កូនក្រមុំម្នាក់ នៅក្នុងប្រទេសចិន បានធ្វើឲ្យអ្នកលេងអ៊ីនធើរណែត ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់វីដេអូឃ្លីបកំពុងត្រូវបានចែករំលែកនៅលើ Weibo បង្ហាញឲ្យឃើញថា នាងបានអញ្ជើញ «អតីតមិត្តប្រុស» ទាំងអស់ មកចូលរួមក្នុងពិធីមង្គលការរបស់ខ្លួន ដែលនាងហៅថា «Ex-boyfriends Table»។
សារព័ត៌មាន Sina របស់ប្រទេសចិន បានឲ្យដឹងថា នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ កូនក្រមុំម្នាក់នៅក្នុងខេត្ត Hubei បានរៀបការ។ ប៉ុន្តែ អ្វីដែលប្លែកនោះ គឺនាងបានអញ្ជើញអតីតមិត្តប្រុសរបស់នាងទាំងអស់ មកចូលរួមពិធីមង្គលការរបស់នាង ហើយរៀបចំអតីតមិត្តប្រុសអង្គុយនៅតុជាមួយគ្នា ដោយបានដាក់ផ្លាកសញ្ញាស្វាគមន៍នៅលើតុអានថា «តុអតីតមិត្តប្រុស (Ex-boyfriends Table)»។
នៅក្នុងវីដេអូ គេឃើញអតីតមិត្តប្រុសរបស់កូនក្រមុំម្នាក់ កំពុងថតទិដ្ឋភាពក្នុងពិធីមង្គលការ ចំណែកឯម្នាក់ទៀត ត្រូវបានគេឃើញហុចដបស្រា ទៅអតីតមិត្តប្រុសម្នាក់ទៀត ដែលអង្គុយក្បែរគាត់។
ទោះជាយ៉ាងណា គេបានសង្កេតឃើញក្នុងចំណោមនោះ អតីតមិត្តប្រុសម្នាក់ ហាក់មិនសូវសប្បាយចិត្តនោះទេ ដោយបង្ហាញទឹកមុខស្រងូតស្រងាត់ ដែលមើលទៅ ប្រហែលជាគាត់មិនចង់នៅទីនោះខ្លាំងហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




ទស្សនាវីដេអូ => Video