ភ្នំពេញ : ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានាថ្ងៃទី១៤ ខែកុម្ភ: ឆា្ន២០២៣ បានធ្វើជាអធិបតីបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុង ស្តីពីជំនាញនិងវិធីសាស្រ្តក្នុងការស៊ើបអង្កេត សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា និងក្រុមមេធាវីស្ម័គ្រចិត្តរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចំនួន៤០រូប និងមានការអញ្ជើញចូលរួមជាវាគ្មិនពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ប៊ុនថុល អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានគំនិតផ្តួចផ្តើមក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងគោលបំណងគឺចង់ឱ្យអ្នកចូលរួម ជាពិសេសក្រុមការងារស៊ើបអង្កេត របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ទទួលបានការបណ្តុះបណ្តាលបន្ថែមលើជំនាញ និងវិធីសាស្ត្រក្នុងការស៊ើបអង្កេត ពីអ្នកជំនាញ ដើម្បីបង្កើននូវប្រសិទ្ធភាពការងាររបស់ខ្លួន។ វគ្គបណ្តុះបណ្តាលនេះ ផ្តោតជាសំខាន់ទៅលើការចែករំលែកនូវចំណេះដឹងជំនាញ និងបទពិសោធន៍ ពាក់ព័ន្ធនឹងការងារស៊ើបអង្កេត តាមរយៈការអនុវត្តជាក់ស្តែង ផ្អែកលើបរិបទ ទិដ្ឋភាព និងនីតិវីធីច្បាប់របស់ប្រទេសកម្ពុជាដោយផ្ទាល់។

ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានធ្វើ្វការកោតសរសើរដល់វាគ្មិន និងថ្លែងអំណរគុណផងដែរដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានផ្តល់នូវកិច្ចសហការនិងការអនុញ្ញាតជូនឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ប៊ុនថុល អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចូលរួមចែករំលែកនូវបទពិសោធន៍និងចំណេះដឹង ក្នុងវគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់នេះ៕ រក្សាសិទ្ធិដោយ : សុវណ្ណារិទ្ធ











