ចំនួនអ្នកស្លាប់ដោយគ្រោះរញ្ជួយដីនៅទួគី បានឈានដល់ ៤៦,០០០ នាក់ ហើយចំនួននេះត្រូវបានគេរំពឹងថាប្រហែលជានឹងបន្តកើនឡើងទៀត ខណៈប្រតិបត្តិការជួយសង្គ្រោះនៅតែកំពុងដំណើរការរុករក និងជួយសង្គ្រោះជនរងគ្រោះ ដែលជាប់គាំងនៅក្នុងគំនរអគារបាក់បែក។
ចំនួនអ្នកស្លាប់នេះ គឺសម្រាប់តែមនុស្សប៉ុណ្ណោះ ហើយគេប្រាកដថាសត្វចិញ្ចឹមជាច្រើនទៀត ក៏ត្រូវបានរងគ្រោះនៅក្នុងគ្រោះមហន្តរាយនេះផងដែរ។
ជាក់ស្តែង ថ្មីៗនេះ អ្នកពន្លត់អគ្គីភ័យទួរគីម្នាក់ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកលេងអ៊ីនធើរណែត សម្រាប់ការជួយសង្គ្រោះសត្វឆ្មាមួយក្បាល ដែលជាប់នៅក្រោមគំនរបាក់បែករញ្ជួយដី។ ហើយអ្វីដែលមិននឹកស្មានដល់នោះ គឺសត្វឆ្មាដែលត្រូវបានជួយសង្គ្រោះនេះ បដិសេធចាកចេញពីគាត់ឡើយ។
នៅក្នុងវីដេអូ ដែលត្រូវបានបង្ហោះដោយមន្ត្រីអ៊ុយក្រែន ឈ្មោះលោក Anton Gerashchenko នៅលើ Twitter បានបង្ហាញបុរសអ្នកសង្គ្រោះម្នាក់ពាក់មួកសុវត្ថិភាពជិះកង់ និងវ៉ែនតា ខណៈឆ្មាសម្បុរខ្មៅ និងស១ក្បាល អង្គុយនៅលើស្មារបស់គាត់ ដោយក្តីគោរពស្រលាញ់យ៉ាងខ្លាំង។
វីដេអូនេះមានអ្នកចូលមើលជាង ១០ លានដង។ គេនិយាយថា ឆ្មាមួយក្បាលនេះជាប់គាំងក្នុងគំនរបាក់បែក ក្នុងរយៈពេល ១០ ថ្ងៃ មុនពេលអ្នកពន្លត់អគ្គីភ័យបានជួយសង្គ្រោះវា។ ហើយចាប់តាំងបន្ទាប់ពីពេលនោះមក ឆ្មានេះមិនបានចាកចេញពីអ្នកជួយសង្គ្រោះជីវិតវាទេ, នេះបើតាម ABC7 រាយការណ៍។
អ្នកពន្លត់អគ្គីភ័យរូបនោះ ដែលមានឈ្មោះថា Ali Cakas ក៏ត្រូវបានដឹងថា គឺជាគ្រូបង្វឹកសម្រាប់ក្រុមជិះកង់ឡើងភ្នំជាតិទួរគីផងដែរ។ ដោយសារតែសត្វឆ្មានោះ តាមស្អិតនឹងគាត់ជាប់ជានិច្ច Ali ក៏បានសម្រេចចិត្តយកវាមកផ្ទះជាមួយគាត់តែម្តងទៅ។
តាមរយៈការបង្ហោះនៅលើ Instagram របស់គាត់ ក៏អាចឃើញថា រវាង Ali និងសត្វឆ្មាដ៏គួរឲ្យស្រលាញ់នេះ មិនអាចបំបែកចេញពីគ្នាបានទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



A cat was saved from under the rubble in Turkey. It now refuses to leave its rescuer's side. pic.twitter.com/Nveaxu3QrG
— Anton Gerashchenko (@Gerashchenko_en) February 16, 2023