Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លើកកម្ពស់​ការយល់ដឹង យន្តការ​សវនកម្ម ក្រោយពេល​បញ្ចេញ​ពី​គយ​

​​ភ្នំពេញ ​៖ ​ការលើកកម្ពស់​ការយល់ដឹង​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន ក្នុង​រដ្ឋបាល​គយ និង​សហគមន៍​ធុរកិច្ច​ក្នុង​ក្របខ័ណ្ឌ នៃ​ការអនុវត្ត​កម្មវិធី​យុទ្ធសាស្ត្រ​កំណែទម្រង់ និង​ទំនើបកម្ម​គយ​រយៈពេល​មធ្យម ២០១៤-២០១៨ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​រៀបចំ​បើក​សិក្ខាសាលា លើកកម្ពស់​ការយល់ដឹង ស្តី​ពី​យន្តការ​សវនកម្ម ក្រោយពេល​បញ្ចេញ​ពី​គយ (PCA) នៅ​ភ្នំពេញ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ ។​

​ក្នុង​ពិធី​បើក​អង្គសិក្ខាសាលា លោក នួន ច័ន្ទរិ​ទ្ធ បាន​ថ្លែង​គូសបញ្ជាក់​ពី​វឌ្ឍនភាព និង​ទស្សនទាន នៃ​ការអនុវត្ត​គោលនយោបាយ នៃ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​តាមរយៈ ការគ្រប់គ្រង​ហានិភ័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​ផ្អែក​លើ​មូលដ្ឋាន​សំខាន់​មួយចំនួន មាន​ជាអាទិ៍ ការធ្វើ​ស្វ័យប្រវត្តិកម្ម​គយ ការលើកទឹកចិត្ត​ដល់​ធុរជន​ដែលមាន​អនុលោមភាព​ខ្ពស់ ការកាត់បន្ថយ​ការយឺតយ៉ាវ​ក្នុងការ​បំពេញបែបបទ​គយ និង​ការកាត់បន្ថយ​របាំង​ពន្ធ និង​មិនមែន​ពន្ធ​នានា​ឲ្យអស់​លទ្ធភាព​។​

លោក​បាន​បញ្ជាក់ថា ការលើកកម្ពស់​ការយល់ដឹង​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន ក្នុង​រដ្ឋបាល​គយ និង​សហគមន៍​ធុរកិច្ច​ក្នុង​ក្របខ័ណ្ឌ នៃ​ការអនុវត្ត​កម្មវិធី​យុទ្ធសាស្ត្រ​កំណែទម្រង់ និង​ទំនើបកម្ម​គយ​រយៈពេល​មធ្យម ២០១៤-២០១៨ បាន​ផ្ដល់​ផ្លែផ្កា​ជា​បន្តបន្ទាប់​លើ​កិច្ចការ​គយ ដូចជា ការងារ​កំណត់​តម្លៃ​គិត​ពន្ធគយ ការងារ​គ្រប់គ្រង​ហានិភ័យ​គយ និង​ការងារ​សវនកម្ម​ក្រោយពេល​បញ្ចេញ​ទំនិញ​ពី​គយ​។ វឌ្ឍនភាព​ទាំងនេះ កំពុង​ក្លាយជា​មូលដ្ឋានគ្រឹះ ក្នុង​ការចូលរួមចំណែក លើកកម្ពស់​អនុលោមភាព​ច្បាប់ ជាពិសេស​វប្បធម៌​ពន្ធដារ​ក្នុង​សង្គម​កម្ពុជា ដើម្បី​ធានា​បរិស្ថាន​ធុរកិច្ច​សមធម៌​មួយ ដែល​ជា​ផ្នែក​មិន​អាច​ខ្វះ​បាន​ក្នុង​ការអនុវត្ត​កំណែទម្រង់​ស៊ីជម្រៅ នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​នឹង​ការលើកកម្ពស់​ប្រសិទ្ធភាព នៃ​ការទាក់ទាញ​វិនិយោគ និង​សមត្ថភាព​ប្រកួតប្រជែង​ធុរកិច្ច​នៅ​កម្ពុជា​។ ការកាត់បន្ថយ​នីតិវិធី​ត្រួតពិនិត្យ​នា​មាត់​ច្រក​ព្រំដែន មក​បំពេញ​បន្ថែម​តាមរយៈ​យន្តការ សវនកម្ម​ក្រោយពេល​បញ្ចេញ​ទំនិញ​ពី​គយ អាច​សម្រេចបាន​នូវ​គោលបំណង​ពីរ​ព្រម​គ្នា ក្នុង​ការរក្សា​តុល្យភាព រវាង​ការផ្តល់​នូវ​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ការធានា​បាន​នូវ​អនុលោមភាព​ច្បាប់​។​

​លោក នួន ច័ន្ទរិ​ទ្ធ បាន​គូសបញ្ជាក់ថា ស្ថិតក្រោម​ប្រព័ន្ធ​សវនកម្ម​គយ​នេះ រដ្ឋបាល​គយ​មាន​សិទ្ធិអំណាច ក្នុង​ការត្រួតពិនិត្យ​បញ្ជីស្នាម​គណនេយ្យ របាយការណ៍​ហិរញ្ញវត្ថុ និង​កំណត់ត្រា​ផ្សេងៗ​ពាក់ព័ន្ធ នឹង​ពាណិជ្ជកម្ម​របស់​ធុរជន អនុលោម​តាម​បទ​ប្បញ្ញត្តិ​ជា​ធរមាន​។ ទន្ទឹមនេះ ធុរជន​នានា មាន​កាតព្វកិច្ច​រក្សា​ឯកសារ​ពាក់ព័ន្ធ​នឹង​ការនាំចេញ​-​នាំចូល របស់​ខ្លួន​រយៈពេល ១០​ឆ្នាំ សម្រាប់​បង្ហាញ និង​ផ្តល់​ជូន​មន្ដ្រី​សវន​ករគ​យ​ពិនិត្យ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

    

×