កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញនេះ មហាជននៅលើបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង នៅពេលដែលបានឃើញរូបភាពសមត្ថកិច្ចមួយក្រុម មានទាំង ប៉េអឹម ប៉ូលិសចរាចរ និងមន្រ្តីគយ បាននាំគ្នាចុះទៅធ្វើការផាកពិន័យម្ចាស់គោលយន្តកែច្នៃ ដល់កណ្តាលវាលស្រែ នៅក្នុងភូមិភ្លា សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ដោយតម្រូវឲ្យម្ចាស់គោយន្តមួយគ្រឿង ត្រូវបង់ប្រាក់ផាកពិន័យចំនួន 200,000 រៀល។
ជាមួយទង្វើដ៏មិនសមទំនង និងមិនថ្លៃថ្នូរនេះ មហាជនបានលើកឡើងចំៗថា «ហេតុអីក៏គេចេះនឹកឃើញកន្លែងរកលុយស្រួលម៉្លេះ? ពីព្រោះគេដឹងថា គោយន្ត គឺការតម្លើងក្នុងស្រុកដូចជាងតាមភូមិ តាមឃុំ តាមស្រុក ដូច្នេះគោយន្តមិនអាចចូលបង់ពន្ធ ឡើងឆែក ដូចឡាន ឬម៉ូតូ បាននោះឡើយ ទើបគេយកពន្ធដារ ទៅចាប់។ ចំណែកដៃគូសហការ គឺប៉ូលីសចរាចរ គេដឹងថាប្រជាពលរដ្ឌ តាមស្រុកស្រែ 90% បើកគោយន្តគ្មានបណ្ណបើកបរនោះទេ ហេតុនេះទើបគេដាក់ឲ្យត្រូវជំនាញ ដើម្បីកុំឲ្យពលរដ្ឌរកលេសដោះស្រាយមិនរួច»។
ទោះជាយ៉ាងណា ប្រហែលដោយសារឃើញមហាជនផ្ទុះប្រតិកម្មឡើងកក្រើក ហើយបែបស៊ីមិនឆ្ងាញ់ភ័យខ្លួន ស្រាប់តែព្រឹកឡើងនៅថ្ងៃទី១៦ ខែកុម្ភៈ នេះ ក្រុមមន្រ្តីទាំងនោះ បានមកដល់ផ្ទះម្ចាស់គោយន្ត ដើម្បីយកលុយមកសងវិញ ដែលពិតជាគួរឲ្យហួសចិត្តខ្លាំងបំផុត។
បើតាមប្រភពពីប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា ក្រុមមន្រ្តីពន្ធដារខេត្តស្វាយរៀង បានចុះមកដល់ក្នុងភូមិទាំងព្រឹកតែម្តង ដោយបានលុយមកសងម្ចាស់គោយន្តវិញ។ ប្រភពដដែលក៏បានបញ្ជាក់ថា កាលពីម្សិលមិញ (១៥ កុម្ភៈ) ក្រុមសមត្ថកិច្ចចម្រុះទាំងនោះ បានមកទារលុយបង់ពន្ធ ប៉ុន្តែ ពុំបានចេញវិក័យបត្រ ឬ ផ្តល់តែមបិទអ្វីសោះឡើយ ដោយគ្រាន់តែទុកលេខទូរស័ព្ទឲ្យទាក់ទង ប្រសិនមានអ្នកណាមកទារលុយតាមក្រោយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





