មហាជននៅលើបណ្តាញសង្គម បានកំពុងមានការភ្ញាក់ផ្អើល និងសម្តែងការហួសចិត្ត សឹងរកពាក្យថ្លែងពុំចេញ ក្រោយពីបានឃើញរូបភាពប៉ុន្មានសន្លឹកទាំងនេះ បង្ហាញសមត្ថកិច្ចមួយក្រុមមានទាំង ប៉េអឹម ប៉ូលិសចរាចរ និងមន្រ្តីពន្ធដារ ចុះទៅត្រួតពិនិត្យ និងធ្វើការផាកពិន័យម្ចាស់គោយន្តកែច្នៃ ដល់វាលស្រែតែម្តង ដែលគ្រប់គ្នាពុំធ្លាប់ឃើញពីមុនមក។
សកម្មភាពដ៏មិនសមទំនងទាល់តែសោះនេះ ត្រូវបានប្រជាពលរដ្ឋថតផ្ទាល់ៗ និងរាយការណ៍ឲ្យដឹងថា បានកើតឡើងនៅភូមិភ្លា សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។ ប្រភពប្រជាពលរដ្ឋដដែល ក៏បានបញ្ជាក់ឲ្យដឹងថា មន្រ្តីពន្ធដារ និងប៉ូលិសចរាចរណ៍ ចុះទៅ «សួរសុខទុក្ខ» បងប្អូនប្រជាពលរដ្ឋតាមវាលស្រែ និងធ្វើការផាកពិន័យគោយន្តក្នុង១គ្រឿង ២០ ម៉ឺនរៀល។
ក្រោយពីបានឃើញរូបភាពដ៏ហួសចិត្តនេះហើយ មហាជនអ្នកលេងបណ្តាញសង្គម បាននាំគ្នាព្រលះឲ្យចំៗបែបនេះថា៖ «ចាប់លើផ្លូវជាតិគេថតពេក ខំមកចាប់នៅវាលស្រែ ហើយនៅមានអ្នកថតផុសទៀត, ដើររកលុយពេញវាលពេញព្រៃតែម្ដងហើយ នៅលើផ្លូវជាតិរកស៊ីលែងសូវបាន ចឹងហើយបានជានាំគ្នាទៅរកស៊ីនៅវាលស្រែម្ដង ព្រោះគោយន្តនៅតែតាមវាលស្រែអត់ឡើងមកតាមថ្នល់, ជឿហើយ ខ្មែរអាចធ្វើបាន… »។
ទាក់ទងរឿងផាកគោយន្តកែច្នៃដ៏ចម្លែកនេះផងដែរ ប្រជាពលរដ្ឋដទៃទៀត ក៏បានសួរថា «ច្បាប់ណា មាត្រាទីប៉ុន្មាន ចាប់គោយន្តច្នៃអោយបង់លុយ? ប្លន់ស្រស់ៗពេកហើយលោកប៉ូលិស! បើចឹងមែនធ្វើឆៀកធ្វើស្លាកលេខអោយគោយន្តទៅ គ្រាន់បើកចូលក្រុង, ប្រទេសថៃគេឆ្នៃធ្វើដឹកដំឡូង ដឹកដី, លក់ឪឡឹក ប្រទេសគេថាមិនខុសច្បាប់ ខុសច្បាប់តែខ្មែរយើងមួយ ហួសចិត្តខ្លាំងណាស់ មិនបម្រើរាស្រ្ត បែរជានាំគ្នាជាន់.ករាស្រ្តថែម»។
បើតាមប្រជាពលរដ្ឋ ប្រាប់តាមរយៈខមិន គឺសកម្មភាពចុះផាកពិន័យនេះ បានធ្វើឡើងមិនមែនតែ១ភូមិទេ គឺមានភូមិដទៃៗទៀត នៅក្នុងខេត្តស្វាយរៀង ខណៈម្ចាស់គោយន្តខ្លះ បានប្រាប់ថា «ចាប់គោយន្តខ្ញុំអស់ ៥០ ម៉ឺនរៀល ថ្ងៃមុន ហើយគ្មានក្រដាសមួយសន្លឹក, ខ្ញុំបាទឈ្មោះ.ដា.បានអស់50ដុល្លារ គិតជាលុយខ្មែរ 200000៛ ឆ្អែតចិត្តណាស់!, 200,000 រៀល ដឹកដីជិត100គោយន្ត ទើបរួចខ្លួន»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





