ដូចដែលប្រិយមិត្ត មហាជនជាច្រើន បានស្គាល់ច្បាស់ហើយ ពីបុគ្គលឈ្មោះ ស៊ូ សេងហ៊ួ ដែលបានតាំងខ្លួនជាគ្រូឱសថទិព្វប្រចាំជម្ពូទ្វីបភពផែនដី និងបានអះអាងថា ឱសថទិព្វរបស់ខ្លួនពិតជាពូកែខ្លាំងសក្តិសិទ្ធិ ជាពិសេសអាចជួយព្យាបាលប្រភេទជំងឺធ្ងន់ៗដំណាក់កាលជិតស្លាប់ ឲ្យមានឱកាសរស់ឡើងវិញ។
ទោះជាយ៉ាងណា គ្រូឱសទិព្វរូបនេះ ដែលត្រូវបានដឹងថា មានការសិក្សាខ្ពង់ខ្ពស់ និងជាម្ចាស់ក្រុមហ៊ុន អាជីវកម្មច្រើនមុខ និងសូម្បីជាចាងហ្វាងសារព័ត៌មានទៀតផង ត្រូវបានមហាជនរិះគន់ សើចចំអកព្រោងព្រាត រហូតមានអ្នកខ្លះកាត់វីដេអូយកទៅធ្វើត្រាប់តាម ដោយសារតែហួសចិត្តខ្លាំងពេក ទៅនឹងកាយវិការស្រែកអាឡេអាឡូ ដ៏មិនសមរម្យ និងថ្លៃថ្នូរ សមជាអ្នកមានចំណេះដឹងសោះឡើយ។
លើសពីនេះ បុគ្គលរូបនេះ ក៏បានធ្វើឲ្យមហាជនកាន់តែហួសចិត្ត រកគិតមិនយល់ នៅពេលបានឃើញម្តងស្លៀកស្បង់ជីវរព្រះសង្ឃ ម្តងពាក់អាវឥសី ម្តងស្លៀកខោអាវធម្មតាដើរស្រែកអោយគេមកទិញថ្នាំ ហើយថាខ្លួនមកប្រោសជួយជីវិតខ្មែរទៀត តែថ្នាំចំហាយទឹកនោះ បើតាមប្រជាពលរដ្ឋដែលបានទិញផ្ទាល់ បានប្រាប់ឲ្យដឹងថា តែ១រៀលមិនចុះផង។
ដោយឡែក រូបភាពថ្មី១សន្លឹកនេះដែលកំពុងត្រូវចែករំលែកពេញបណ្តាញសង្គម បានធ្វើឲ្យភ្ញាក់ផ្អើលទៀតហើយ ដែលបង្ហាញបុគ្គល ស៊ូ សេងហ៊ួ ស្ថិតក្នុងស្ថានភាពខ្លួនប្រាណគ្របដណ្តប់ទៅដោយសាក់ ពាក់ខ្សែកមាសធំៗ អង្គុយត្រាស់ដឹង ប្រៀបដូចជាព្រះ ដែលឃើញហើយពិតជាហួសចិត្តយ៉ាងខ្លាំង។
ក្រោយពីបានឃើញបែបនេះ មហាជនបានសម្តែងការហួសចិត្តថា «លក់ផលិតផលសុខៗក្លាយជាគ្រូ ឥឡូវ មកក្លាយជាព្រះអីណាទៀតហើយ, ត្រាស់ដឹងពីង្កាល់ណាដែរ ខ្លាំងជាងព្រះសិអារ្យមេត្រីទៀត, បែកមួយទៀតបាត់ ព្រំវាសនាទី២ ឆ្កួតមើលលែងជាហើយ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








