Friday, March 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្លែកៗ និងចំណេះដឹង៖ មិនជឿ ក៏ត្រូវតែជឿ…ក្មេងប្រុសម្នាក់ច្រឡំដើរជាន់ពែ-តង្វាយសែន រហូតកើតហេតុការណ៍ប្លែកៗគួរឱ្យភ័យខ្លាច

អ្នកណាៗក៏ចូលចិត្តស្ដាប់រឿងរ៉ាវអាថ៌កំបាំង រឿងអព្ភូតហេតុដ៏គួរឱ្យភ័យខ្លាចដែរ ហើយតទៅនេះគឺ រឿងរ៉ាវដែលកើតឡើងនៅក្នុងប្រទេសសិង្ហបុរី កាលពីពេលថ្មីៗនេះ រហូតក្លាយជារឿងល្បីល្បាញនៅក្នុងបណ្ដាញសង្គម។

ក្មេងប្រុសវ័យ ១៥ឆ្នាំម្នាក់ រស់នៅក្នុងទីក្រុងម៉ា-ស៊ី-លីង នៃប្រទេសសិង្ហបុរី បានចែករំលែករឿងរ៉ាវដ៏គួរឱ្យព្រឺព្រួចរបស់គេនៅក្នុងបណ្ដាញសង្គម ដោយបានអះអាងថា គេបានជួបនឹងរឿងរ៉ាវដ៏គួរឱ្យភ័យខ្លាចជាច្រើន ក្រោយពីចៃដន្យ ច្រឡំទៅដើរជាន់ពែ ឬគ្រឿងតង្វាយសែនខ្មោច ដែលស្ថិតនៅលើចិញ្ចើមថ្នល់ នាថ្ងៃដំបូងនៃថ្ងៃសែនចិន កាលពីពេលកន្លងទៅថ្មីៗនេះ។

ក្មេងប្រុសរូបនោះរៀបរាប់ថា “រឿងគ្រប់យ៉ាង ចាប់ផ្ដើមឡើងនាពេលព្រលប់មួយ នៅពេលដែលខ្ញុំដើរចូលទៅក្នុងរង្វង់ទៀន ដែលគេអុចដោតជារង្វង់ និងមានកម្ទេចកម្ទីរបស់របរខ្ទាតរប៉ាត់រប៉ាយនៅជុំវិញទីនោះ និងមើលទៅដូចជាមានម្សៅពណ៌ក្រហមៗស្ថិតនៅក្នុងទីនោះផងដែរ”

“បន្ទាប់ពីនោះមក ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថា ដូចមានអ្វីម្យ៉ាង មកតោងជាប់ពីលើខ្លួនខ្ញុំ ខ្ញុំមានអារម្មណ៍ដូចក្រចកខ្លួនឯង កំពុងចាក់ចូលទៅក្នុងសាច់របស់ខ្ញុំ”

ក្មេងប្រុសបានរៀបរាប់បន្តទៀតថា គេព្យាយាមធ្វើជាមិនយកចិត្តទុកដាក់ជាមួយអ្វីដែលកំពុងកើតឡើងនេះឡើយ និងសម្រេចចិត្តដើរទៅរកមិត្តភក្តិ ហើយនៅពេលដែលគេកំពុងតែនៅជាមួយមិត្តភក្តិ សុខៗស្រាប់តែឃើញស្ត្រីសក់វែង ស្លៀកឈុតសម្នាក់ ជិះកង់កាត់មុខពួកគេទៅ ព្រមទាំងគ្រហឹមបទចម្រៀងប្លែកៗ និងបែរមកញញឹមដាក់ពួកគេទៀតផង។

“កែវភ្នែករបស់គាត់ មានពណ៌ខ្មៅក្រិប ហើយស្បែករបស់គាត់ ក៏មើលទៅស្លេកស្លាំងយ៉ាងខ្លាំង”

ក្មេងប្រុសបន្តទៀតថា “មិនយូរប៉ុន្មានបន្ទាប់ពីនោះមក យើងក៏បានឮសូរសំឡេងកណ្ដឹងបន្លឺឡើង ដំណាលគ្នានឹងសំឡេងអ្វីម្យ៉ាង លាន់ចេញមកពីខាងក្រោយខ្នង…ពេលយើងបែរទៅមើល ក៏បានឃើញស្រមោលខ្មៅស្ទុងៗមួយ”

