ភ្នំពេញ ៖ តារាប្រុសស្រី៤រូប នៅតែបន្តកាន់កម្មតំណែង ប្រឡងចម្រៀង The voice Cambodia បានយ៉ាងរឹងមាំ ដោយមិនអាចអោយសិស្សប្អូនណាមកប៉ែងជើងបាននោះទេ ក្នុងការឆ្មក់តំណែង។ នេះជាកម្មវិធី ប្រឡងចម្រៀងផ្នែកមនុស្សពេញវ័យពេញកម្លាំង ។ដូចនេះហើយ រិតតែធ្វើអោយ យុវជនទាំងឡាយដែលបាន ចូលមកដាក់ពាក្យប្រឡង អាចនិងត្រូវផ្ចិតផ្ចង់អោយល្អ ក្នុងការតាំងស្មារតី ពេលជួបគណៈកម្មាការ។ ពិសេសវគ្គសម្ភាសន៍ដើមទីដែលជាទីផ្តើមចាប់ឱកាស។

តារាចម្រៀង ៤រូបពោរពេញដោយ បទពិសោធន៍ ចម្រៀង អស់ជាច្រើនឆ្នាំ បានត្រូវរួមដៃគ្នាសហការ ក្នុងការចូលរួមធ្វើជា Coach The vote Cambodia រដូវកាលទី៣ ដើម្បីជ្រើសរើស គ្រាប់ពូជសិល្បៈថ្មី បន្តវេន។ អ្នកទាំង៤រូប ធ្វើអោយគេឯងភ្ញាក់ផ្អើល ដោយសារតែ គេនឹកស្មានថា កម្មវិធីដាក់ តារាកំពុងលេចធ្លោជើងថ្មី ។ ប៉ុន្តែចុងក្រោយជាតារាជើងចាស់ក្នុងសិល្បៈ ដែលឆ្អិនក្នុងការកំណត់ទឹកដមសំឡេងប្រកបដោយភាពច្បាស់លាស់។

តារាចម្រៀងកំពូលទាំង៤ មាន ឆន សុវណ្ណរាជ ណុប ប៉ាយ៉ារិទ្ឋ ឱក សុគន្ឋកញ្ញា និង ពេជ្រ សោភា។ តារាទាំង៤ នេះ ពេញប្រៀបដោយបទពិសោធន៍ ព្រោះ៣រដូវកាលគឺឈោងបានតំណែងនេះ ស្មើៗគ្នា។ ភាពច្បាស់លាស់របស់ពួកគេធ្វើអោយ អ្នករៀបចំកម្មវិធីជឿទុកចិត្តហើយ នៅតែមិនអាចមើលរំលងបាន អំពីទេពកោសល្យ តារាដ៍ពេញដោយធនធានសិល្បៈ ៤ដួងខាងលើ។ ដូចនេះហើយទើប ធ្វើអោយការប្រព្រឹត្តិទៅ នៃរដូវកាលទី៣នេះ ចាំបាច់ជ្រើសរើសអ្នកទាំង៤ ព្រោះអាចមានទម្រង់ពិសេសណាមួយកើតឡើងពេលផ្តើមប្រឡងឡើង។

អ្នកនាងឱក សុគន្ឋកញ្ញា បានបង្ហោះសារថា «អាជីពផ្សេងគ្នាតែគោលដៅតែមួយកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី 3 បានត្រឡប់មកវិញហើយ! នាងខ្ញុំ ឱក សុគន្ធកញ្ញា ពិតជាមាន មោទនភាពណាស់ ដែលបានគ្រងឈុត មរតកក្បាច់គុន ល្បុក្កតោខ្មែរ នេះក៏ជាក្តីស្រម៉ៃមួយរបស់នាងខ្ញុំ ។
ល្បុក្កតោខ្មែរ ពោរពេញទៅដោយថាមពល និងអំណាច មុះមុតក្លាហាន។ ការប្រកួតប្រជែងសមត្ថភាពច្រៀងមួយនេះក៏ត្រូវតែមានការតាំងចិត្តមុះមុត ក្លាហាន តស៊ូ ប្រឹងប្រែងទើបឈាងទៅដល់គោលដៅ »។

ចំពោះគូដណ្តឹង លោក ឆឹម សក្កដា ពេជ្រ សោភា បានបង្ហោះពាក្យពេចន៍ដែរថា « កុំភ្លេចទិញពាក្យចូលរួមប្រលង នឹងរង់ចាំទស្សនាទាំងអស់គ្នាថារដូវកាលនេះនឹងមានអ្វីខ្លះ មកជូនពុកម៉ែបងប្អូន ជួបគ្នាឆាប់ៗនេះ ។
បងប្អូនយល់យ៉ាងដែរសំរាប់រដូវការទី៣នេះ? សម្រាប់ខ្ញុំ The voice ជាកម្មវិធីលំដាប់ថ្នាក់ពិភពលោក ពួកយើងជា coach ទាំង៤ ពិតជាមានមោទភាពដែលបានស្លៀកពាក់ឈុត ល្បុក្កតោគុនខ្មែរ ។មុនមកប្រលងហាត់ផង coachទាំង៤នាក់ហាត់រួចហើយ (ហាត់ច្រៀង) ដោយការស្រលាញ់បងប្អូនជួយស៊ែរផង។

យ៉ាងណាមិញ វាក៏ជាឱកាសល្អមួយ សម្រាប់គ្រប់បេក្ខភាពទាំងអស់ ដែលទន្ទឹងរង់ចាំនោះបានមកដល់ ដើម្បីទិញពាក្យប្រកួត កែប្រែវាសនាឆ្ពោះសម្រេចក្តីស្រមៃដែលចង់ក្លាយជាតារាល្បីឈ្មោះមានប្រជាជនទូទាំងប្រទេស ទទួលស្គាល់។ ឯខូចទាំង៤នៅបន្តវែកផ្លូវ និងរកតិចនិចជួយពន្យល់បន្ថែមទៀតចំពោះការប្រើប្រាស់សំឡេង៕ រក្សាសិទ្ធិដោយ ៖ ឧត្តម











