កាលពីពេលថ្មីៗនេះ មហាជនជាច្រើន ពិសេសអ្នកដែលជាហ្វេនៗ ពិតជាមានការស្រពិចស្រពិល ដោយមិនចង់ជឿនោះទេ ខណៈបានឃើញវីដេអូខ្លីមួយ ដែលគេបញ្ជាក់ថា ជនរងគ្រោះដួលម៉ូតូ គឺជាកីឡាករ ពេជ្រ សម្បត្តិ ដែលជាជើងខ្លាំងដ៏ល្បីមួយរូបនៅក្នុងចិត្តមហាជននាពេលបច្ចុប្បន្ន។
នេះបើតាមបុរសម្នាក់ ដែលជាអ្នកថតផ្ទាល់ បានប្រាប់នៅក្នុងបណ្តាញសង្គមឲ្យដឹងថា កីឡាករ ពេជ្រ សម្បត្តិ បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅមុខផ្ទះរបស់គាត់ នៅភូមិត្រពាំងគោក ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ បុរសនោះ ក៏បានបញ្ជាក់ថា ពេជ្រ សម្បត្តិ បានជួបគ្រោះថ្នាក់ចរាណ៍ ខណៈកំពុងជិះម៉ូតូធំ ឌុបប្អូនស្រីទៅធ្វើឯកសារទៅប្រទេសកូរ៉េ នៅឯស្រុកកំណើត ប៉ុន្តែ ពុំបណ្តាលឲ្យរងរបួសត្រង់ជើងធ្ងន់ធ្ងរនោះទេ។
ទាក់ទងគ្រោះថ្នាក់ចរាចរណ៍នេះផងដែរ បើតាមស្តាប់លឺក្នុងវីដេអូ ស្រ្តីម្នាក់បាននិយាយថា កីឡាកររហ្សនាមក្របីព្រៃ រូបនេះ បានជួបគ្រោះថ្នាក់ចរាចរណ៍បុកគ្នាជាមួយគោយន្ត១គ្រឿង ដែលបើកឆ្លងផ្លូវ។
តែទន្ទឹមនឹងមានហ្វេនៗមួយចំនួន បានបង្ហាញការព្រួយបារម្ភពីរបួស ព្រោះកីឡាករ ពេជ្រ សម្បត្តិ នឹងត្រូវឡើងប្រកួតនៅថ្ងៃទី២៧ ខែកុម្ភៈ ខាងមុខ នៅពេលនេះ លោក ពេជ្រ សុផាន់ ដែលជាគ្រូបង្ហាត់ផ្ទាល់ បានបញ្ជាក់ប្រាប់ថា កូនសិស្សរបស់លោក ពេជ្រ សម្បត្តិ ពិតជាជួបគ្រោះថ្នាក់ដួលម៉ូតូពិតមែន ប៉ុន្តែរបួសស្រាលប៉ុណ្ណោះ គឺព្យាបាលរយៈពេលខ្លីអាចហ្វឹកហាត់បាន ត្រៀមខ្លួនប្រកួត Kun Khmer all star ធម្មតា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







