកូឡា ជាកាដូដល់គ្នាទៅវិញទៅមក ហើយការជូនស្កសូកូឡាគ្នានេះ ថែមទាំងជាការបង្ហាញថា…
-អ្នកជូន បង្ហាញពីក្ដីស្រឡាញ់ និងមានបំណងល្អចំពោះអ្នកទទួលយ៉ាងខ្លាំងក្លា និងប្រាថ្នាឱ្យអ្នកទទួលមានសេចក្ដីសុខ។
-អ្នកទទួល មានន័យថា អ្នកគឺជាមនុស្សពិសេសបំផុតរបស់អ្នកជូន គេចង់ឱ្យអ្នកមានសេចក្ដីសុខ និងរីករាយ។
៣- នំបារាំង ឬនំឃុកគី
អាចជាការធ្វើដោយដៃខ្លួនឯង ឬទិញក៏ដោយ តែអត្ថន័យរបស់នំឃុកគី គឺសេចក្ដីសុខ និងបំណងប្រាថ្នាដ៏ល្អ ដែលមានចំពោះគ្នា ហើយការជូននំឃុកគីនេះ ថែមទាំងបង្ហាញអំពី…
-អ្នកជូន ចង់បង្ហាញពីសេចក្ដីស្រឡាញ់ ក្ដីបារម្ភ និងចង់ថ្នាក់ថ្នមថែទាំអ្នកទទួលអស់ពីបេះដូង។
-អ្នកទទួល មានន័យថា អ្នកជូន គេស្រឡាញ់ នឹកបារម្ភ និងយកចិត្តទុកដាក់អ្នកទទួលខ្លាំងបំផុត។
៤- តុក្កតា
ជាកាដូអនុស្សាវរីយ៍ដ៏ពេញនិយមបំផុត ១ទៀត ព្រោះងាយស្រួលរកទិញ មានភាពសម្បូរបែប ទាំងតុក្កតាមនុស្ស សត្វ ឬវត្ថុផ្សេងៗ និងថែមទាំមានភាពគួរឱ្យស្រឡាញ់ទៀតផង។ តុក្កតា មានន័យពីភាពទន់ភ្លន់ ភាពកក់ក្ដៅ គួរឱ្យអាណិតស្រឡាញ់។ ការជូនតុក្កតានេះ មានន័យថា…
-អ្នកជូន ចង់បង្ហាញថា គេជាមនុស្សដែលសម្លឹងអ្វីៗជុំវិញខ្លួនក្នុងន័យវិជ្ជមាន ជាមនុស្សផ្អែមល្ហែម និងទន់ភ្លន់។
-អ្នកទទួល បង្ហាញថា អ្នកជូន គេស្រឡាញ់ បារម្ភ និងចង់នៅក្បែរអ្នកទទួលជានិច្ច៕