ដោយបដិសេធបន្តរស់នៅក្នុងស្ថានភាពតទៅទៀត ដែលស្ទើរតែត្រូវបានកាត់ចេញពីពិភពខាងក្រៅ មនុស្ស ១៣ នាក់ បានប្រើឧបករណ៍មូលដ្ឋានដោយដៃ ដើម្បីវាយកម្ទេចថ្ម និងបង្កើតផ្លូវរូងភ្នំដ៏អស្ចារ្យ ដែលមានប្រវែងជាង ១,០០០ ម៉ែត្រ។
ផ្លូវរូងភ្នំ Guoliang ឬហៅថាជា «ផ្លូវរូងភ្នំគ្មានកំហុស» ដែលមានទីតាំងនៅខេត្ត Henan ភាគខាងត្បូងនៃទីក្រុងប៉េកាំង ប្រទេសចិន ត្រូវបានគេចាត់ទុកថាជាផ្លូវគ្រោះថ្នាក់បំផុតមួយ នៅក្នុងពិភពលោក។ ផ្លូវរូងភ្នំនេះត្រូវបានសាងសង់នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៧០ តាមបណ្តោយភ្នំ Thai Hanh Son ដើម្បីតភ្ជាប់ភូមិ Quach Luong ជាមួយផ្នែកផ្សេងទៀត ក្នុងប្រទេសចិន។
មុនពេលផ្លូវរូងភ្នំនេះត្រូវបានសាងសង់ មធ្យោបាយតែមួយគត់ដើម្បីទៅដល់ខេត្តជិតខាងរួមមាន Huy Huyen និង Tan Huong គឺត្រូវឡើងតាមជ្រលងភ្នំដ៏ចោត រួចឆ្លងកាត់ផ្លូវដែលមានជណ្ដើរថ្មដ៏ចោតជាង ៧២០ កាំ។ ផ្លូវនេះគ្រោះថ្នាក់ខ្លាំងណាស់ សូម្បីតែមនុស្សដែលរហ័សរហួន និងច្បាស់ នៅក្នុងភូមិក៏ដោយ។
នៅឆ្នាំ១៩៧២ បន្ទាប់ពីរដ្ឋាភិបាលមិនព្រមសាងសង់ផ្លូវនោះ បុរសមួយក្រុមមានគ្នា ១៣ នាក់ ដែលដឹកនាំដោយមេភូមិ Shen Mingxin បានបង្ហាញស្នាដៃដ៏អស្ចារ្យមួយនេះ ដោយប្រើតែពន្លាក និងញញួរ ដើម្បីជីកផ្លូវប្រវែង ១២០០ ម៉ែត្រ កម្ពស់ ៥ ម៉ែត្រ និងទទឹង ៤ ម៉ែត្រ ហើយដំណើរការសាងសង់ទាំងមូល ត្រូវចំណាយពេល ៥ ឆ្នាំ។ ការសាងសង់ផ្លូវរូងក្រោមដី ក៏បានបង្ហាញពីភាពវៃឆ្លាត ការខិតខំប្រឹងប្រែង និងការតស៊ូរបស់មនុស្សតូចៗ ដែលត្រៀមខ្លួនរួចជាស្រេច ដើម្បីយកឈ្នះលើធម្មជាតិដ៏អស្ចារ្យ។
នៅពេលសាងសង់រួចរាល់ ផ្លូវរូងភ្នំនេះ គឺមានទំហំធំទូលាយល្មមសម្រាប់រថយន្តពីរគ្រឿង ជៀសគ្នាទៅវិញទៅមកដោយប្រុងប្រយ័ត្ន។ ទោះជាយ៉ាងណាក៏ដោយ កំហុសតូចមួយក៏អាចបង្កើតបញ្ហាធំផងដែរ ព្រោះថាផ្លូវនេះមានសភាពទ្រុឌទ្រោមខ្លាំង ហើយមានជម្រាលចុះក្នុងកន្លែងដែលមិនអាចទាយទុកជាមុនបាន ដោយសារមានចំណុចរអិល និងការបត់បែនជាច្រើន ដែលមិននឹកស្មានដល់។
ភាគច្រើននៃគ្រោះថ្នាក់នៅក្នុងផ្លូវរូងភ្នំនេះ គឺកើតឡើងជាចម្បងដោយសារតែការធ្វេសប្រហែសរបស់អ្នកបើកបរក្នុងពេលបើកបរ។ ផ្លូវនេះនឹងមិន «អត់ឱន» នូវកំហុសរបស់អ្នកបើកបរដែលមិនមានការប្រុងយ័ត្នខ្លាំងនោះទេ។
ផ្លូវរូងភ្នំ Guoliang ដែលត្រូវបានបើកឱ្យធ្វើចរាចរនៅថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៧៧ គឺជាកន្លែងទាក់ទាញទេសចរណ៍ ដែលធ្វើឱ្យភូមិមួយនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយក្នុងពេលជាមួយគ្នានេះ វាក៏នាំមកនូវប្រភពចំណូលយ៉ាងច្រើនផងដែរ។
ផ្លូវរូងភ្នំនេះ មានប្រហែល ៣០ បង្អួច ដែលមានទំហំខុសៗគ្នា។ វាជាផ្លូវដ៏ស្រស់ស្អាត និងជាគោលដៅសំខាន់មួយនៅលើផែនទីទេសចរណ៍ចិន។ លើសពីនេះ ផ្លូវរូងភ្នំ Guoliang ក៏ត្រូវបានគេប្រើជាទីតាំងថតភាពយន្តផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង











