ថ្មីៗនេះ រឿងរ៉ាវប្រពន្ធដើម តាមទាន់ប្តីកំពុងដេកជាមួយស្រីកំណាន់ នៅក្នុងផ្ទះសំណាក់ បានផ្ទុះកក្រើកពេញបណ្តាញសង្គម ក្រោយវីដេអូបានបង្ហាញសកម្មភាពប្រពន្ធដើម និងបងប្អូន លើកគ្នាទៅ «ទម្លុះ» ទ្វាផ្ទះសំណាក់ និងព្រួតធ្វើបាប និងថែមទាំងចាប់ទាញទាំងស្ថានភាពខ្លួនប្រាណននលគក។
ទោះយ៉ាងណា ក្រោយពីបានឃើញសកម្មភាពដ៏ហាក់ជ្រុលហួសនេះ អ្នកលេងបណ្ដាញសង្គមជាច្រើន បានធ្វើការវែកញែកយ៉ាងចម្រូងចម្រាស ដោយក្នុងនោះ អ្នកខ្លះបង្ហាញក្ដីអាណិតចំពោះភាគខាងស្រីស្នេហ៍ ដែលត្រូវប្រពន្ធដើមព្រួតគ្នាធ្វើបាបទាំងអាក្រាត ខណៈខ្លះទៀតបានគាំទ្រស្រ្តីជាប្រពន្ធដើម និងជេរប្រទេចចំពោះភាគីខាងស្រី ដែលប្ដីរបស់គេយ៉ាងចាស់ៗដៃ។
តែទន្ទឹមនឹងមានមតិមួយចំនួន បានធ្វើការវាយប្រហារទៅលើទង្វើរបស់ស្រ្តីជាប្រពន្ធដើម និងទាមទារឲ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ ក៏ឃើញលោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី បានបង្ហោះសារនៅថ្ងៃទី១២ ខែកុម្ភៈ ដោយក្នុងនោះ លោកជំទាវបានបញ្ជាក់ថា «ទង្វើនេះប្រពន្ធដើមនិងបក្សពួកបានក្លាយជាជនជាប់ទោស តាមក្រមព្រហ្មទណ្ឌ ហើយរងការស្តីបន្ទោស និងរងភាពអាម៉ាសជាងនារីរងគ្រោះទៅទៀត!! សុភាពស្រ្តីកុំយកតម្រាប់តាមពួកគាត់ ឃើញទេ ដំបូងវ៉ៃគេហើយបង្ហោះ ឥឡូវលប់អស់រលីង ចាំបាច់លុបធ្វើអ្វីបើតាំងខ្លួនជាក្រុមនារីក្លាហានប្រឡូកក្នុងពិភពគុន? ?»។
ជៀសវាងការទៅប្រព្រឹត្តអំពើហិង្សា នាំឲ្យមានទុក្ខដល់ខ្លួនវិញ លោកជំទាវ ញ៉ែម មរកត ក៏បានលើកជាឧទាហរណ៍ថា៖ «1- បើខ្ញុំមានប្តី ត្រូវដឹងសិនថាប្តីខ្ញុំអាចនឹងទៅយកក្មួយឬអត់ ( មិនសំខាន់ក្មួយយកគាត់ទេ) 2- បើគាត់យកក្មួយជាកំណាន់ខ្ញុំនឹងនិយាយជាមួយគាត់ថារើសយក១ណា? 3- បើគាត់ថាស្រឡាញ់ក្មួយអត់មិនបាន ក៍យកទៅ តែត្រូវលែងលះគ្នាជាមួយមីងតាមផ្លូវច្បាប់ ព្រោះមនោសញ្ចេតនាមិនអាចបង្ខំបានទេ ជួនកាលរស់នៅជាមួយយើងតែកាយ តែចិត្តវាអត់នៅ យល់ ? 