ថ្មីៗនេះ គេហទំព័រ CTWANT បានរាយការណ៍ពីហេតុការណ៍នៃឃ្លីបមួយ ធ្វើឲ្យអ្នកនិយមលេងអ៊ីនធើរណែត បុកពោះអស់ព្រលឹងព្រលះពីខ្លួន ខណៈបានឃើញសត្វខ្លាមួយក្បាល ស្រាប់តែបង្ហាញខ្លួនក្បែរគ្រែស្រ្តីម្នាក់ ទាំងព្រឹកព្រលឹមបែបនេះ។
តែអ្វីដែលមិននឹកស្មានដល់នោះ គឺផ្ទុយពីការភ័យខ្លាច និងរកវិធីគេចខ្លួន ស្រ្តីនោះស្រាប់តែយកដៃរបស់នាង ទៅរុញក្បាលខ្លា ក្នុងលក្ខណៈបង្ហាញភាពស្និទ្ធស្នាលប្រៀបដូចកូនអ៊ីចឹង មុនពេលបង្ខំវាឲ្យចាកចេញមិនឲ្យឡើងគ្រែ។
ទោះជាយ៉ាងណា ក្រោយមក ទើបគេដឹងថា ស្រ្តីនោះជាអ្នកមើលថែចិញ្ចឹមសត្វខ្លា នៅក្នុងសួនសត្វ Puyang ក្នុងទីក្រុង Henan ប្រទេសចិន។ ហេតុការណ៍នេះផងដែរ បានកើតឡើងកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈពេលដែលស្រ្តីអ្នកមើលថែនោះកំពុងដេកលក់ ស្រាប់តែកូនខ្លាដែលទើបមានអាយុ ៦ ខែ បានដើរចូលក្នុងបន្ទប់របស់នាង ហើយដើរយឺតៗចូលទៅក្បែរគ្រែរបស់នាងនៅពេលព្រឹកព្រលឹម។
តាមរយៈវីដេអូ បានបង្ហាញកូនខ្លាដ៏គួរឲ្យស្រលាញ់នោះ ព្យាយាមឡើងគ្រែ ប៉ុន្តែ បន្ទាប់មក ក៏បានឃើញស្រ្តីជាអ្នកមើលថែ យកដៃទៅរុញក និងក្បាលរបស់វាជាច្រើនដង ជាមួយការនិយាយជាភាសាដេញ ឲ្យកូនខ្លានោះវិលត្រឡប់ទៅកាន់កន្លែងវាវិញ។
ក្រោយពីបានឃើញវីដេអូឃ្លីបនេះ អ្នកនិយមលេងអ៊ីនធឺណិត បានបញ្ចេញមតិបង្ហាញអារម្មណ៍ស្រឡាញ់ចូលចិត្តផ្សេងៗគ្នាថា៖ «គួរឱ្យស្រលាញ់ជាងឆ្មារបស់ខ្ញុំទៀត, ខ្លានិងអ្នកមើលថែ គួរអោយស្រលាញ់ណាស់, ម៉េចមិនព្រមឲ្យគ្នាឡើងគ្រែផងដែរទៅ គួរឲ្យស្រលាញ់ម្ល៉េះទេ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







