Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លោចចិត្ត! ខំ​សន្សំ​កាក់​សែន ទម្រាំ​បាន​លុយ​ពាន់​ម៉ឺន​ដុល្លារ តែ​បែរ​ប៉ះចំ​ពួក​ក្រុមហ៊ុន​ដី​ឡូត៍​ខ្យល់ ឥឡូវ​ទាំង​មេ​និង​កូ​ន​ចៅ ដាក់​មេ​ប្រូច​អស់ហើយ

spot_img

ប្រជាពលរដ្ឋជាច្រើនគ្រួសារ បាននិងកំពុងរងទឹកភ្នែក ម្នាក់ៗអស់លុយរាប់ពាន់ម៉ឺនដុល្លារ ដោយសារ «ក្រុមហ៊ុនដីឡូត៍ អាណាចក្រហេរ៉ូមែន» ប្រចាំនៅក្នុងភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង បានបោកប្រាស់លើទំនុកចិត្តពួកគាត់ ព្រោះថា ពេលនេះ ដីឡូត៍ដែលពួកគាត់បានទិញ ដោយបានបង់លុយឲ្យខ្លះពាក់កណ្តាល ខ្លះជិតគ្រប់ និងខ្លះទៀតបង់ផ្តាច់រួចរាល់ទៅហើយ ត្រូវបានគេដកបង្គោលព្រំដី (អស់រលីងឆឹញ) ខណៈប្រធានក្រុមហ៊ុន និងក្រុមបក្ខពួក បានរត់ចោលការិយាល័យ មិនទទួលខុសត្រូវទៀតឡើយ។

បើតាមប្រជាពលរដ្ឋរងគ្រោះម្នាក់ បានប្រាប់ឲ្យដឹងថា ពួកគាត់ខ្លះបានបង់លុយឲ្យក្រុមហ៊ុន អាណាចក្រហេរ៉ូមែន តាំងពីឆ្នាំ២០១៩ មកម្ល៉េះ ខណៈអ្នកផ្សេងៗទៀត បានទិញបន្តបន្ទាប់ ហើយក្នុងនោះ អ្នកខ្លះក៏បានបង់ឲ្យក្រុមហ៊ុន ៥០%, ៨០% និងខ្លះទៀត បង់ផ្តាច់រួចហើយ ព្រោះតែចង់បានប្លង់ដីស្របច្បាប់។ ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺបន្ទាប់ពីពួកគាត់បង់គ្រប់ចំនួន ស្រាប់តែក្រុមហ៊ុនបែរជាប្រើលេសដោះសារ និងសុំពន្យារពេលចេញប្លង់ឲ្យ ដោយសារមានបញ្ហានេះបញ្ហានោះរហូត។ ដោយសារតែគិតថា ក្រុមហ៊ុននឹងដោះស្រាយជូន ទើបពួកគាត់សុខចិត្តស៊ូទ្រាំរង់ចាំរហូតមកទល់ពេលនេះ។

ទោះជាយ៉ាងណា ដោយសារមកអើតមើលដីលើកចុងក្រោយ និងក៏ដូចធ្វើដំណើរឆ្លងកាត់ដី ហាក់មានភាពមិនប្រក្រតី ពោលគឺបង្គោលថ្មឡូត៍ ត្រូវបានដកចោលគ្មានសល់ រហូតចំណាំដីឡូតិ៍ខ្លួនឯងលែងបាន ជាហេតុធ្វើឲ្យពួកគាត់ជឿច្បាស់ថា ក្រុមហ៊ុននេះពិតជាបោកប្រាស់ពួកគាត់ដូចអារម្មណ៍សង្ស័យមិនខុសមែន។

ជាក់ស្តែង ពួកគាត់បានចាប់ផ្តើមដកដង្ហើមធំ នៅពេលទាក់ទងសួរនាំអំពីរឿងនេះ តែពុំមានខាងផ្នែកទទួលខុសត្រូវណាម្នាក់ របស់ក្រុមហ៊ុន​ ឆ្លើយតបទៀតទេ ខណៈអ្នកដែលធ្លាប់ទាក់ទងទទួលធ្វើឯកសារលក់ដីឡូត៍ជូនពួកគាត់ ក៏បានប្រាប់ថា រូបគេបានលាឈប់ពីក្រុមហ៊ុននេះ តាំងពី២ខែមុនម្ល៉េះ។ អ្វីដែលកាន់តែអស់សង្ឃឹមខ្លាំងទៀតនោះ គឺនៅក្នុងការិល័យទំនាក់ទំនងលក់ដីឡូត៍ របស់ក្រុមហ៊ុន ក៏គ្មានផ្នែករដ្ឋបាល ឬ គណនេយ្យ ណាម្នាក់ស្ថិតនៅក្នុងនោះទៀតឡើយ ពោលគឺស្ងាត់សូន្យឈឹងតែម្តង។

ចំពោះរឿងនេះ ប្រជាពលរដ្ឋរងគ្រោះ បានប្រាប់ឲ្យដឹងថា បើតាមការស៊ើបដឹង នោះបង្គោលដីឡូត៍របស់ពួកគាត់ គឺត្រូវបានម្ចាស់ដីគេដើម ជាអ្នកដកចោល ព្រោះតែប្រធានក្រុមហ៊ុនដីឡូត៍លោក ឆាន គីម មាន និងលោក ឆាន គីមមាស ដែលត្រូវជាបងប្អូនភ្លោះបង្កើត រកស៊ី «ធ្វើនំអត់ម្សៅ» បង់លុយឲ្យម្ចាស់ដីមិនគ្រប់ ហើយពេលនេះ បានកំពុងសម្ងំគេចវេស មិនចូលខ្លួនដោះស្រាយជាមួយប្រជាពលរដ្ឋរងគ្រោះទេ។

ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋរងគ្រោះ ដែលក្នុងនោះមានទាំងស្រ្តីក្រីក្រដែលខំប្រឹងត្រដររកស៊ីរបរអេតចាយ សន្សំកាក់សេន ទម្រាំបានលុយពាន់ដុល្លារ យកមកទិញដីឡូត៍ រំពឹងមានដីបានធ្វើផ្ទះនឹងគេ តែបែរមកជួបក្រុមហ៊ុនបោកប្រាស់បែបនេះ បានស្រែកទ្រោហ៊ោយំស្ទើរដួលសន្លប់នឹងកន្លែងដីឡូត៍ខ្យល់ លើកដៃសំពះ អង្វរដល់សម្តេចពុក សម្តេចម៉ែ ប៊ុន រ៉ានី ហ៊ុន សែន សូមលោកទាំងពីរជួយអន្តរាគមន៍ រកយុត្តិធម៌ឲ្យកូនចៅរងគ្រោះផង។

តាមរយៈនេះ ក៏សូមស្នើដល់អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយដល់ពលរដ្ឋរងគ្រោះផង ដើម្បីឲ្យប្រធានក្រុមហ៊ុន គឺបុគ្គលឈ្មោះ ឆាន គីមមាន និងឈ្មោះ ឆាន គីមមាស ចូលខ្លួនមកដោះស្រាយបញ្ហានេះ ឬ ប្រគល់លុយដើមឲ្យពួកគាត់វិញ ដែលមិនត្រូវអនុញ្ញាតឲ្យបុគ្គលបងប្អូនមេក្រុមហ៊ុនដីឡូត៍ខ្យល់ទាំងពីរនាក់នេះ យកលុយជាកម្លាំងញើសឈាមរបស់ប្រជាពលរដ្ឋ ទៅចែកក្រុមបក្ខពួក ស៊ីចាយវាយអស់ រួចគេចវេស រកលេសដោះសារ គ្មានការទទួលខុសត្រូវបែបនេះឡើយ។

ទាក់ទងរឿងលក់ដីឡូត៍ខ្យល់នេះផងដែរ អ្នកទិញលក់ដីម្នាក់ដែលដឹងច្បាស់ពីពួកក្រុមហ៊ុនរកស៊ីលក់ដីឡូត៍ «ធ្វើនំអត់ម្សៅ» បោកប្រាស់មួយចំនួន បានប្រាប់ឲ្យបងប្អូនដឹងថា៖ «ខ្ញុំប្រឡូកឆ្អែតហើយអារឿងដីឡូត៍ហ្នឹង ពេលដឹងហើយឃើញហើយ លឺហើយ ស្គាល់ហើយ ខ្ញុំក៏ដកខ្លួនចេញ​ ហើយក៏លែងណែនាំអ្នកណាអោយទៅទិញដីឡូត៍ដែរ ក្រុមហ៊ុនដីឡូត៍ល្អគេមាន គេមានភាពច្បាស់លាស់ជាមួយអតិថិជន និងគម្រោងរបស់គេស្របច្បាប់ពេញលេញ តែពពួកក្រុមហ៊ុនធ្វើនំអត់ម្សៅក៏វាសម្បូរ ចឹងប្រជាពលរដ្ឋដែលគាត់អត់សូវយល់ ច្រើនចាញ់បោកតែពពួកអស់ហ្នឹង ព្រោះយុទ្ធសាស្ត្រនៃការបោកប្រាស់របស់ពួកហ្នឹងវាពូកែ ហើយរឿងដដែលៗហ្នឹង កើតឡើងជាបន្តបន្ទាប់ ដោយប្រើយុទ្ធសាស្ត្រទិញអោយលុយម្ចាស់ដើមមិនទាន់គ្រប់ផង ចាប់ផ្តើមចាក់ដីពុះឡូត៍លក់ ម្ចាស់ដើមខ្លះពីរបីឆ្នាំហើយមិនទាន់បានលុយពាក់កណ្តាលផង….. ឈប់បានឈប់ទៅ…បងៗអ្នកខួរក្បាលសេដ្ឋកិច្ច បែបធ្វើនំអត់ម្សៅហ្នឹង … (រៀនវគ្គជោគជ័យច្រើនពេកចឹងហើយ) ជោគជ័យបោកតែខ្មែរគ្នាឯង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×