Friday, March 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្លែកៗ និងចំណេះដឹង៖ ការប្រឈមមុខជាមួយមនុស្សក្រៅពិភព របស់ដុកទ័រ ចូណាថាន រីត ដែលធ្លាប់ល្បីល្បាញរឿង UFO ទូទាំងពិភពលោក

ថយត្រឡប់ទៅកាលពីថ្ងៃទី១៥ តុលា ១៩៩៦ វេជ្ជបណ្ឌិតផ្នែកចិត្តវិទ្យា ឈ្មោះ ចូណាថាន រីត បានអះអាងថា ឆ្កែរបស់គាត់បានបាត់ពីផ្ទះ គាត់សម្រេចចិត្ត ចូលទៅក្នុងព្រៃខាងក្រោយផ្ទះ ជិតជ្រលងភ្នំ ខាស់ខេត រដ្ឋវ៉ាស៊ីនតោន ដើម្បីតាមរកសត្វឆ្កែរបស់គាត់ (ទិន្នន័យមួយចំនួនបញ្ជាក់ថា គាត់នាំឆ្កែទៅដើរលេង) រហូតដល់គាត់បានជួបនឹងរឿងដែលមិនធ្លាប់នឹកគិតពីមុនមកឡើយ។

លោកដុកទ័រ រីត បានជួបនឹងយានអវកាសពណ៌ខ្មៅ រូបរាងវែង ១គ្រឿង គាត់ប្រញាប់រត់ត្រឡប់ទៅផ្ទះវិញ ដើម្បីយកកាមេរ៉ាថតវីដេអូមក និងចាប់ផ្ដើមថតពីអ្វីដែលកំពុងកើតឡើងបន្ទាប់ពីនោះមក។
អ្វីដែលគាត់មើលឃើញបន្ទាប់មកទៀត គឺមនុស្សក្រៅពិភព ១រូប កំពុងធ្វើឱ្យសត្វឆ្កែរបស់គាត់ រលាយរូបរាងក្លាយជា “ផ្សែងធ្យូង” ពណ៌ស ហុយទៅលើ។

ដោយការខឹងក្រេវក្រោធ លោកដុកទ័រ រីត ក៏ស្រវាយកដំបងឈើពីដើមឈើនៅជិតនោះ ហើយវាត់ទៅលើរាងកាយរបស់វាយ៉ាងខ្លាំង និងមើលទៅហាក់ដូចជាគាត់វាយរាងខ្លាំងៗផង ធ្វើឱ្យមនុស្សក្រៅពិភពរូបនោះ ស្លាប់បាត់បង់ជីវិតតែម្ដង។

បន្ទាប់ពីនោះ គាត់សម្រេចចិត្តយករាងកាយរបស់មនុស្សក្រៅពិភពនោះ ចូលមកក្នុងផ្ទះ និងព្យាយាមយកដៃបិទភ្នែកសាកសពមនុស្សក្រៅពិភពនោះ តែមិនអាចបិទបានឡើយ។ បន្ទាប់មក គាត់ក៏ចំណាយពេលវះកាត់សាកសពនោះ ដើម្បីពិសោធមើលពីអវយវៈទាំងអស់របស់មនុស្សក្រៅពិភពនោះយ៉ាងលម្អិត និងបានថតវីដេអូទុកទៀតផង។

រឿងរ៉ាវរបស់ដុកទ័រ រីត បានក្លាយជាចរន្តមួយផ្សព្វផ្សាយទៅទូទាំងទីប្រជុំជន។ មនុស្សម្នាចាប់ផ្ដើមចង់ដឹង និងចង់ឃើញពីរឿងរ៉ាវពាក់ព័ន្ធនឹង UFO និងមនុស្សក្រៅពិភពបន្ទាប់ពីគាត់បាននាំយកឃ្លីបវីដេអូនោះទៅផ្សព្វផ្សាយ ដែលបង្ហាញឱ្យឃើញថា លោកដុកទ័រ រីត កំពុងចៀរពន្លះ វះកាត់រាងកាយរបស់មនុស្សក្រៅពិភព ដែលមានលលាដ៍ក្បាលរាងវែងខុសប្រក្រតី គ្រងឈុតអាវធំពណ៌ខ្មៅ គ្របពីលើស្បែកដែលខ្មៅស្រអាប់យ៉ាងចម្លែក។ ខណៈដែលទិន្នន័យខ្លះ បានអះអាងថា មនុស្សក្រៅពិភពនោះ បានដឹងខ្លួនឡើង និងស្ទុះរត់ចេញពីផ្ទះរបស់លោកដុកទ័រ រីត។ តែទិន្នន័យខ្លះទៀត បានអះអាងថា មាន “រថយន្តទួរីសពណ៌សអាថ៌កំបាំង” ១គ្រឿង បានមកដល់ផ្ទះរបស់ដុកទ័រ រីត ហើយប្រមែប្រមូលសំណាករាងកាយរបស់មនុស្សក្រៅពិភពនោះ និងភ័ស្តុតាងទាំងអស់យកទៅបាត់។

បន្ទាប់ពីនោះ គាត់ក៏ត្រូវបានក្រុមមន្ត្រីរដ្ឋ ស៊ើបសួរយ៉ាងល្អិតល្អន់ រួមទាំងមានអ្នកព្យាយាមគំរាមគាត់ទៀតផង។

ក្រោយមក រឿងរ៉ាវរបស់លោកដុកទ័រ រីត បានក្លាយជាប្រធានបទជជែកតវ៉ានៅក្នុងពិភពអនឡាញយ៉ាងក្ដៅគគុក និងមានមនុស្សជាច្រើន បានបញ្ចេញគំនិតយោបល់ខុសប្លែកពីគ្នា។ អ្នកខ្លះជឿលើអ្វីដែលគាត់បានរៀបរាប់ ព្រមជាមួយឃ្លីបវីដេអូដែលជាភ័ស្តុតាង តែអ្នកខ្លះក៏គិតថា រឿងនេះ វាមិនអាចទៅរួចឡើយ តែរឿងរ៉ាវរបស់គាត់ បានល្បីល្បាញនៅក្នុងបណ្ដុំរឿងមនុស្សក្រៅពិភព អស់រយៈពេលជាច្រើនឆ្នាំ។

ចំណែករូបលោកដុកទ័រ រីត ក៏ក្លាយជាមនុស្សល្បីឈ្មោះនៅក្នុងពិភព UFO ដែរ និងដល់ថ្នាក់បោះពុម្ពផ្សាយសៀវភៅពាក់ព័ន្ធបទពិសោធន៍របស់គាត់ទៀតផង។ ពេលមកដល់ចំណុចនេះ មនុស្សជាច្រើនគិតថា រឿងរ៉ាវរបស់គាត់ អាចនឹងមិនបានកើតឡើងពិតប្រាកដឡើយ រួមទាំងខ្លួនលោកដុកទ័រ រីត ក៏ប្រហែលជាមិនមែនជាឈ្មោះពិតទៀតផង។

នៅទីបំផុត រឿងរ៉ាវរបស់លោកដុកទ័រ រីត ក៏ត្រូវបានបកអាក្រាតថា ជារឿងកុហកបោកប្រាសទាំងស្រុង រួមទាំងរូបលោកផង ដែលការពិតទៅ មានឈ្មោះថា ចន ប្រ៊ែតលី រ៉ាត់ធើរ រស់នៅឯ ស៊ី-អ៊ែត-ធើល ហើយគាត់មិនដែលធ្វើជាដុកទ័រ គ្មានសញ្ញាបត្រ និងសូម្បីតែរៀនចប់វិទ្យាល័យក៏ដោយ៕

×