បើនិយាយពីមាសសុទ្ធ (មាសទឹកដប់) មនុស្សគ្រប់គ្នាច្រើនតែនឹកទៅដល់តម្លៃដ៏ថ្លៃរបស់វា ហើយយើងចាប់អារម្មណ៍លើមាស ត្រឹមតែថា កាលណាមាសចុះថោក យើងនឹងទិញវាទុក រង់ចាំដល់ពេលឡើងថ្លៃ នឹងអាលលក់យកប្រាក់ចំណេញតែប៉ុណ្ណោះ តែយើងមិនធ្លាប់ដែលបានដឹងពីរឿងពិតមួយចំនួនដែលពាក់ព័ន្ធនឹងមាសនេះឡើយ។ ថ្ងៃនេះ “ប្លែកៗ និងចំណេះដឹង”សូមឆ្លៀតឱកាសនាំប្រិយមិត្តទាំងអស់ មកដឹងអំពីរឿងពិត ពាក់ព័ន្ធនឹងមាស ដែលយើងជឿជាក់ខ្លាំងបំផុតថា មនុស្សជាច្រើនច្បាស់ជាមិនធ្លាប់បានដឹងពីមុនមកឡើយ…ដូច្នេះកុំបាច់រង់ចាំយូរ យើងនាំគ្នាតាមដានបន្តដូចតទៅ…

១. មាសសុទ្ធមាននិមិត្តសញ្ញាខាងគីមី គឺ Au ដែលមកពីភាសាឡាទីនថា Aurum ដែលប្រែថា មាស។
២. មាសសុទ្ធគ្មានប្រតិកម្មជាមួយអុកស៊ីហ្ស៊ែនទេ ដូច្នេះនៅពេលត្រូវខ្យល់វានឹងមិនស្រអាប់ មិនច្រែស មិនពុកផុយឡើយ ទោះជាពេលវេលាកន្លងផុតទៅប៉ុន្មានពាន់ឆ្នាំក៏ដោយ។
៣. មាសសុទ្ធ ជាលោហៈដែលមានភាពទន់ខ្លាំងបំផុត ដោយមាសសុទ្ធទម្ងន់ ១អោនស៍ ឬ ៣១,១៦៧ក្រាម គេអាចពន្យឺតចេញជាសរសៃតូចដូចខ្សែលួស បានវែងដល់ទៅ ៨០គីឡូម៉ែត្រ តែបើយកមាសសុទ្ធទម្ងន់ ១អោនស៍ មកវាយជាបន្ទះស្តើងវិញ នឹងបានផ្ទៃទំហំដល់ទៅ ១០០ហ្វុតការ៉េ។
៤. មាសសុទ្ធ ត្រូវបាននាំអ្នកវិទ្យាសាស្ត្រ យកទៅឆាបស្រោប នៅលើរបាំងស្រោមមុខអ្នកអវកាស និងឧបករណ៍លើអវកាសផ្សេងៗ ដើម្បីការពារកាំរស្មី អ៊ីនហ្វ្រារេដ ដោយសារតែវាជាលោហៈ ដែលមានចំណាំងកម្តៅបានល្អ។
៥. មាសសុទ្ធអាចប្តូរពណ៌បាន ដោយការយកទៅលាយផ្សំជាមួយលោហៈមានតម្លៃផ្សេងទៀត។
៦. មាសសុទ្ធមានចំណុចរលាយនៅត្រង់កម្ដៅ ១ ០៦៤អង្សាសេ និងចំណុចពុះនៅត្រង់កម្ដៅ ២ ៩៧០អង្សាសេ។

