ទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់ អេមីរេត ក្នុងខ្សែភ្នែករបស់មនុស្សជាច្រើន ទីនោះ គឺជាទីក្រុងដែលស្តុកស្តម្ភ សម្បូរដោយមហាសេដ្ឋី អ្នកមានទ្រព្យ សម្បូរប្រាក់ តែក៏មិនមែនមានន័យថា ទីក្រុងនេះ គ្មានបញ្ហារឿងអ្នកសុំទានដែរ។ តាំងពីដើមឆ្នាំ២០១៦ មក មានអ្នកសុំទានចំនួនរាប់រយនាក់ ត្រូវបានឃាត់ខ្លួន ព្រោះការសុំទាន គឺជារឿងខុសច្បាប់នៅក្នុងទីក្រុងឌូបៃ ដូច្នេះទើបប៉ូលិសក្រុងឌូបៃ ត្រូវតែតាមចាត់ការ “អ្នកសុំទានអាជីព” ទាំងនោះ។

លោក ហ្វៃសាល អាល់ បាឌាវី (Faisal Al Badiawi) អ្នកតំណាងរបស់សាលាក្រុងឌូបៃ បានប្រាប់ថា អ្នកសុំទានទាំងអស់នោះ គឺជាជនបរទេស (អ្នកក្នុងស្រុក មិនប្រកបអាជីពនេះទេ) ពួកគេទាំងនោះច្រើនតែចូលមកក្នុងប្រទេសអារ៉ាប់ អេមីរេត នេះ តាមរយៈទិដ្ឋាការ ឬវីសាជាអ្នកជំនួញ ឬជាអ្នកទេសចរ ដើម្បីមករកស៊ីសុំទាននៅក្នុងទីក្រុងឌូបៃ ដែលពួកគេអាចស្នាក់នៅបានរយៈពេល ៣ខែសម្រាប់ទិដ្ឋាការ ១ដង។ ដូច្នេះហើយទើបពួកគេដើររកប្រាក់ តាមរយៈពេលរបស់ទិដ្ឋាការ (Visa) ដែលទទួលបាននោះ។

តែ តើលោកអ្នកដឹងទេថា អ្នកសុំទានក្នុងទីក្រុងឌូបៃ រកប្រាក់បានប៉ុន្មានក្នុង ១ខែ?
តាមរយៈព័ត៌មានរបស់ក្រុមមន្រ្តីនៃទីក្រុងឌូបៃ បានឱ្យដឹងថា អ្នកសុំទានដែលទើបតែឃាត់ខ្លួនបាន កាលពីពេលថ្មីៗ បានសារភាពថា ខ្លួនរកប្រាក់បានពីការដើរសុំទាន ក្នុង ១ខែ ប្រមាណជា ២៧០ ០០០ឌើហ៊ែម ឬជិត ៨ម៉ឺនដុល្លារអាមេរិក…អូហូ?!!!។
យ៉ាងម៉េចដែរប្រិយមិត្ត? បានដឹងហើយ ភ្ញាក់ផ្អើលដែរឬទេ?។ អ៊ីចឹងបានជានរណាៗ ក៏ចង់ទៅធ្វើការ និងចង់ទៅបន្លំខ្លួនធ្វើជាអ្នកសុំទាននៅទីនោះដែរ៕











