បាត់ដំបង៖ អ្នកស្ម័គ្រចិត្តអន្តរជាតិជាង ២៥០នាក់ មកពីប្រទេសនានាដូចជា សហរដ្ឋអាមេរិក កាណាដា ចក្រភពអង់គ្លេស នូវេសេឡង់ ហុងកុង និងអូស្ត្រាលី នឹងធ្វើការរួមគ្នាជាមួយនឹងគ្រួសារចំនួន ២៣គ្រួសារ ដើម្បីធើ្វអោយជីវិតរបស់គេបានប្រសើរឡើងតាមរយៈការសាងសង់លំនៅឋានដ៏សមរម្យសម្រាប់ពួកគាត់។ ពួកគេនឹងចាប់ផ្តើមការសាងសង់នេះពីថ្ងៃទី ១២ ដល់ ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នៅភូមិបែកចានថ្មី និងភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។
កម្មវិធី Cambodia Big Build នឹងប្រារព្វកម្មវិធីស្វាគមន៍ពិសេសមួយចំពោះអ្នកស្ម័គ្រចិត្តទាំងអស់ អាជ្ញាធរខេត្តបាត់ដំបង នៅថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នៅក្នុងបរិវេណសាលាខេត្តបាត់ដំបង រួមជាមួយនឹងការទទួលទានអាហារពេលល្ងាចរួមគ្នាផងដែរ។ ក្នុងឪកាសនោះផងដែរក៏មានវត្តមាន លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាគណៈអធិបតី និងគណៈប្រតិភូមួយចំនួនទៀតរួមមាន លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង លោក អ៊ូ ដារី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង តំណាងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងអង្គការដៃគូមួយចំនួននៅក្នុងខេត្តបាត់ដំបង ក៍អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសផងដែរ។
លោកស្រី ប៊ឺណាដេត បូឡូ ឌូធី នាយិកាប្រចាំប្រទេសនៃអង្គការលំនៅឋានមនុស្សជាតិកម្ពុជាមានប្រសាសន៍ពេលបើកកម្មវិធីថា “គ្រួសារដែលយើងកំពុងធ្វើការជាមួយ គឺជាគ្រួសារដែលកំពុងរស់នៅលើទីតាំងដីដែលមិនមានសុវត្ថិភាព និងមិនមានស្ថេរភាព។ ដំណើរឆ្ពោះទៅរកការទទួលបានសុវត្ថិភាពដីធ្លី និងលំនៅឋានសមរម្យ គឺទាមទារឲ្យមានការចូលរួម ភាពក្លាហាន និងការប្តេជ្ញាចិត្តខ្ពស់ពីគ្រួសារផ្ទាល់ និងដៃគូពាក់ព័ន្ធផ្សេងៗ។ ដោយទទួលបាននូវការគាំទ្រ និងចូលរួមពីអ្នកស្ម័គ្រចិត្តអន្តរជាតិ នោះគ្រួសារទាំងអស់នឹងមិនមានអារម្មណ៍ថាពួកគាត់ឯកាម្នាក់ឯងទេ។
គម្រោងមួយដែលយើងកំពុងតែខិតខំប្រឹងប្រែងក្នុងការអនុវត្តគឺគម្រោងសាងសង់ផ្ទះដែលមានតំលៃសមរម្យសម្រាប់អ្នកមានប្រាក់ចំណូលទាប ដោយសារវាជាផ្នែកមួយនៃគោលនយោបាយលំនៅឋានថ្នាក់ជាតិដែលបានអនុម័តរួច។ យើងទាំងអស់គ្នា រួមគ្នា កសាងភាពរឹងមាំ ស្ថេរភាព និងការពឹងផ្អែកលើខ្លួនឯងតាមរយៈការគាំទ្រលំនៅឋាន និង ជម្រកមនុស្សជាតិសមរម្យ។
