Friday, March 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្លែកៗ និងចំណេះដឹង៖ អេះ! ម៉េចអ៊ីចេះ?! លុតជង្គង់សុំសង្សាររៀបការ មានទាំងចិញ្ចៀនពេជ្រ ឡានទំនើប តែបែជាត្រូវគេជេរពេញបណ្ដាញសង្គម

កំលោះជនជាតិម៉ាឡេស៊ីម្នាក់ លុតជង្គង់សុំសង្សាររៀបការ មានទាំងចិញ្ចៀនពេជ្រ និងឡានស្ព័រ ផចឆេ បរិយាកាសកំពូលរ៉ូមែនទិក តែបែរជាត្រូវអ្នកលេងបណ្ដាញសង្គមជេរឡើងទ្រោមខ្លួន។

កាលពីអំឡុងថ្ងៃនៃសេចក្ដីស្រឡាញ់ ១៤កុម្ភៈកន្លងទៅ ការលុតជង្គង់សុំរៀបការរបស់គូស្នេហ៍ ១គូ បានក្លាយរឿងល្បីល្បាញនៅក្នុងបណ្ដាញសង្គមក្នុងប្រទេសម៉ាឡេស៊ី ព្រោះក្រៅពីភាពផ្អែមល្ហែមរបស់អ្នកទាំង២ហើយ អ្វីដែលធ្វើឱ្យអ្នកលេងបណ្ដាញសង្គមភ្ញាក់ផ្អើលគឺ ឡានស្ព័រម៉ាកផចឆេ ពណ៌ខ្មៅដ៏ទំនើប ១គ្រឿង។

នៅក្នុងពិភពបណ្ដាញសង្គម មានការចែករំលែករូបភាពបរិយាកាសការលុតជង្គង់សុំរៀបការដ៏សែនរ៉ូមែនទិក ដែលកើតឡើងនៅក្នុងរដ្ឋ យ៉ៈហូ ដោយទីតាំងនោះ ត្រូវបានតុបតែងលម្អដោយប៉ោងៗចម្រុះពណ៌ និងផ្កាស្រស់ស្អាតជាច្រើន មុននឹងភាគីខាងប្រុសលុតជង្គង់ចុះ រួចលូកយកចិញ្ចៀនពេជ្រចេញពីហោប៉ៅខោ មកជូនខាងស្រី ដើម្បីសុំរៀបការ។

ចំណែកខាងស្រី ក៏ឆ្លើយយល់ព្រមចំពោះការសុំរៀបការនេះ មុននឹងទាំង ២នាក់ ឱបថើបគ្នាយ៉ាងផ្អែមត្រជាក់ ដោយមានជាងថតដែលខាងប្រុសជួលមក នៅតាមថតផ្ដិតយកទិដ្ឋភាពនៃបរិយាកាសទាំងអស់នោះ ព្រមទាំងបណ្ដាមិត្តសម្លាញ់ដែលនាំគ្នាមកសម្ដែងក្ដីត្រេកអរក្នុងគ្រានេះដែរ។

តែអ្វីដែលមនុស្សម្នាទាំងឡាយផ្ដល់ការចាប់អារម្មណ៍នោះ គឺមិនមែនភាពរ៉ូមែនទិករបស់ហេតុការណ៍នោះទេ តែជារថយន្តស្ព័រ ម៉ាកផចឆេ ដែលស្ថិតនៅក្នុងទូកញ្ចក់លើរថយន្តធំ ១គ្រឿង ដែលមានសំណេរជាអក្សរថា “សរសេរកំណាព្យដើម្បីអូន តស៊ូពុះពារដើម្បីអូន ធ្វើអ្វីដែលមិនអាចទៅរួចឱ្យកើតឡើងបាន ដើម្បីអូន”។

យ៉ាងណាក៏ដោយ ហេតុការណ៍នោះ បានក្លាយជារឿងដែលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គមជនជាតិម៉ាឡេស៊ី ព្រោះមួយចំនួនមើលឃើញថា ភាគីខាងប្រុស កំពុងបង្កើតស្តង់ដាបណ្ណាការ ក្នុងការសុំខាងស្រីរៀបការឱ្យកាន់តែខ្ពស់ឡើងហើយ និងអ្វីដែលគេកំពុងធ្វើនោះ មើលទៅវាហាក់ដូចជាខ្ជះខ្ជាយខ្លាំងណាស់។

ព្រមទាំងរិះគន់ខាងស្រីក្នុងន័យអវិជ្ជមានទៀតថា “មើលឃើញតែលុយ” “ធ្វើអ៊ីចឹង វាបំផ្លាញទំនៀមទម្លាប់ពេកទេដឹង? អ៊ីចឹងមនុស្សប្រុសណាដែលមិនអាចទិញឡានទំនើបបាន នឹងមិនអាចសុំមនុស្សស្រីរៀបការបានទេ មែនទេ?” និង “តើនាងប្រុងរៀបការជាមួយមនុស្ស ឬជាមួយឡានទំនើប?”។

តែយ៉ាងណាក៏ដោយ តាមរយៈពាក្យជូនពររបស់បណ្ដាមិត្តភក្តិរបស់គូស្នេហ៍១គូនេះ ធ្វើឱ្យគេដឹងថា ទាំង ២នាក់នោះ ស្រឡាញ់គ្នា ៧ឆ្នាំមកហើយ ហើយពួកគេបានខំប្រឹងធ្វើការបង្កើតអាជីពរកស៊ីរួមគ្នា យ៉ាងឧស្សាហ៍ព្យាយាម ទម្រាំនឹងឈានដល់ភាពជោគជ័យក្នុងថ្ងៃនេះ៕

×