៧. មាសសុទ្ធអាចរាប់បានថា ជារ៉ែដែលពិបាករកបាន ព្រោះទម្រាំនឹងបានមាសសុទ្ធទម្ងន់ ១អោនស៍(៣១,១៦៧ក្រាម) គេត្រូវកម្ទេចដុំរ៉ែ ចំនួនជាច្រើនតោន និងត្រូវជីកអណ្តូងរ៉ែចុះទៅក្រោមជាច្រើនសិបម៉ែត្រ។
៨. មាសសុទ្ធស្ទើរតែទាំងអស់នៅលើពិភពលោក កើតមកពីដុំអាចម៍ផ្កាយដែលធ្លាក់មកបុកផែនដី ក្រោយពីពិភពលោកចាប់កំណើតឡើង បានប្រមាណជា ២០០លានឆ្នាំ។
៩. មូលហេតុដែលមាសសុទ្ធជាលោហៈដ៏មានតម្លៃបំផុតលើពិភពលោក មិនមែនដោយសារតែភាពពិបាករកបាននោះទេ តែដោយសារតែវាមានគុណសម្បត្តិ ដ៏ស័ក្តិសមធ្វើជាគ្រឿងអលង្ការបំផុត គឺមានភាពស្រស់ស្អាត ភ្លឺចាំងរលោង មានភាពជាប់ធន់កម្ររកបាន និងអាចនាំយកមកប្រើការឡើងវិញប៉ុន្មានដងក៏បាន។
១០. មាសសុទ្ធស្ទើរតែពាក់កណ្តាលនៅលើពិភពលោកមួយនេះ ត្រូវបានជីកចេញមកបានពីកន្លែងតែមួយ ទីនោះគឺ វាលរាប Witwatersrand ប្រទេសអាហ្វ្រិកខាងត្បូង។
១១. មាសសុទ្ធដែលមានកម្រាស់ត្រឹមតែ ០,០០០០០៦អ៊ិញ អាចជួយចំណាំងកាំរស្មីកម្តៅពីដួងព្រះអាទិត្យ មិនឱ្យមកបំផ្លាញ ឬបន្ថយប្រសិទ្ធភាពរបស់ឧបករណ៍លើអវកាសបាន។

១២. មាសសុទ្ធអាចរំលាយ ហើយនាំយកមកធ្វើជាថ្មីឡើងវិញទៀត បានរាប់ដងមិនអស់។
១៣. នៅឆ្នាំ២០១៤ ទីក្រុងឌូបៃ បានចាប់ផ្តើមគ្រោងការចែកមាសសុទ្ធចំនួន ២ក្រាម ឱ្យទៅក្មេងធាត់ៗណា ដែលអាចបញ្ចុះទម្ងន់ខ្លួនបានរៀងរាល់ ១គីឡូក្រាម។
១៤. Aurophobia គឺឈ្មោះជំងឺ របស់អ្នកដែលខ្លាចមាស។
១៥. ដុំមាសសុទ្ធដែលធំបំផុតលើពិភពលោក មានទម្ងន់ដល់ទៅ ២៥០គីឡូក្រាម។
១៦. មនុស្សយើងអាចបរិភោគមាសសុទ្ធបាន ដោយមិនបណ្តាលឱ្យមានគ្រោះថ្នាក់អ្វីទាំងអស់។
១៧. រាងកាយរបស់មនុស្ស មានចំណែកផ្គុំឡើងរបស់មាស ប្រមាណជា ០,២មីល្លីក្រាម ដែលភាគច្រើនស្ថិតនៅក្នុងឈាម។
១៨. អ្នកស្រាវជ្រាវបានរកឃើញថា មាសអាចរកបាននៅក្នុងដើមឈើ ជាពិសេសដើម យូខាលីបតឹស ឬដើមប្រេងខ្យល់។
១៩. មេដាយមាសកីឡាអូឡាំពិក មានផ្សំដោយមាសសុទ្ធត្រឹមតែ ១,៣៤%ប៉ុណ្ណោះ។
២០. នៅលើពិភពលោកយើងនេះ មានមាសប្រមាណជា ២០លានតោន ស្ថិតនៅក្រោមមហាសមុទ្រ។
២១. ស្ត្រីមេផ្ទះទាំងអស់នៅក្នុងប្រទេសឥណ្ឌា មានមាសសុទ្ធគ្រប់គ្រងក្នុងដៃ សរុបច្រើនជាង ១១% លើពិភពលោក ដែលចំនួននេះ ច្រើនជាងមាសសុទ្ធបម្រុងរបស់ប្រទេសអាមេរិក, របស់IMF, របស់ប្រទេសស្វ៊ីស និងរបស់ប្រទេសអាល្លឺម៉ង់ បូកបញ្ចូលគ្នាទៅទៀត។
២២. ម៉ាស៊ីនរថយន្តប្រណាំង F1 ឬ Formula1 របស់ McLaren មានការប្រើមាសសុទ្ធ ធ្វើជាគ្រឿងបង្គុំ។
២៣. អង្គការ NASA បានបង្ហើបឱ្យដឹងថា កូនផ្កាយគ្រោះហ៍តូច១ ដែលមានឈ្មោះថា អ៊ីរ៉ូស (Eros) មានរ៉ែមាសសុទ្ធច្រើន ដល់ទៅ ២០ ០០០លានតោន៕





