3- បើគាត់នៅតែមិនលែងហើយរញ៉េរញ៉ៃប្រើហឹង្សា បណ្តោយឲ្យស្រីកំណាន់មកអុកឡុកបង្ករ បញ្ហា បង្កររឿងឲ្យប្រពន្ធកូនលំបាកទៀត ខ្ញុំនឹងយោងច្បាប់ឯកពន្ឋភាពដាក់បណ្តឹងទៅតុលាការ។ (មើលច្បាប់ឯកពន្ឋភាព) 4- ខ្ញុំមិនចេះជេបញ្ចោ ប្រើហឹង្សាទៅលើក្មួយទេ នាំប៉ះពាល់កិត្តិយសសេចក្តីថ្លៃថ្នូរខ្លួនឯង និងក្រុមគ្រួសារ ព្រមទាំងផ្អើលគេឯងក្នុងសង្គម ហេងស៊យគេជេថាមីងជាប្រពន្ធដើមចោលម្សៀតទៀត ពិសេសជាប់ទោសព្រហ្មទណ្ឌខានមើលកូនចៅ (សូមមើលមាត្រាចែងខាងក្រោមចំពោះការប្រើហឹង្សា)»។
លោកជំទាវក៏បានបញ្ជាក់ថា «ខ្ញុំស្អប់ណាស់ប្រុសប្រភេទនេះ បើគេខុសហើយយើងជាប្រពន្ធទៅខុសអីជាមួយពួកគេដែរ។ ខាងលើជាឧទាហរណ៍ទេ ក្មួយត្រូវប្រុងប្រយ័ត្នបុរសខ្លះមានប្រពន្ធកូនហើយក៍ដើរភូតកុហកថា នៅលីវ ពោះម៉ាយ រស់នៅមិនចុះសម្រុងគ្នា។ល។ បើក្មួយចង់ក្លាយដូចស្ត្រីប្រពន្ធចុង ឬស្រីកំណាន់ ខ្ញុំនឹងប្រើច្បាប់ខាងក្រោមចាត់ការប្តីខ្ញុំវិញ ប្រសើជាងនាំគ្នាប្រើហឹង្សាដ៍គួរឲ្យភ្ញាក់ផ្អើល»។
ដោយឡែក ងាកមកស្តាប់រឿងដែលបានផ្ទុះឡើងនេះវិញ គឺក្រោយនារីជាស្រីស្នេហ៍ បានធ្វើការអះអាងថា នាងបានស្គាល់ប្ដីគេនោះតាមរយៈហ្វេសប៊ុក ដោយមិនបានដឹងថា ជាប្ដីរបស់គេនោះទេ ដោយសារតែបុរសនោះ ប្រាប់នាងថា បានលែងលះគ្នាដាច់ស្រេចទៅហើយ, នៅពេលនេះ ស្រ្តីជាប្រពន្ធដើម បានចេញមុខបកស្រាយ និងឆ្លើយតបទៅវិញថា តាមពិតទៅ រូបនាងជាប្រពន្ធដើមធ្លាប់បានឆាតទៅប្រាប់ចំនួន២លើករួចហើយៗ នារីជាស្រីស្នេហ៍នោះក៏បានសន្យាឈប់ទាក់ទងប្តីរបស់នាងដែរ ប៉ុន្តែ ដោយសារមិនឈប់ ហើយនៅតែបន្តទាក់ទងដដែល ទើបលើកទី៣នេះ នាង និងបងប្អូន តាមទាន់ ហើយទប់អារម្មណ៍ឈឺចាប់ពុំបាន ក៏សម្រេចធ្វើរឿងនេះតែម្តងទៅ។
ទោះជាយ៉ាងណា ស្រ្តីជាប្រពន្ធដើម ក៏សូមចិត្តមហាជនបញ្ឈប់បន្តធ្វើការវាយប្រហារមកលើរូបនាងទៀតទៅ និងគួរតែលើកទឹកចិត្តដល់រូបនាង ឲ្យរឹងមាំឡើងដើម្បីចិញ្ចឹមកូនប្រុស២នាក់ ដោយគ្មានប្តីផិតក្បត់រូបនេះ ខណៈនារីជាស្រ្តីស្នេហ៍វិញ ដែលបានដឹងពីកំហុសដ៏ធ្ងន់ធ្ងររបស់ខ្លួន ក៏សូមអង្វរបងប្អូនមហាជនបញ្ឈប់ការវែកញែករឿងនេះទៀត ហើយនាងក៏សុំទោសប្រពន្ធដើមផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









