ក្រុមហ៊ុនមួយ នៅទីក្រុង Chengdu ភាគនិរតីនៃខេត្ត Sichuan ប្រទេសចិនន បានទទួលការសរសើរតាមប្រព័ន្ធអ៊ីនធឺណិត ដែលតម្រូវឱ្យទាំងបេក្ខជន និងអ្នកសម្ភាសន៍ការងារ ពាក់ម៉ាស់មុខ ដើម្បីចៀសវាងការជ្រើសរើសបេក្ខជនផ្អែកលើរូបសម្បត្តិរបស់ពួកគេ។
ស្ត្រីម្នាក់ឈ្មោះ Zeng ដែលបានថតវីដេអូកាលពីថ្ងៃទី៣ ខែកុម្ភៈ ហើយបានបង្ហោះវានៅលើគណនី Douyin របស់នាង ដោយបាននិយាយថា នាងទើបតែបានឃើញសេណារីយ៉ូដ៏ប្លែកនេះ ប៉ុន្តែបាននិយាយថា «វាអាចផ្តល់ផលប្រយោជន៍ដល់មនុស្សដែលមានជំងឺភ័យខ្លាចក្នុងសង្គម»។
ទន្ទឹមនឹងនោះ ក្រុមហ៊ុន Chengdu Ant Logistics ក៏បានដាក់ចេញនូវសេចក្តីថ្លែងការណ៍មួយអំពីបញ្ហានេះ ដោយអះអាងថា វីដេអូនេះត្រូវបានគេថតនៅឯពិព័រណ៍ជ្រើសរើសបុគ្គលិកប្រចាំឆ្នាំរបស់ខ្លួនកាលពីពេលថ្មីៗនេះ ហើយថា «របាំងមុខ» ត្រូវបានណែនាំដើម្បីលុបបំបាត់ភាពលំអៀងដោយផ្អែកលើរូបរាងកាយ។
ក្រុមហ៊ុនភស្តុភារចិននេះ បាននិយាយថា វិធីសាស្រ្តជ្រើសរើសបុគ្គលិកដ៏ចម្លែកនេះ ត្រូវបានអនុវត្តដើម្បីកាត់បន្ថយកម្រិតភាពតានតឹងរបស់បេក្ខជនការងារ ហើយថែមទាំងបញ្ជាក់ពីការពិតដែលថា វាផ្តល់តម្លៃលើសមត្ថភាពបុគ្គលរបស់មនុស្ស មិនគិតពីរូបរាងរបស់ពួកគេ។
វីដេអូដែលកំពុងទទួលការចាប់អារម្មណ៍នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន ជាទូទៅទទួលបានមតិវិជ្ជមានពីមនុស្សរាប់លាននាក់ ដែលភាគច្រើនបាននិយាយថា ពួកគេនឹងមិនខ្វល់ពីការពាក់ម៉ាស់ នៅពេលដាក់ពាក្យការងារថ្មី។
មនុស្សម្នាក់បានសរសេរនៅលើ Douyu ថា៖ «ក្នុងនាមជាមនុស្សដែលមានការភ័យខ្លាចក្នុងសង្គម ខ្ញុំពិតជារីករាយនឹងការសម្ភាសន៍ការងារបែបនេះ»។ រីឯម្នាក់ទៀតបន្ថែមថា៖ «នេះជាសមភាព ដែលរូបរាងល្អមិនគួររាប់បញ្ចូលទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