ក្មេងបានរៀបរាប់ទៀតថា បន្ទាប់ពីនោះ គេ និងមិត្តភក្តិរបស់គេ ក៏ដើរទៅចូលហាងលក់នំ ម៉េកដូណាល់។ ពេលទាំង ២នាក់កុម្ម៉ង់អាហាររួចស្រេចហើយ ក៏ទទួលវិក្កយបត្រយកមកទុក។

“មិត្តភក្តិរបស់ខ្ញុំ បានដាក់ទូរស័ព្ទ និងកាបូបលុយសង្កត់ពីលើវិក្កយបត្រនៅលើតុ ដើម្បីកុំឱ្យអ្នកណាមកទាញយកទៅ តែសុខៗ ស្រាប់តែឃើញមានស្នាមម្រាមដៃបង្ហាញឡើងនៅលើក្រដាសវិក្កយបត្រនោះ វាមិនមែនជាស្នាមម្រាមដៃរបស់ពួកយើងទេ”

“យើងព្យាយាមសង្កេតមើលថា តើស្នាមម្រាមដៃទាំងនេះ វាកើតឡើងដោយសារតែពួកយើងធ្វើប៉ះដោយចៃដន្យដែរឬទេ? តែយើងមិនបានប៉ះវាសោះឡើយ”

“ទីបំផុត ពេលយើងដើរត្រឡប់ទៅផ្ទះវិញ ខ្ញុំសម្រេចចិត្តយកទូរស័ព្ទអៃហ្វូនរបស់ខ្ញុំ មកថតរូបពេលយប់នៅលើទីទួលដ៏ងងឹតនោះ រួចហើយយើងក៏មើលឃើញស្រមោលខ្មៅស្ទុងៗកំពុងដើរនៅលើទីនោះ…ខ្ញុំគិតថា ស្រមោលនោះច្បាស់ជាមនុស្សស្រី ដែលខ្ញុំឃើញជិះកង់កាត់មុខ កាលពីពេលមុនហ្នឹងអម្បាញ់មិញប្រាកដណាស់”

រឿងរ៉ាវទាំងអស់ក៏ចប់ត្រឹមតែប៉ុនហ្នឹង ដោយវាត្រូវបានបង្ហាញ និងចែករំលែកនៅលើបណ្ដាញសង្គមអ៊ីនស្តាក្រាមដែលមានឈ្មោះថា @sgfollowsall ដែលមានអ្នកតាមដានមើលជាង ១សែននាក់ ដោយបានបញ្ជាក់ថា នេះគឺជារឿងរ៉ាវរបស់អ្នកនៅក្នុងគ្រុបម្នាក់ ដែលបានមករៀបរាប់ប្រាប់ពីហេតុការណ៍ប្លែកៗគួរឱ្យព្រឺខ្លាចនេះចែកគ្នាស្ដាប់។

សម្រាប់ថ្ងៃបុណ្យសែនចិន អ្នកជាប់សែស្រឡាយចិន គេរាប់ថាជាថ្ងៃដែលកូនចៅជនជាតិចិនទាំងឡាយ ត្រូវសម្ដែងភាពកតញ្ញូចំពោះបុព្វបុរសតាមរយៈពិធីសែនព្រេន និងរាប់ថា ជាថ្ងៃដែលទ្វារស្ថាននរក បើកឱ្យវិញ្ញាណខ្មោចព្រាយទាំងឡាយ ចេញមកទទួលយកកុសលផលបុណ្យ ដែលបងប្អូនកូនចៅបានសែនជូន ដូច្នេះហើយទើបធ្វើឱ្យការដើរទៅជាន់គ្រឿងពែតង្វាយរបស់ក្មេងប្រុសខាងលើ មានភាពស៊ីចង្វាក់ និងចំពេលដែលវិញ្ញាណទាំងឡាយកំពុងសេពសោយតង្វាយសំណែននៅក្នុងពិធីបុណ្យនេះ និងធ្វើឱ្យវិញ្ញាណទាំងនោះមិនសប្បាយចិត្ត ហើយតាមរករឿងព្រមានក្មេងប្រុសម្នាក់នោះរហូត៕

×