សិស្សស្រីអាយុ ១៤ឆ្នាំម្នាក់នៅក្នុងប្រទេសម៉ាឡេស៊ី បានធ្វើអត្តឃាត ក្រោយពេលនាងត្រូវបានគ្រូនាងចោទប្រកាន់ថាបានលួចទូរស័ព្ទ iPhone របស់គាត់។ នាងក៍បានបន្សល់សំបុត្រមួយច្បាប់ផងដែរថា ដោយបដិសេធថា នាងមិនបានលួចទូរស័ព្ទអ្នកគ្រូនាងនោះទេ។
ក្មេងស្រីនោះ មានឈ្មោះថា M Vasanthapiriya។ នាងត្រូវបានគេប្រទះឃើញធ្វើអត្តឃាតខ្លួនឯង ដោយចងកនៅនឹងទ្វារ ប្រហែល ៩ថ្ងៃប៉ុណ្ណោះក្រោយពេលអ្នកគ្រូរបស់នាង ចោទនាងថាលួចទូរស័ព្ទរបស់គាត់។
បើតាមសេចក្តីរាយការណ៍របស់ប៉ូលីសបានឲ្យដឹងថា ក្មេងស្រី M Vasanthapiriya ត្រូវបានអ្នកគ្រូនាងចោទប្រកាន់ និងបានគំរាមថានឹងរាយការណ៍ប្រាប់ប៉ូលិស។
បន្ទាប់ពីចោទប្រកាន់នាង អ្នកគ្រូនាងបានចាក់សោនាងទុកក្នុងបន្ទប់អស់រយៈពេល ៥ម៉ោង ដោយមិនឲ្យនាងហូបអី និងមិនឲ្យទៅបន្ទប់ទឹក មុនពេលនាំនាងទៅផ្ទះ ដើម្បីដោះស្រាយជាមួយឪពុកម្តាយរបស់នាង។
លោក R. Muniandy ដែលជាឪពុករបស់ក្មេងស្រីនោះបញ្ជាក់ថា “កូនរបស់គាត់ជាក្មេងខ្លាចច្រើនហើយងាយត្រូវគេសម្លុតណាស់ ដូច្នេះប្រហែលវាកើតឡើងដោយសារតែអ្នកគ្រូនាងធ្វើបែបនោះ ហើយទើបធ្វើឲ្យនាងអាម៉ាស់មុខ និងឈានដល់ការសម្លាប់ខ្លួនដូចនោះ”។
ចំណែកមីងរបស់នាង ឈ្មោះ A. Lalitha និយាយថា ក្មួយគាត់ជាក្មេងស្រីមានអារម្មណ៍ទន់ជ្រាយ ហើយទង្វើរបស់អ្នកគ្រូនាង អាចនាំឲ្យឲ្យនាងធ្វើបែបនោះហើយ។
បច្ចុប្បន្នប៉ូលិស កំពុងធ្វើការស៊ើបអង្កេតលើករណីរបស់ក្មេងស្រីគ្មានកំហុសនោះ៕ សុភ័ក្ត្រ
ប្រភព៖ Good Times