ជាមួយគ្នានេះដែរ លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងក៏បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជាក៏បានប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាលំនៅឋានដែលមិនមានស្តង់ដារផងដែរ ប៉ុន្តែកិច្ចការនេះវាបន្ទុកដ៏ធំ និងមានការងារជាច្រើនទៀតដែលត្រូវធ្វើ។ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះអង្គការលំនៅដ្ឋានមនុស្សជាតិកម្ពុជា ដែលបានធ្វើការរួមគ្នាក្នុងភាពជាដៃគូ ដើម្បីដោះស្រាយបញ្ហាលំនៅដ្ឋាននេះជាបន្តបន្ទាប់។ ការជួបជុំគ្នាក្នុងពិធីទទួលទានអាហារសាមគ្គីនារាត្រីនេះ បានបង្ហាញអោយឃើញថា យើងទាំងអស់គ្នាអាចសម្រេចនូវរឿងដ៏អស្ចារ្យមួយសម្រាប់រយៈពេល៥ថ្ងៃខាងមុខនេះ និងថ្ងៃបន្តបន្ទាប់ ដើម្បីអភិវឌ្ឍក្នុងភាពជាដៃគូរយូរអង្វែង និងទំនាក់ទំនងការងារដែលមានប្រយោជន៍ដល់មនុស្សជាតិនាពេលអនាគត។
ការគាំទ្រផ្នែកលំនៅឋានគឺសំខាន់យ៉ាងខ្លាំងចំពោះគ្រួសារចិន្តា និងភរិយាឈ្មោះយ៉ាណា។ កូនស្រីរបស់ពួកគេឈ្មោះ លាភា មានអាយុ៧ឆ្នាំ។ ដែលជាកុមារីរស់ក្នុងពិការភាពដែលបណ្តាលមកពីជំងឺក្រិន ហើយធ្វើអោយនាងមិនអាចដើរនិងបរិភោគអាហារដោយប្រក្រតីដូចក្មេងដ៏ទៃឡើយ។ មិត្តភក្តិ និង អ្នកជិតខាងរបស់ចិន្តាណែនាំចិន្តាឲ្យយកលាភាទៅទុកនៅមណ្ឌលជនពិការ ក៏បន្តែចិន្តាមិនបានធ្វើតាមទេ គាត់មិនដែលគិតបោះចង់កូនស្រីទេទោះជានាងស្ថិតក្នុងពិការភាពក៏ដោយ។ ចិន្តាបានលើកឡើងថា៖ ការស្រលាញ់ដែលយើងមានចំពោះកូនរបស់យើង ធ្វើឲ្យយើងមិនហត់នឿយក្នុងការមើលថែទាំលាភា។ ចំណូលដែលពួកគេរកបានគឺភាគច្រើនចំណាយទៅលើថ្នាំពេទ្ររបស់លាភា និងថ្លៃជួលផ្ទះ។ ចិន្តាបន្តថា នៅពេលយើងមានផ្ទះផ្ទាល់ខ្លួន យើងមិនបាច់បារម្មណ៍ពីរឿងថ្លៃឈ្នួលផ្ទះទេ ហើយយើងអាចផ្តោតលើសុខភាពកូនស្រីរបស់យើងបានច្រើនជាងមុន។
អង្គការលំនៅឋានមនុស្សជាតិកម្ពុជាបានជួយដល់គ្រួសារដែលមានស្ថានភាពប្រហាក់ប្រហែលចិន្តា និងយ៉ាណា ក្នុងខេត្តបាត់ដំបងចាប់តាំងពីឆ្នាំ២០០៧។ ក្នុងនោះផងដែរអង្គការក៏បានជួយសម្របសម្រួលអោយប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍សំណង់បណ្តោះអាសន្ន អោយទទួលបានសិទ្ធិសុវត្ថិភាពដីធ្លីតាមរយៈការផ្តល់ដីសម្បទានសង្គមកិច្ចលំនៅឋានពីអាជ្ញាធរខេត្តបាត់ដំបង។ អង្គការក៏បានជួយជាជំនួយផ្នែកបច្ចេកទេសសាងសង់លំនៅឋានសមរម្យ ដល់គ្រួសារទទួលផល ហើយមកដល់បច្ចុប្បន្ននេះគ្រួសារចំនួនប្រមាណជាង ៥០០ គ្រួសារហើយដែលបានទទួលជំនួយបច្ចេកទេសបែបនេះ។
ដៃគូរបស់អង្គការលំនៅឋានមនុស្សជាតិកម្ពុជាដែលចូលរួមអនុវត្តកម្មវិធី Big Build នេះរួមមាន រដ្ឋបាលមូលដ្ឋានខេត្តបាត់ដំបង អង្គការលំនៅឋានមនុស្សជាតិអូស្ត្រាលី និង មូលនិធិក្លីវហ្វឆាន៕ ដោយ៖កូឡាប