ករណីប្រជាពលរដ្ឋច្រើនគ្រួសារ រងទឹកភ្នែក ដោយសារចាញ់បោកក្រុមហ៊ុនដីឡូត៍ «អាណាចក្រ ហេរ៉ូមែន» រកស៊ីធ្វើនំអត់ម្សៅ មានមូលដ្ឋាននៅភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ដោយចុងក្រោយបន្យល់ទុក «ដីខ្យល់» ពោលគឺក្រោយអតិថិជនបង់លុយឲ្យ ខ្លះបានពាក់កណ្តាល ខ្លះទៀតបានជិតគ្រប់ និងខ្លះទៀតបង់ផ្តាច់រួចរាល់ ព្រោះតែចង់បានប្លង់ស្របច្បាប់ ដែលទើបបង្កការភ្ញាក់ផ្អើលកាលពីប៉ុន្មានថ្ងៃមុន ឥឡូវនេះ ឈានចូលករណីបោកប្រាស់ថ្មីមួយទៀតហើយ។
នេះបើតាមអ្នកអតិថិជនម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Khan Khonnara បង្ហោះដាក់ទំនាយបុរី VIP កំពង់សោម ដោយភ្ជាប់សាររៀបរាប់ក្តៅក្រហាយថា «ការិយាល័យរបស់បុរី VIP ដាក់ជាផ្ទះជួលហើយ តើបុរី VIP មានគំនិតបែបណាមកលើអតិថិជន បើផ្ទះមិនធ្វើ គិតតែរកលេស បោកប្រាស់ អតិថិជនជនមិនឈប់ឈរបែបនេះ ជាចុងក្រោយក្នុងនាមខ្ញុំជាអតិថិជនដែលបានទិញបុរី VIP កំពង់សោមម្នាក់ ដែលមិនទទួលបានផ្ទះ សូមដាក់ទំនាយអ្នកដែលយកលុយញើសឈាមខ្ញុំស៊ីចាយសប្បាយ សូមរស់ដូចស្លាប់ទាំងរស់»។
ជាក់ស្តែង តាមរយៈវីដេអូ នៅពេលនេះ ឃើញថាមានប្រជាពរដ្ឋយ៉ាងច្រើន មានទាំងអ្នកមានធូរធារ និងអ្នកក្រខំប្រឹងរកស៊ីឡាក់ៗ ដើម្បីបង់រំលោះផ្ទះបុរី បានកំពុងប្រមូលផ្តុំគ្នានៅការិល័យលក់ នៃបុរី VIP កំពង់សោម ឡើងព្រោងព្រាត ដែលពេលនេះ បានប្តូរដាក់ផ្លាក «ផ្ទះជួល» ហើយ ដើម្បីធ្វើការតវ៉ាសូមឲ្យថៅកែបុរីនេះ ដែលគេស្គាល់មានឈ្មោះលោក ហម រ៉ន និងលោក វ៉ន វណ្ណ: ចេញមកដោះស្រាយសាងសង់ផ្ទះ និងប្រគល់ប្លង់ដី ជូនដល់ពួកគាត់ ដែលបានបង់ផ្តាច់អស់យូរឆ្នាំមកហើយ។
បើតាមស្រ្តីជាអតិថិជនម្នាក់ បានប្រាប់ឲ្យដឹងថា អ្នកខ្លះបានបង់ផ្តាច់អស់ហើយ តែឥឡូវនេះ អត់មានផ្ទះទេ ដោយថៅកែបុរីខាងលើនេះ រកលេសដោះសាររហូត ដោយមិនចេញមុខដោះស្រាយជូនអតិថិជនទេ។ គាត់បន្តថា កាលពីអំឡុង Covid បង្ខំទាមទារឲ្យបង់ តែឥឡូវនេះ គ្មានផ្ទះដីសស្ញាចតែម្តង ខណៈផ្ទះដែលធ្វើរួចហើយបន្តិចបន្តួចក៏មិនចេញប្លង់ឲ្យដែរ។
គាត់ក៏បានបញ្ចេញឲ្យដឹងថា គាត់បានបង់ឲ្យបុរី VIP នេះ អស់ជាងពាក់កណ្តាល ៣,៨០០០ ដុល្លារ (សម្រាប់ផ្ទះ១ជាង ៦ម៉ឺន$) និងអ្នកខ្លះទៀត ក៏អស់រហូតជិត ១០ ម៉ឺនដុល្លារ ផងដែរ។
ទាក់ទងករណីលក់ដីឡូត៍ ឬផ្ទះបុរី ចាប់ផ្តើមបោកប្រាស់បន្តបន្ទាប់គ្នាដ៏មិននឹកស្មាននេះ ពលរដ្ឋម្នាក់បានលើកឡើង ជាការដាស់តឿនឲ្យដឹងថា «ល្បិចបោកប្រាស់ មានក្បួនយុទ្ធសាស្ត្រគេរៀន ឯយើងជាពលរដ្ឋរង់ចាំតែរងគ្រោះ ព្រោះគេរកស៊ីមានអ្នករ៉ាប់រងនៅពីក្រោយខ្នង។ ពេលមានអាសន្ន រត់ទៅប្តឹង (មន្ត្រីអាជ្ញាធរខ្ញុំអត់ដឹងអីហង!..) ឆ្លើយមកយ៉ាងសុភាព ដូច្នេះហើយប្រិយមិត្តគ្រប់រូប ទិញដូរអ្វីក៏ដោយ មិនត្រូវជឿតាមប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញសង្គមទេ (ដោយល្បិចបោកសម័យនេះសាហាវណាស់) មនុស្សស៊ីលើមនុស្ស!»។ រីឯអ្នកខ្លះទៀត ក៏បានលើកឡើងទាំងហួសចិត្តថា «ម៉េច មិនចាំពេលឃើញផ្ទះ ចាំបង់លុយយកតែម្តងទៅ វាមិនដែលមិនទាន់ធ្វើផ្ទះផងបង់លុយឲ្យទេ ម៉េចក៏មិនយកការគិតផង, នេះជាល្បិចធ្វើនំអត់ម្សៅ បោកទ្រង់ទ្រាយធំ……ទន្សោងគោព្រៃ…ស៊ីតូចដោយតូច ស៊ីធំដោយធំ……ស៊ីក្បែរជើងភ្នំ ផឹកទឹកដងអូរ……ចង់ចំណេញ…ដាច់ចំណង……»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









