ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបើកការដ្ឋានដាក់លូទំហំ១ម៉ែត្រកន្លះ ដែលមានប្រវែងជាង៩គីឡូម៉ែត្រនៅអមសងខាងផ្លូវ១៩៦២ ស្ថិតក្នុងសង្លាត់ ក្រាំងធ្នង់ ខណ្ឌសែន សុខ ដើម្បីរំដោះការលិចលង់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋរស់នៅតំបន់នេះ។ ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៣ វិច្ឆិកា នៅមុខវត្តក្រាំងធ្នង់ ស្ថិតក្នុងក្រាំងធ្នង់ ខណ្ឌសែន សុខ ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងអាជ្ញាធរដែនដី ប្រជាពលរដ្ឋចូលរួមជាច្រើនរយនាក់ផងដែរ។
ក្នុងឱកាសលោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា យើងស្ថាបនាផ្លូវល្អ លូ នៅរាជធានីភ្នំពេញ គឺដើម្បីឱ្យប្រជាពលរដ្ឋរស់នៅបានស្រួល ពិសេសលំហូរចរាចរនិងរំដោះទឹកចេញពីភូមិដ្ឋានរបស់ពួកគាត់។ លោកបានស្នើឱ្យមន្ទីរសាធារណការយកចិត្តទុកដាក់និងសម្របសម្រួលជាមួយបងប្អូនប្រជាពលរដ្ឋសំដៅធ្វើយ៉ាងណាអោយការដ្ឋាននេះដំណើរការទៅបានជោគជ័យ និងរួចរាល់ទៅតាមអ្វីដែលគ្រោងដែលបានគ្រោងទុក។
ជាងនេះទៅទៀតលោកឃួង ស្រេង ក៏បានណែនាំឱ្យ កម្មករ អ្នកមើលការខុសត្រូវក្រុមហ៊ុន ដែលទទួលការស្ថាបនាលូនេះ ដាច់ខាត់មិនត្រូវយកលុយពីប្រជាពលរដ្ឋជាថ្នូរនៃការភ្ជាប់បណ្តាញលូឡើយ ដែលទង្វើទាំងនេះវានឹងធ្វើឱ្យប៉ះពាល់ដល់រដ្ឋបាលរាជធានីភ្នំពេញ ឃួង ស្រេង បានណែនាំឲ្យអាជ្ញាធរខណ្ឌ,សង្កាត់ ,ភូមិរួមជាមួយមន្ទីរជំនាញ ក៏ដូចក្រុមស្ថាបនាផ្លូវ ត្រូវធ្វើកិច្ចសហការឲ្យបានល្អជាមួយប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវលេខ១៩៦២ និងសុំកិច្ចសហការពីប្រជាពលរដ្ឋដែរនៅពេលក្រុមការងារដាក់គ្រឿងចក្រទៅឈូសឆាយ កាយដីដាក់លូមុខលំនៅដ្ឋានរបស់បងប្អូនគឺសុំការយោគយល់ ព្រោះយើងលំបាកមួយរយះពេលខ្លីតែយើងនឹងបានងាយស្រួលរយះពេលវែងនៅពេលប្រពន្ធ័លូស្ថាបនារួចធ្វើឲ្យទឹកលែងលិច។ម្យ៉ាងទៀតក្រុមហ៊ុនមិនត្រូវទៅយកលុយពីប្រជាពលរដ្ឋនៅពេលភ្ជាប់ប្រពន្ធ័លូចេញពីផ្ទះប្រជាពលរដ្ឋមកលូមេនោះដែរ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងថា រដ្ឋបាលរាជធានីភ្នំពេញ កន្លងមកបានស្ថាបនាលូ នៅក្នុងរាជធានីភ្នំពេញបានជាង៤២០គីឡូម៉ែត្រ និងបានពង្រីកផ្លូវបានជាច្រើនខ្សែផងដែរ ។ជាក់ស្តែងសំរាប់ផ្លូវ១៩៦២ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែន សុខវិញ ដោយផ្លូវមានលក្ខណៈតូចនិងមិនមានបណ្តាញលូ ទើបរដ្ឋបាលរាជធានីសម្រេចស្ថាបនាលូ ដាក់សងខាងផ្លូវដែលមានប្រវែង៩៤០០ម៉ែត្រ ទំហំមួយម៉ែត្រកន្លះ ចាប់ពីវត្តអង្គជុំ ដល់ផ្លូវ២០១១ ដែលនេះជាយុទ្ធសាស្ត្រកាត់បន្ថយការលិចលង់នៅតំបន់នេះ ស្របតាមអនុសាសន៍សម្តេច តេជោហ៊ុន សែន។
លោកបានបញ្ជាក់ថា ការដ្ឋាននេះនឹង ប្រើរយះពេលចំនួន៨ខែក្នុងការស្ថាបនា ហើយក្រោយការស្ថាបនារួច វានឹងអាចរំដោះទឹកចេញពី លើផ្លូវលេខ ២០១១ ពីតំបន់ចំការព្រីង ដោយហូរចូលមកប្រឡាយទូលសំពៅ និងមួយផ្នែកទៀតពីវត្តជុំ ទៅប្រឡាយទូសំពៅ ស្របពេលដែលស្ថានីយទួលសំពៅ បានស្ថាបនារួចនិងមានកម្លាំងបូមខ្លាំងជាងមុន ។ ទោះបីជាយ៉ាងណាក្តី លោកសាំ ពិសិដ្ឋ ក៏បានស្នើសុំឱ្យប្រជាពលរដ្ឋ មេត្តាយោគយល់និងចូលរួមជាមួយក្រុមការងារដើម្បីអោយការដ្ឋាននេះបានសម្រេចជោគជ័យ៕ ដោយ៖កូឡាប