ជាការពិតណាស់ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋជាពុទ្ធបរិស័ទ ស្ទើរតែលែងចង់ដាក់បាត្រ ចំពោះព្រះសង្ឃត្រឹមត្រូវ ព្រោះតែអស់ជំនឿ ខ្លាចប៉ះចំលោកសង្ឃក្លែងក្លាយបែបនេះ ដែលបាននិងកំពុងយកព្រះពុទ្ធសាសនា ដើម្បីធ្វើជាមុខរបររកស៊ី ដោយមិនខ្លាចបាបនរគសោះឡើយ។
ជាក់ស្តែង នៅលើបណ្តាញសង្គម នាពេលថ្មីៗនេះ បានកំពុងផ្ទុះការភ្ញាក់ផ្អើល និងហួសចិត្តខ្លាំងទៀតហើយ ខណៈបានឃើញវីដេអូត្រូវបានចែករំលែកនៅលើ TikTok បានបង្ហាញពីទិដ្ឋភាពចាប់បានលោកក្លែងក្លាយវ័យៗក្មេង មិនចេះតិចនាក់នោះទេ បន្ទាប់ពីបានបន្លំខ្លួនចូលក្នុងកម្មពិធីរាប់បាត្រជាមួយព្រះសង្ឃ ៥០០ អង្គ។
នេះបើយោងតាមម្ចាស់វីដេអូដែលមានគណនី TikTok ឈ្មោះថា ahleab បានបញ្ជាក់ប្រាប់ឲ្យដឹងថា «លោកក្លែងក្លាយចំនួន ៩ នាក់ បន្លំខ្លួនចូលកម្មវិធីរាប់បាត្រ ក្នុងចំណោម ៥០០ អង្គ នៅវត្តទួលពង្រ ក្រុងប៉ោយប៉ែត»។
ក្រោយពីបានឃើញហួសចិត្តខ្លាំងពេក មហាជនជាប្រជាពលរដ្ឋជាពុទ្ធបរិស័ទ បានលើកជាសំណើរថា «ចាប់ផ្សឹកចឹងអត់ន័យទេ ចេញផុតតែពីហ្នឹងពួកគាត់ធ្វើដដែល, អ្នកក្លែងបន្លំធ្វើសង្ឃ គួរតែមានច្បាប់ដាក់ទោស ២ ទៅ ៥ឆ្នាំ ដើម្បីឲ្យរាងចាល កុំឲ្យជនដទៃយកតម្រាប់តាម»។ រីឯអ្នកខ្លះទៀត បានសម្តែងការហួសចិត្តថា «កម្លាំងមាំមួន អត់រកការងារធ្វើ សុខចិត្តធ្វើចឹង, ព្រះពុទ្ធសាសនារលាយមុនព្រះវស្សា មិនដោយសាសនាផ្សេងទេ តែដោយសារបុព្វជិតអស់ហ្នឹងហើយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









